កូវីដកើនរាល់ថ្ងៃ! រដ្ឋាភិបាលកូរ៉េចេញបទបញ្ជាថ្មី តម្រូវមន្ទីរពេទ្យឯកជនទទួលអ្នកជំងឺកូវីដធ្ងន់ធ្ងរដែរ ខណៈពេទ្យរដ្ឋកាន់តែណែនទៅៗហើយ

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញបទបញ្ជាបន្ទាន់ថ្មីមួយ តម្រូវឱ្យមន្ទីរពេទ្យឯកជនទូទាំងប្រទេសរៀបចំចែករំលែកគ្រែពេទ្យសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ដែលមានអាការៈធ្ងន់ធ្ងរ ដើម្បីជួយរំលែកបន្ទុកដល់អជ្ញាធរសុខាភិបាលកូរ៉េ ក្នុងការទទួលអ្នកជំងឺកូវីដ-១៩ នេះបើតាមការការលើកឡើងរបស់មន្ត្រីសុខាភិបាលកូរ៉េក្នុងសារព័ត៌មាន Yonhap News។

បទបញ្ជារដ្ឋបាលនេះ ជាប្រភេទបទបញ្ជាសុខាភិបាលលើកដំបូងបង្អស់ ក្រោមច្បាប់នៃការគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េ ដែលត្រូវបានរដ្ឋាភិបាលដាក់ចេញជូនទៅឱ្យរដ្ឋបាលខេត្ត និងក្រុងនានាទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដើម្បីស្នើសុំការសហការជាមួយវិស័យឯកជនក្នុងការឆ្លើយតបទៅនឹងបញ្ហាកូវីដដ៏រ៉ាំរ៉ៃនេះ ដែលថ្មីៗនេះករណីខ្វះគ្រែពេទ្យនៅតែជាបញ្ហាដ៏ក្តៅបំផុតរបស់វិស័យសុខាភិបាលកូរ៉េ។

ក្នុងបទបញ្ជាថ្មីនេះ មន្ទីរពេទ្យឯកជនទូទៅចំនួន៤០ត្រូវតម្រូវឱ្យផ្តល់ចំនួនគ្រែពេទ្យរបស់ខ្លួនយ៉ាងតិច ១ភាគរយ ដើម្បីទទួលអ្នកជំងឺកូវីដ-១៩ដែលមានអាការៈធ្ងន់ធ្ងរ។ រីឯមន្ទីរពេទ្យសាកលវិទ្យាល័យរបស់រដ្ឋត្រូវតម្រូវឱ្យផ្តល់គ្រែពេទ្យចំនួនលើសពី ១ភាគរយ នៃគ្រែពេទ្យដែលខ្លួនមានដើម្បីទទួលអ្នកជំងឺកូវីដដែលធ្ងន់ធ្ងរ។ ក្រោមបទបញ្ជានេះ អជ្ញាធរសុខាភិបាលរំពឹងថានឹងទទួលបានគ្រែពេទ្យថ្មីសម្រាប់ទទួលអ្នកជំងឺកូវីដធ្ងន់ធ្ងរយ៉ាងហោចណាស់ដល់ជាង៣០០គ្រែឯណោះ។

ស្ថានភាពបច្ចុប្បន្នៃជំងឺកូវីដ-១៩ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាល គឺមន្ទីរពេទ្យរដ្ឋដែលទទួលអ្នកជំងឺកូវីដ-១៩ ឥឡូវនេះកំពុងតែដល់ដំណាក់កាលណែនមែនទែនហើយ ជាពិសេសដោយសារចំនួនកើនឡើងជារៀងរាល់ថ្ងៃលើសពី១ពាន់នាក់ ដែលនាំឱ្យចំនួនគ្រែពេទ្យជាពិសេសសម្រាប់អ្នកជំងឺស្ថានភាពធ្ងន់ធ្ងរកាន់តែខ្សត់ទៅៗហើយ។

យ៉ាងណាមិញ ក៏មានមតិមួយចំនួនរិះគន់វិធានការនេះថា ការតម្រូវឱ្យពេទ្យឯកជនផ្តល់ចំនួនគ្រែពេទ្យតាមការកំណត់នេះ អាចនឹងធ្វើឱ្យមានការខ្វះខាតវិញដល់ការព្យាបាលអ្នកជំងឺធម្មតាដទៃទៀតដែលមានអាការៈធ្ងន់ធ្ងរដូចគ្នា ដែលអាចនឹងនាំឱ្យមានបញ្ហាកាន់តែស្មុគស្មាញឡើងក្នុងវិស័យសុខាភិបាលកូរ៉េ។

សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ ចំនួនករណីឆ្លងកូវីដ-១៩មានចំនួន១០៥៣ករណី ក្នុងនោះ១០២៩ករណីជាករណីឆ្លងក្នុងស្រុក ដែលនេះជាករណីឆ្លងលើសពី១០០០ករណីរយៈពេល៤ថ្ងៃជាប់គ្នាហើយ ខណៈករណីអ្នកជំងឺកូវីដដែលមានអាការៈធ្ងន់ធ្ងរកើនដល់២៧៥ករណីនៅថ្ងៃសៅរ៍នេះ ហើយចំនួនករណីឆ្លងសរុបកើនដល់៤៨៥៧០ករណីហើយ។

Leave a Reply

Your email address will not be published. Required fields are marked *