ផលិតផលមីកញ្ចប់កូរ៉េនាំចេញទៅក្រៅ ១១ ខែឆ្នាំ២០២០នេះ កើនឡើងដល់២៨% ក្នុងបរិបទនៃការវាយលុកពីជំងឺកូវីដទូទាំងសាកលលោក

កូរ៉េខាងត្បូង៖ ក្នុង១១ខែឆ្នាំ២០២០នេះ មីកញ្ចប់កូរ៉េទទួលការពេញនិយមខ្លាំងដោយបានបង្កើនទិន្នន័យនាំចេញដល់ទៅ២៨% ប្រៀបទៅនឹងរយៈពេល១១ខែដូចគ្នាកាលពីឆ្នាំ២០១៩កន្លងមក នេះបើតាមទិន្នន័យនាំចេញរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ក្នុង១១ខែនេះ ទិន្នន័យនាំចេញនៃផលិតផលមីកញ្ចប់កូរ៉េមានទំហំទឹកប្រាក់ដល់៥៤៩.៧២លានដុល្លារ ដែលកើនឡើងដល់ទៅ២៨.៤%ពីឆ្នាំ២០១៩រយៈពេលដូចគ្នា បើតាមទិន្នន័យផ្តល់ដោយគយសេវាកម្ម និងឧស្សាហកម្មកូរ៉េ។ ទិន្នន័យនេះបង្ហាញពីកំណើននាំចេញដល់ទៅ២៨% ពីឆ្នាំ២០១៩ដែលមានត្រឹមតែ៤៦៧លានដុល្លារប៉ុណ្ណោះ។

ការកើនឡើងប្រជាប្រិយភាពខ្លាំងក្នុងឆ្នាំ២០២០នេះ អាចត្រូវវិភាគថាមកពី​ស្ថានភាពសាកលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមនុស្សជាច្រើនទូទាំងពិភពលោកត្រូវសម្ងំនៅគេហដ្ឋានធ្វើចត្តាឡីស័ករៀងៗខ្លួន និងដូចនេះត្រូវមានស្បៀងដូចជាមីកញ្ចប់ត្រៀមទុកជាដើម។

​បើតាមតួលេខនៃការនាំចេញ ប្រទេសចិនជាទីផ្សារនាំចេញធំជាងគេដោយមានចំណែកទីផ្សារនាំចេញដល់ទៅ២៥.២% ស្មើនឹងទំហំទឹកប្រាក់១៣៨.៥៦លានដុល្លារ រីឯសហរដ្ឋអាម៉េរិកជាទីផ្សារធំទី២ មានទំហំទឹកប្រាក់នាំចេញដល់៧២.៨៤លានដុល្លារ ជប៉ុនទី៣ មានទំហំទឹកប្រាក់នាំចេញដល់៤៤.៩៨លានដុល្លារ ហើយថៃ និងហ្វីលីពីនជាទីផ្សារបន្តបន្ទាប់សម្រាប់ផលិតផលមីកញ្ចប់កូរ៉េនេះ។

ប្រសិនបើតួលេខ១១ខែនេះនៅបន្តទំនោរកើនឡើងដូចនេះ គេរំពឹងថាក្នុងឆ្នាំ២០២០នេះ ការនាំចេញមីកញ្ចប់កូរ៉េនេះនឹងហក់ដល់លើសពី៦០០លានដុល្លារឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *