សាលាក្រុងសេអ៊ូល ដាក់ចេញវិធានការសំខាន់ៗសម្រាប់អ្នកប្រើប្រាស់មធ្យោបាយសាធារណៈ ស្របពេលនៃការបន្តឆ្លងកូវីដ-១៩យ៉ាងគំហុក

សេអ៊ូល៖ ស្របពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកបម្រាមវិធានការគម្លាតសង្គមជាបណ្តើរៗហើយនោះ សាលាក្រុងសេអ៊ូលបានដាក់ចេញនូវវិធានការសំខាន់ៗសម្រាប់អ្នកប្រើប្រាស់សេវាមធ្យោបាយសាធារណៈ ស្របពេលដែលក្តីបារម្ភនៃការបន្តឆ្លងកូវីដ-១៩ នៅតែមាន។

សាលាក្រុងសេអ៊ូលនឹងតម្រូវឱ្យអ្នកដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថភ្លើងនៅទីក្រុងសេអ៊ូល ពាក់ម៉ាស់ និងរក្សាគម្លាតឱ្យបានតឹងរ៉ឹងបំផុតនៅវេលាម៉ោងចង្អៀតខ្លាំង ។ វិធានការក្តៅផ្សេងទៀតមានដូចជាការហាមឃាត់អ្នកដែលមិនពាក់ម៉ាស់មិនឱ្យជិះរថភ្លើងក្រោមដី នៅពេលដែលចំនួនអ្នកធ្វើដំណើរច្រើនជាងចំណុះរបស់រថភ្លើង ឬលើសពី១៥០ភាគរយនៃចំណុះរថភ្លើង។

ក្នុងនោះដែរ អជ្ញាធរក៏នឹងរៀបចំដាក់ឱ្យមានម៉ាស់លក់តាមទីតាំងម៉ាស៊ីនទិញឥវ៉ាន់ តូបតូចៗ និងម៉ាតដែលមាននៅតាមស្ថានីយ៍រថភ្លើងក្រោមដី នៅក្នុងទីក្រុងផងដែរ។

លើសពីនោះទៀត ក៏នឹងមានមន្ត្រីអជ្ញាធរសុវត្ថិភាព ដាក់ពង្រាយតាមគោលដៅស្ថានីយ៍ដែលកកស្ទះខ្លាំង ដើម្បីណែនាំពីការរក្សាគម្លាតក្នុងពេលឈរចាំរថភ្លើងដែរ ហើយអជ្ញាធរក៏នឹងដាក់ឱ្យទូរថភ្លើងដំណើរការកាន់តែច្រើន ជាពិសេសនៅម៉ោងដែលនៅរវល់ខ្លាំងផងដែរ។

ក្រៅពីរថភ្លើង ខ្សែឡានក្រុងសាធារណៈក៏នឹងចាប់ផ្តើមដំណើរការជាប្រក្រតីនៅថ្ងៃពុធនេះដែរ តាមការគ្រោងទុក ហើយគ្រប់ឡានក្រុងសាធារណៈនឹងដំណើរការដោយបើកបង្អួចចំហរ ដោយសារការបារម្ភពីហានិភ័យនៃលទ្ធភាពចម្លងមេរោគតាមម៉ាស៊ីនត្រជាក់ ក្នុងទីតាំងបិទជិត។

សូមជម្រាបជូនថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកបម្រាមវិធានការគម្លាតសង្គមពេញលេញ មកត្រឹមកម្រិត «ការធ្វើចត្តាឡីស័កតាមកម្រិតជីវភាពប្រចាំថ្ងៃ» កាលពីថ្ងៃពុធ ទី ៦ ខែឧសភា ២០២០ កន្លងទៅ។ យ៉ាងណាមិញ ករណីផ្ទុះឆ្លងជាសហគមន៍ថ្មី នៅតំបន់ក្លឹបកម្សាន្តអ៊ីតេវុន បាននឹងកំពុងធ្វើឱ្យមានការព្រួយបារម្ភខ្លាំងសាជាថ្មីវិញ។

 

Leave a Reply

Your email address will not be published. Required fields are marked *