សេអ៊ូល៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងរកឃើញករណីកូវីដវិជ្ជមានជាង ៣០០ករណីហើយ ក្រោយពីរដ្ឋាភិបាលកូរ៉េបានរៀបចំដាក់កន្លែងធ្វើតេស្តជាសាធារណៈសម្រាប់ពលរដ្ឋទូទៅដែលមិនមានទំនាក់ទំនងជាមួយប្រភពកូវីដ តែសង្ស័យថាមានអាការៈសង្ស័យ អាចមកធ្វើតេស្តតាំងពីដើមសប្តាហ៍នេះមក នេះបើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន Yonhap News។
បើតាមទីស្នាក់ការកណ្តាលគ្រប់គ្រងជំងឺឆ្លង នៅថ្ងៃសុក្រម្សិលមិញគេរកឃើញករណីវិជ្ជមានថ្មីពីការធ្វើតេស្តសម្រាប់អ្នកសង្ស័យខ្លួនឯងនេះ ដល់ទៅ១១៦ករណីនៅក្នុងទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ ដែលនាំឱ្យករណីវិជ្ជមានសរុបដល់ទៅ២៨៦ករណីហើយ។ អ្នកវិជ្ជមានថ្មីទាំង២៨៦ករណីនេះ ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើតេស្តសរុបដល់ទៅជាង១១ម៉ឺននាក់ តាំងពីថ្ងៃចន្ទមក។
ការដាក់ឱ្យធ្វើតេស្តជាសាធារណៈសម្រាប់អ្នកសង្ស័យថាមានអាការៈកូវីដនេះ ជាវិធានការថ្មីដែលរដ្ឋាភិបាលកូរ៉េចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទសប្តាហ៍នេះមក ដើម្បីស្វែងរកប្រភពពាក់ព័ន្ធនឹងជំងឺកូវីដឱ្យបានកាន់តែមានប្រសិទ្ធភាព ខណៈដែលករណីឆ្លងជាសហគមន៍កាន់តែមានភាពលំបាកសម្រាប់អជ្ញាធរសុខាភិបាលធ្វើការស្វែងរកប្រភពឆ្លងបន្តបន្ទាប់គ្នានោះ។ ទីតាំងធ្វើតេស្តប្រមាណ១៣១កន្លែង ត្រូវបានរៀបចំសម្រាប់សាធារណជនអាចធ្វើតេស្តដោយសេរី នៅក្នុងទីក្រុងសេអ៊ូល ៥១ទីតាំង ដូចជានៅទីតាំងមុខសាលាក្រុងសេអ៊ូល និងនៅស្ថានីយ៍រថភ្លើងធំៗជាដើម នៅខេត្តឃ្យ៉ុងគីដូ ៧០ទីតាំង និងនៅអ៊ីនឆន់ ១០ទីតាំង។ ការធ្វើតេស្តនេះនឹងប្រតិបត្តិការរហូតដល់ថ្ងៃទី៣ ខែមករាឯណោះ។
រដ្ឋាភិបាលបន្តអំពាវនាវឱ្យពលរដ្ឋទូទៅគួរទៅធ្វើតេស្តនៅតាមទីតាំងទាំងនោះដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ការបន្តឆ្លងនៃជំងឺកូវីដ-១៩ បើទោះបីមិនមានករណីរោគសញ្ញាសង្ស័យ ឬមិនមានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដក៏ដោយ។ ពលរដ្ឋទូទៅអាចទៅធ្វើតេស្តបាន ដោយគ្រាន់តែផ្តល់លេខទូរស័ព្ទសម្រាប់អជ្ញាធរធ្វើការទំនាក់ទំនងពេលលទ្ធផលចេញប៉ុណ្ណោះ។