កូរ៉េខាងត្បូងអាចនឹងផ្តល់វ៉ាក់សាំងកូវីដដំបូងគេ ក្នុងខែកុម្ភៈ ២០២១ខាងមុខ តែអាចមានតែវ៉ាក់សាំងពីអង់គ្លេសសិនប៉ុណ្ណោះ

សេអ៊ូល៖ កូរ៉េខាងត្បូងនឹងចាប់ផ្តើមកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ដល់ប្រជាជនខ្លួនដំបូងបង្អស់ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ខាងមុខ តែបានក្នុងចំនួនកំណត់មួយភាគតូចប៉ុណ្ណោះ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលរាយការណ៍តាមរយៈសារព័ត៌មាន Yonhap News។

ឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ KBS News របស់កូរ៉េខាងត្បូង លោកនាយករដ្ឋមន្ត្រីបានលើកឡើងថាកម្មវិធីផ្តល់វ៉ាក់សាំងនឹងចាប់ផ្តើមលឿនបំផុតនៅអំឡុងខែកុម្ភៈ ឬខែមីនាខាងមុខនេះ តែសម្រាប់ដំណាក់ដំបូងនេះ វ៉ាក់សាំងដែលអាចផ្តល់ជូនសម្រាប់កម្មវិធីចាក់វាក់សាំងកូវីដនេះមានតែពីក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេសប៉ុណ្ណោះ ខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ក្រុមហ៊ុន​ Moderna និងក្រុមហ៊ុន​ Janssen មិនទាន់អាចមកដល់ក្នុងអំឡុងពេលដើមឆ្នាំ២០២១នោះទេ។

បើតាមការបញ្ជាក់បន្ថែមរ​បស់លោកនាយករដ្ឋមន្ត្រី កុងត្រាបញ្ជាទិញរបស់រដ្ឋាភិបាលកូរ៉េជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំង មិនបានបញ្ជាក់ពីកាលបរិច្ឆេទកំណត់ជាក់លាក់សម្រាប់ការដឹកជញ្ជូនមកដល់នៃវ៉ាក់សាំងដែលខ្លួនបានទិញនោះទេ ហើយវ៉ាក់សាំងដំណាក់កាលដំបូងគេអាចនឹងត្រូវដឹកមកដល់កូរ៉េខាងត្បូងត្រឹមត្រីមាសទី១ឆ្នាំ២០២១ខាងមុខ។

សូមបញ្ជាក់ថា កន្លងមករដ្ឋាភិបាលកូរ៉េបានបញ្ជាក់ថាខ្លួនបានធ្វើការកក់លើវ៉ាក់សាំងពីក្រុមហ៊ុនធំៗចំនួន៤ ត្រៀមសម្រាប់ប្រជាជនខ្លួន៤៤លាននាក់ និងក្រោយមកទៀតបានបញ្ជាក់ថានឹងបញ្ជាទិញរួចរាល់ត្រឹមត្រីមាសដំបូងនៃឆ្នាំ២០២១ខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានបញ្ចាក់បន្ថែមថារដ្ឋាភិបាលបានចាប់ផ្តើមដំណើរការចរចាទិញវ៉ាក់សាំងដំបូងតាំងពីខែកក្កដាកន្លងមកឯណោះ។ យ៉ាងណាមិញ មានមតិមួយចំនួនរិះគន់លើរដ្ឋាភិបាលកូរ៉េថាហាក់មានភាពយឺតយ៉ាវក្នុងការបញ្ជា និងចរចាទិញវ៉ាក់សាំងកូវីដជាងប្រទេសដទៃទៀត ខណៈដែលបច្ចុប្បន្នករណីកូវីដកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *