កូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី IK-CEPA ជាមួយឥណ្ឌូនេស៊ី ខណៈបន្តចរចា FTA នឹងប្រទេសអាស៊ានបីទៀតមានកម្ពុជាផងដែរ

សេអ៊ូល៖ កូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីជាមួយនឹងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសុក្រនេះ ជាសមិទ្ធផលថ្មីសម្រាប់អ្នកនាំចេញកូរ៉េខាងត្បូងទាញយកប្រយោជន៍ពីទីផ្សារដ៏ធំរបស់ឥណ្ឌូនេស៊ី បើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង Sung Yun-mo បានចុះហត្ថលេខាជាមួយដៃគូរដ្ឋមន្ត្រីឥណ្ឌូនេស៊ី Agus Suparmanto លើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រហាក់ប្រហែលទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែរ តែផ្តោតទៅលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចធំទូលាយជាង។ កិច្ចព្រមព្រៀងថ្មីនេះ នឹងរង់ចាំការអនុម័តយល់ព្រមពីសភាជាតិនៃប្រទេសទាំងពីររៀងៗខ្លួន។

កិច្ចព្រមព្រៀងរវាងកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីបីហើយរបស់កូរ៉េខាងត្បូងដែលបានធ្វើជាមួយប្រទេសជាសមាជិកអាស៊ាន ដែលកិច្ចព្រមព្រៀងពីរសម្រេចបានកន្លងមកគឺជាមួយសិង្ហបុរីនៅឆ្នាំ២០០៦ និងជាមួយវៀតណាមនៅឆ្នាំ២០១៥។ ក្រៅពីនោះទៀត កូរ៉េខាងត្បូងក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងអាស៊ានទាំងមូល និងមាននៅក្នុងក្របខណ្ឌ RCEP ផងដែរ ដែលមានប្រទេសជាសមាជិកអាស៊ាន និងដៃគូដទៃទៀតដូចជាប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន អូស្រ្តាលី ញូវហ្សីលែន ផងដែរ។

កិច្ចព្រមព្រៀងថ្មីនេះនឹងជួយបង្កើនកាលានុវត្តភាពនាំចេញសម្រាប់អ្នកនាំចេញកូរ៉េ ចូលទៅកាន់ទីផ្សារដ៏ធំរបស់ឥណ្ឌូនេស៊ី។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូងនឹងត្រូវលើកលែងពន្ធរហូតដល់៩៥.៨%​សម្រាប់មុខទំនិញឥណ្ឌូនេស៊ី ខណៈឥណ្ឌូនេស៊ីត្រូវលើកលែងពន្ធ៩៤.៨%សម្រាប់មុខទំនិញកូរ៉េខាងត្បូង។ បើតាមការលើកឡើងរបស់ក្រសួងឧស្សាហកម្មកូរ៉េ កិច្ចព្រមព្រៀងថ្មីនេះនឹងជួបបំពេញបន្ថែមឱ្យកិច្ចព្រមព្រៀង RCEP ដែលនឹងជួយជម្រុញការធ្វើពាណិជ្ជកម្មសេរីកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បច្ចុប្បន្ន កូរ៉េខាងត្បូងក៏កំពុងបន្តធ្វើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអាសា៊នបីផ្សេងទៀត មានម៉ាឡេស៊ី ហ្វីលីពីន និងកម្ពុជាយើងផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *