សេអ៊ូល៖ ការជួបជុំដែលមានមនុស្សចាប់ពី៥នាក់ទៅត្រូវបានហាមឃាត់ហើយ សម្រាប់ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនធំៗជុំវិញសេអ៊ូល ជាវិធានការថ្មីដាក់ចេញដោយរដ្ឋាភិបាលកូរ៉េឆ្លើយតបទៅនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
ក្នុងវិធានការថ្មីចុងក្រោយគេបង្អស់នេះ ការហាមឃាត់ការជួបជុំដែលមានគ្នាពី៥នាក់ឡើងទៅ ទោះបីជានៅខាងក្រៅអាគារ ទីសាធារណៈ ឬនៅក្នុងអាគារក៏ដោយនឹងត្រូវហាមឃាត់អនុវត្តពីព្រឹកថ្ងៃពុធទី២៣ ខែធ្នូ ឆ្នាំ២០២០នេះទៅ និងបន្តរហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ខាងមុខ។ វិធានការហាមឃាត់ការជួបជុំនេះត្រូវអនុវត្តនៅទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់។
បើតាមការលើកឡើងរបស់មន្ត្រីជំនាញ ការហាមឃាត់ការជួបជុំគ្នាលើសពី៥នាក់នេះ មានភាពតឹងរ៉ឹងជាងការហាមឃាត់ដែលបានកំណត់ក្នុងវិធានការគម្លាតសង្គមកម្រិត៣ ដែលជាកម្រិតខ្ពស់ជាងគេទៅទៀត ដែលយោងទៅតាមគោលការណ៍វិធានការគម្លាតសង្គមកម្រិត ការជួបជុំគ្នាលើសពី១០នាក់ឡើងទៅទើបត្រូវបានហាមឃាត់។ ខណៈដែលបច្ចុប្បន្នទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ស្ថិតនៅក្នុងវិធានការគម្លាតសង្គមកម្រិត២.៥នៅឡើយ ដែលការជួបជុំដែលលើសពី៥០នាក់ទៅ ទើបត្រូវបានហាមឃាត់។
យ៉ាងណាមិញ តាមការបញ្ជាក់របស់អជ្ញាធរ ការដាក់ចេញវិធានការពិសេសដាច់ដោយឡែកនេះ ជាការត្រៀមសម្រាប់ការខិតជិតមកដល់នៃរដូវកាលបុណ្យឆ្លងឆ្នាំ និងបុណ្យគ្រីស្តម៉ាស ដែលពលរដ្ឋកូរ៉េគ្រោងនឹងធ្វើការជួបជុំនៅទូទាំងប្រទេស ក្នុងខណៈពេលដែលករណីកូវីដថ្មីៗចុងក្រោយនេះ បន្តកើនឡើងគួរឱ្យព្រួយបារម្ភបំផុតនោះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ករណីកូវីដ-១៩ដែលឆ្លងថ្មីមានដល់ទៅលើសពាន់ករណី ៥ថ្ងៃជាប់គ្នាហើយតាំងពីថ្ងៃពុធសប្តាហ៍មុនដល់ថ្ងៃអាទិត្យម្សិលមិញ ដែលក្នុងនោះ៧០ភាគរយនៃករណីឆ្លងគឺចេញពីតំបន់សេអ៊ូលនេះតែម្តង ប៉ុន្តែបានថយចុះបន្តិចមកវិញនៅថ្ងៃចន្ទនេះ ដោយមានករណីឆ្លងកូវីដ-១៩ថ្មីត្រឹមតែ៩២៥ករណីប៉ុណ្ណោះ តែបើតាមការបញ្ជាក់របស់អជ្ញាធរ ការធ្លាក់ចុះនៃករណីឆ្លងនេះ អាចបណ្តាលមកពីការថយចុះការធ្វើតេស្តពីចុងសប្តាហ៍ដែលអាចជាថ្ងៃសម្រាកផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ ករណីឆ្លងកូវីដនៅសេអ៊ូលកើនដល់៤៧៣ ជាករណីឆ្លងប្រចាំថ្ងៃច្រើនជាងគេថ្មីបង្អស់។