កូរ៉េខាងត្បូងមានករណីកូវីដថ្មីដល់ពាន់ករណី ៥ថ្ងៃជាប់គ្នា ខណៈកង្វះគ្រែពេទ្យកាន់តែធ្ងន់ធ្ងរ ហើយករណីបាត់បង់ជីវិតក៏កើនឡើងជាប្រចាំ

សេអ៊ូល៖ ថ្ងៃអាទិត្យនេះ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩បានកើនលើសពី១ពាន់ករណី៥ថ្ងៃជាប់គ្នាហើយ ខណៈដែលបញ្ហាប្រឈមធំក្នុងវិស័យសុខាភិបាលគឺកង្វះខាតគ្រែពេទ្យ និងការកើនឡើងនៃចំនួនអ្នកបាត់បង់ជីវិតដោយសារកូវីដផងដែរ។

តាមការរាយការណ៍ក្នុងសារព័ត៌មាន Yobhap News នៅថ្ងៃអាទិត្យនេះ ចំនួនករណីវិជ្ជមានឆ្លងថ្មីដែលរកឃើញមាន១០៩៧ករណី ដែលក្នុងនោះ១០៧២ករណីជាករណីឆ្លងក្នុងស្រុក ដែលនាំឱ្យករណីឆ្លងសរុបកើនដល់៤៩៦៦៥ករណីហើយ បើតាមការរាយការណ៍របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺកូរ៉េ។

នេះជាកំណត់ត្រាថ្ងៃទី៥ជាប់គ្នាហើយ ដែលកូរ៉េខាងត្បូងរកឃើញករណីឆ្លងលើសពី១០០០ករណី ខណៈដែលថ្ងៃសៅរ៍កន្លងទៅ​មាន១០៥៣ករណី ហើយថ្ងៃសុក្រមាន១០៧២ករណី និងបន្តគ្នាដល់ថ្ងៃពុធកន្លងមកដែលមានដល់១០៧៨ករណី។ អ្វីដែលជាការបារម្ភបន្ថែមទៀតនោះ គឺការកើនឡើងនៃចំនួនករណីវិជ្ជមាន បើទោះបីជាចំនួននៃការធ្វើតេស្តបានថយចុះកាលពីថ្ងៃសៅរ៍ម្សិលមិញក៏ដោយ ដែលតិចជាងថ្ងៃធ្វើការធម្មតាដល់ទៅជាង ២ម៉ឺនតេស្តឯណោះ។

ក្នុងចំណោមករណីឆ្លងដ៏ច្រើននេះ ភាគច្រើនគឺចេញពីតំបន់ប្រជុំជនសេអ៊ូល និងខេត្តធំៗជុំវិញ ដែលសេអ៊ូលមានដល់៤៧០ករណី ខេត្តឃ្យ៉ុងគីមានដល់២៤៤ករណី និង៦២ករណីទៀតនៅក្រុងអ៊ីនឆន់។

បញ្ហាប្រឈមធំលើផ្នែកសុខាភិបាលគឺបញ្ហាកង្វះខាតទីកន្លែងសម្រាប់ទទួលអ្នកជំងឺ ខណៈដែលចំនួនគ្រែពេទ្យរដ្ឋសម្រាប់ទទួលអ្នកជំងឺកូវីដ ឃើញថាសឹងតែពេញ និងណែនណាន់តាន់តាប់អស់ហើយ។ ក្នុងនោះរដ្ឋាភិបាលបានរៀបចំនូវទីតាំងមជ្ឈមណ្ឌលសម្រាប់ទទួលអ្នកជំងឺបណ្តុះអាសន្ននៅតាមទីតាំងផ្សេងៗដូចជាអន្តេវាសិកដ្ឋានសាកលវិទ្យាល័យ និងកីឡាដ្ឋានមួយចំនួនជាដើម រួមនឹងការតម្លើងទូកុងតឺន័រធ្វើជាបន្ទប់ព្យាបាល ហើយកាលពីថ្ងៃសុក្រនេះបានចេញសេចក្តីប្រកាសបន្ទាន់ថ្មីតម្រូវឱ្យមន្ទីរពេទ្យឯកជនចូលរួមសហការផ្តល់គ្រែពេទ្យមួយចំនួនសម្រាប់ទទួលអ្នកជំងឺកូវីដដែលមានអាការៈធ្ងន់ធ្ងរផងដែរ។

ក្រៅពីបញ្ហាកង្វះគ្រែពេទ្យ បញ្ហាបារម្ភមួយទៀតនោះគឺការកើនឡើងនៃអ្នកបាត់បង់ជីវិតដោយសារកូវីដ ដែលថ្មីៗនេះចំនួនអ្នកឈឺធ្ងន់បន្តកើនឡើងរហូតដល់២៧៨នាក់ហើយ ខណៈអ្នកដែលបាត់បង់ជីវិតបន្តកើនផងដែរ ដែលនៅថ្ងៃអាទិត្យនេះមានករណីបាត់បង់ជីវិតចំនួន១៥ករណី ខណៈដែលកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងសប្តាហ៍នេះ អ្នកបាត់បង់ជីវិតកើនដល់២២ករណីឯណោះ។ សរុបមក ឥឡូវនេះមានអ្នកបាត់បង់ជីវិតដោយសារកូវីដដល់ទៅ៦៧៤នាក់ហើយនៅកូរ៉េខាងត្បូង។

យ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េមិនទាន់សម្រេចចិត្តតម្លើងវិធានការគម្លាតសង្គមទៅកម្រិតខ្ពស់ជាងគេ កម្រិត៣នោះទេ ដោយនៅរង់ចាំមើលស្ថានការណ៍ ដោយលើកហេតុផលការតម្លើងវិធានការគម្លាតសង្គមដល់កម្រិត៣ អាចនឹងប៉ះពាល់ដល់ស្ថានភាពសង្គម និងសេដ្ឋកិច្ចកូរ៉េខាងត្បូងទាំងមូល ដែលទើបនឹងឃើញការងើបឡើងវិញបានមួយចំនួននារយៈពេលចុងឆ្នាំនេះប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *