ក្នុងចំណោមប្រទេសដែលដំណើរការ 5G កូរ៉េខាងត្បូងវ៉ាដាច់គេ លើល្បឿនទាញទិន្នន័យ (Download Speed) នៃប្រព័ន្ធ 5G

សេអ៊ូល៖ កូរ៉េខាងត្បូងជាប្រទេសដែលមានសេវាកម្មប្រព័ន្ធទូរស័ព្ធ 5G ដែលមានល្បឿនទាញយកទិន្នន័យ (Download) លឿនជាងគេបង្អស់លើពិភពលោក នេះបើតាមទិន្នន័យដែលបានបង្ហាញដោយ Open Signal និងរាយការណ៍ដោយសារព័ត៌មាន Yonhap News។

តាមទិន្នន័យនៃល្បឿនទាញយកទិន្នន័យ (Download)របស់សេវាកម្ម 5G ទូទាំងសាកលលោក ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថា្នក់ល្អជាងគេដែលមានល្បឿនទាញយកទិន្នន័យ (Download) តាមប្រព័ន្ធ 5G លឿនខ្លាំងដល់ទៅ៣៥១​.២ មេហ្គាប៉ៃ/វិនាទី (Mbps) ដែលលឿនជាងល្បឿន 5G នៃប្រទេសសាអ៊ូឌីអារ៉ាប៊ី ដែលមានត្រឹម២៧៨.៨ មេហ្គាប៉ៃ/វិនាទី (Mbps) និងបន្ទាប់ដោយតៃវ៉ាន់ ដែលមានល្បឿន ២៤៧.៧ មេហ្គាប៉ៃ/វិនាទី (Mbps) និងតាមបន្តបន្ទាប់ដោយអូស្រ្តាលី គូវ៉ែត កាណាដា អេស្បា៉ញ ថៃ ស្វីស ហុងកុង ចក្រភពអង់គ្លេស អ៊ីតាលី ហូឡង់ អាលឺម៉ង់ និងសហរដ្ឋអាម៉េរិក។

កាលពីឆ្នាំ ២០១៩ ខែមេសាកន្លងទៅ កូរ៉េខាងត្បូងបានក្លាយជាប្រទេសដំបូងគេបង្អស់ដែលបានចាប់ផ្តើមដាក់ឱ្យដំណើរការប្រព័ន្ធសេវាកម្ម 5G ជាទូទៅ ហើយដែលរយៈពេលប៉ុន្មានខែមកដល់បច្ចុប្បន្ននេះ កូរ៉េខាងត្បូងមានអ្នកប្រើប្រាស់ប្រព័ន្ធសេវាកម្ម 5G ដល់ទៅ១០លាននាក់ហើយ គិតត្រឹមចុងខែតុលា ២០២០នេះ ដែលមានដល់ទៅ១៤%នៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទក្នុងប្រទេសកូរ៉េខាងត្បូង។

ទោះជាយ៉ាងណា ប្រព័ន្ធសេវាកម្ម 5G របស់កូរ៉េខាងត្បូងមិនទាន់ត្រូវបានអភិវឌ្ឍបន្ថែមដែលអាចដំណើរការដាច់ដោយឯង ដោយមិនចាំបាច់មានភ្ជាប់ទៅនឹងប្រព័ន្ធសេវាកម្ម 4G LTE នោះទេ។ ក្រុមហ៊ុនទូរគមនាគមន៍ធំៗបីរបស់កូរ៉េខាងត្បូង គ្រោងនឹងចំណាយគម្រោងថវិកាដល់ទៅ២៥.៧ទ្រីលានវ៉ុន (២៣.៣ ប៊ីលានដុល្លារ) ត្រឹមឆ្នាំ២០២២ខាងមុខ ដើម្បីធ្វើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ចាំបាច់នានា ដើម្បីអាចបង្កើនវិសាលភាពប្រព័ន្ធសេវាកម្ម 5G ទូទាំងប្រទេសកូរ៉េខាងត្បូងទាំងមូល។

Leave a Reply

Your email address will not be published. Required fields are marked *