បុគ្គលិកស្រ្តីជាជនបរទេសនៅកូរ៉េខាងត្បូង ស្នើសុំឱ្យរដ្ឋាភិបាលផ្តល់នូវប្រាក់បៀវត្សស្មើភាព និងបរិយាកាសការងារដែលគ្មានការរើសអើង

សេអ៊ូល៖ បុគ្គលិកស្រ្តីជាជនបរទេសជាច្រើនដែលបំពេញការងារនៅក្នុងមជ្ឈមណ្ឌលនានាដំណើរការដោយរដ្ឋាភិបាលកូរ៉េ ត្រូវបានទទួលការរើសអើងមិនស្មើភាពគ្នានៅក្នុងបរិយាកាសកន្លែងការងារ នេះបើតាមលទ្ធផលនៃការធ្វើសម្រង់មតិមួយដោយមជ្ឈមណ្ឌលក្តីសង្ឃឹមសម្រាប់អ្នកធ្វើការចំណាកស្រុក ដែលជាអង្គការសង្គមស៊ីវិលមួយនៅសេអ៊ូល។

តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Korea Times លទ្ធផលនៃសម្រង់មតិដែលបានលើកឡើងនៅថ្ងៃពុធម្សិលមិញ នៅក្នុងវេទិកាពិភាក្សាមួយរៀបចំដោយមជ្ឈមណ្ឌលសិទ្ធមនុស្សរបស់បុគ្គលិកស្រ្តីជាជនបរទេស បានបង្ហាញថាដល់ទៅ៨០% នៃអ្នកចូលរួមធ្វើសម្រង់មតិចំនួន៤០៣នាក់ ដែលធ្វើការជាអ្នកបកប្រែ អ្នកប្រឹក្សាយោបល់ និងគ្រូបង្រៀនភាសាបានលើកឡើងថាពួកគេទទួលការរើសអើង ដូចជាការទទួលប្រាក់ខែមិនស្មើភាពគ្នា និងការទទួលបានឱកាសតិចតួច និងការមិនទទួលស្គាល់បទពិសោធន៍ការងារនានារបស់ខ្លួន បើប្រៀបធៀបទៅនឹងជនជាតិកូរ៉េដែលជាម្ចាស់ស្រុកនោះ។

ស្រ្តីបរទេសម្នាក់សុំមិនបង្ហាញអត្តសញ្ញាណ ដែលជាអ្នកធ្វើការចំណាកស្រុក បានលើកឡើងថា «ខ្ញុំធ្វើការជាអ្នកបកប្រែនៅមជ្ឈមណ្ឌលគាំពារគ្រួសារបរទេសមួយរយៈពេល១៣ឆ្នាំហើយ ដែលក្នុងអំឡុងពេលនោះខ្ញុំមិនទទួលបានប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ម្ហូបនោះទេ ដែលបុគ្គលិកដូចគ្នាជាជនជាតិកូរ៉េទទួលបានប្រាក់ឧបត្ថម្ភនេះ។»

ស្រ្តីម្នាក់ទៀតដែលជាបុគ្គលិកនៃមជ្ឈមណ្ឌលគាំពារជនបរទេសរយៈពេល៥ឆ្នាំមកហើយ បានលើកឡើងថា «ខ្ញុំមិនយល់សោះ ហេតុអ្វីបានជាខ្ញុំទទួលបានប្រាក់ចំណូលតិចជាងអ្នករួមការងារដែលធ្វើការងារដូចគ្នានោះ។ ពិបាកយល់ណាស់ដែលមជ្ឈមណ្ឌលដែលដំណើរការដោយរដ្ឋ ក្នុងគោលបំណងជួយជម្រុញការយល់ដឹងពីពហុវប្បធម៌ បែរជាមានការរើសអើងបុគ្គលិករបស់ខ្លួនទៅតាមជាតិសាសន៍របស់គេនោះ។»

បើតាមទិន្នន័យផ្តល់របស់ក្រសួងសមភាពយ៉េនឌឺ និងគ្រួសារនៅក្នុងខែតុលាកន្លងទៅ គ្រូបង្រៀនភាសាជាជនបរទេសនៅក្នុងសាលារដ្ឋទទួលបានប្រាក់បៀវត្សប្រហែល ២៦.៣លានវ៉ុន (ប្រមាណ២៤១០០ដុល្លារ) ក្នុងមួយឆ្នាំ ហើយអ្នកបកប្រែភាសាដែលធ្វើការនៅក្នុងមជ្ឈមណ្ឌលគាំពារជនបរទេសបានប្រាក់បៀវត្សដល់២៥.៦លានវ៉ុន ដែលត្រឹមតែ៦៦%ប៉ុណ្ណោះនៃចំណូលប្រចាំឆ្នាំជាមធ្យមរបស់បុគ្គលិកធម្មតានៅក្នុងមជ្ឈមណ្ឌលទាំងនោះ ដែលដល់ទៅជាង៣៤​.២លានវ៉ុនឯណោះ។

ខាងសង្គមស៊ីវិលលើកឡើងនេះជាបញ្ហាចោទដោយសារតែរដ្ឋាភិបាលកូរ៉េមិនបានកំណត់អំពីគោលការណ៍សម្រាប់ផ្តល់ប្រាក់ខែ ប្រាក់បៀវត្សដល់បុគ្គលិកជាជនបរទេស ដែលយោងទៅតាមគោលការណ៍ អ្វីដែលបានកំណត់សម្រាប់បុគ្គលិកជាជនបរទេសគឺទទួលបានប្រាក់បៀវត្ស «លើសពីប្រាក់បៀវត្សអប្បបរមា» ខណៈដែលគោលការណ៍សម្រាប់ផ្តល់ប្រាក់បៀវត្សដល់បុគ្គលិកជនជាតិកូរ៉េគឺធានាការទទួលបានការតម្លើងប្រាក់ខែ និងឱកាសតម្លើងឋានៈប្រសិនមានអតីតភាពការងារជាប់លាប់នៅកន្លែងការងារនោះ។

ក្នុងលទ្ធផលនៃសម្រង់មតិ គេរកឃើញទៀតថាដល់ទៅ៩១%នៃបុគ្គលិកស្រ្តីជាជនបរទេសមានអារម្មណ៍ថាខ្លួនមិនមានសុវត្ថិភាពការងារនឹងនរនោះទេ ដោយសារការងាររបស់ខ្លួនផ្អែកទៅតាមកិច្ចសន្យាការងារបណ្តោះអាសន្នរយៈពេល១០ខែ ឬមួយឆ្នាំប៉ុណ្ណោះ ហើយមាន៦៧%នៃបុគ្គលិកស្រ្តីជាជនបរទេសទទួលបានការរើសអើង និងម៉ាក់ងាយជាពាក្យសម្តីផ្សេងៗអំពីប្រទេសរបស់ពួកគេនៅក្នុងកន្លែងធ្វើការ។

តំណាងអង្គការជួយគាំពារបុគ្គលិកស្រ្តីជាជនបរទេស បានលើកឡើងថាបញ្ហានេះមិនត្រូវបានដោះស្រាយរាប់ឆ្នាំមកហើយ ដែលឥឡូវបានក្លាយទៅជាការរើសអើងជាប្រព័ន្ធ ហើយវិធានការគាំទ្ររបស់ក្រសួងសមភាពយ៉េនឌឺកន្លងមក មិនឆ្លុះបញ្ចាំងពីបញ្ហាជាក់ស្តែងនៅនឹងកន្លែងការងារនោះទេ។ អ្វីដែលគេត្រូវការនោះ មិនមែនការបង្កើនចំនួនការងារសម្រាប់បុគ្គលិកស្រ្តីជាជនបរទេសនោះទេ ប៉ុន្តែគឺការបង្កើនគុណភាពការងារសម្រាប់ពួកគេ។

ក្នុងចំណោមការស្នើសុំរបស់តំណាងអង្គការគឺមានដូចជា ការផ្តល់ការងារពេញម៉ោងអចិ​ន្ត្រៃយ៍ ជាមួយដំណើរការជ្រើសរើសត្រឹមត្រូវ និងមានកម្មវិធីសិក្សាផ្សេងៗដើម្បីជម្រុញការអភិវឌ្ឍអាជីពរបស់ពួកគេ ដែលក្នុងនោះរួមមានការដាក់ចេញនូវគោលការណ៍កំណត់អំពីប្រាក់បៀវត្សរបស់ពួកគេជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *