សិស្សពេទ្យយោធាកូរ៉េជិត១០០នាក់ ត្រូវបែងចែកឱ្យទៅតាមមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដនានា ដើម្បីជួយរំលែកបន្ទុកវិស័យសុខាភិបាល

សេអ៊ូល៖ សិស្សនៃបណ្ឌិតសភាពេទ្យយោធាកូរ៉េជាង៨០នាក់ ត្រូវបានបញ្ជូនឱ្យទៅជួយនៅតាមមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះ ដើម្បីជួយដល់រដ្ឋាភិបាលកូរ៉េឆ្លើយតបទៅនឹងចំនួនកើនឡើងដ៏ច្រើននៃជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េ។

សិស្សបណ្ឌិតសភាពេទ្យយោធាកូរ៉េខាងត្បូងចំនួន៧៧នាក់ និងគ្រូពេទ្យយោធា៤នាក់ទៀត នឹងត្រូវបែងចែកទៅតាមមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដនានាដែលរដ្ឋាភិបាលកូរ៉េបានសាងសង់កន្លងមកជាទីតាំងបណ្តោះអាសន្នទទួលអ្នកជំងឺកូវីដ-១៩ដែលមានអាការៈធូរស្រាល មិនធ្ងន់ធ្ងរខ្លាំង ដើម្បីអាចទុកកន្លែងគ្រែពេទ្យសម្រាប់អ្នកជំងឺកូវីដដែលមានអាការៈជំងឺធ្ងន់ធ្ងរ។ ក្នុងនោះសិស្ស៥៦នាក់ និងគ្រូពេទ្យយោធា៣នាក់ត្រូវបានបញ្ជូនទៅទីតាំងនានានៅក្នុងខេត្តឃ្យ៉ុងគី និងខេត្តឈុងឈុនខាងត្បូង។

នៅតាមទីតាំងព្យាបាលនីមួយៗ សិស្សពេទ្យយោធានឹងត្រូវធ្វើការក្រោមការពិនិត្យមើលពីសំណាក់វេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញ ដើម្បីមើលថែអ្នកជំងឺ និងជួយលើការងារពេទ្យមួយចំនួនទៀតរួមមានទាំងការធ្វើតេស្តកូរ៉ូណាផងដែរ នេះបើយោងទៅតាមច្បាប់ និងតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។

ការបែងចែកសិស្សពេទ្យយោធាទៅជួយតាមទីតាំងព្យាបាលជំងឺកូវីដនេះ ជាវិធានការចុងក្រោយគេបង្អស់ក្នុងការទាញយកកម្លាំងពីវិស័យយោធាដើម្បីសហការជាមួយវិស័យសុខាភិបាលក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃរលកថ្មីនៃជំងឺកូវីដ-១៩នេះ។ គិតមកដល់ពេលនេះ មានទាហានជាង១៣០០នាក់ ត្រូវបានបែងចែកទៅតាមទីតាំងនីមួយៗដើម្បីជួយលើការងារពាក់ព័ន្ធផ្សេងៗតំាងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក ខណៈដែលករណីជំងឺកូវីដ-១៩កើនថ្មីសឹងលើសពី១ពាន់ករណីរៀងរាល់ថ្ងៃ។

នៅថ្ងៃសុក្រនេះ កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីដល់១០៦២ករណី ដែលនាំឱ្យករណីឆ្លងសរុបកើនដល់៤៧៥១៥ករណីហើយ។ ក្នុងនោះដែរ ចំនួនករណីឆ្លងក្នុងចំណោមទាហានគិតមកដល់បច្ចុប្បន្ន ក៏បានកើនដល់៤៧៥ករណីផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *