ថ្មីៗនេះ!! ក្រសួងណែនាំវិធីសាស្រ្តសំខាន់ការពារខ្លួនពី Hacker បន្លំតេឡេក្រាមក្លែងក្លាយជាថ្នាក់ដឹកនាំ ដើម្បីលួចព័ត៌មានជនរងគ្រោះ

កម្ពុជា៖ កាលពីថ្ងៃអង្គារទី១៦ ខែធ្នូម្សិលមិញនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងអំពីវិធានការដើម្បីរារាំងការវាយប្រហារពីជនខិលខូចតាមប្រព័ន្ធតេឡេក្រាម (Telegram) ដែលថ្មីៗនេះបានបន្លំប្រើប្រាស់គណនីក្លែងក្លាយដាក់ឈ្មោះរបស់បណ្តាថ្នាក់ដឹកនាំធំៗរបស់កម្ពុជា។

ក្នុងខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ក្រសួងបានលើកឡើងថាកាលពីពេលថ្មីៗនេះគេសង្កេតឃើញថាក្នុងប្រព័ន្ធតេឡេក្រាម មានឧក្រឹដ្ឋជន (Hacker) បានធ្វើការវាយប្រហារដោយធ្វើការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃដើម្បីបញ្ជូនសារដែលជាមេរោគតាមកម្មវិធីតេឡេក្រាម សម្រាប់បោកបញ្ឆោតអ្នកប្រើប្រាស់។ នៅក្នុងសារដែលជាមេរោគនោះ នៅពេលដែលអ្នកប្រើប្រាស់ចុចបើក នឹងអនុញ្ញាតឱ្យ Hacker ចូលទៅគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រជនរងគ្រោះ ឬទូរស័ព្ទជនរងគ្រោះពីចម្ងាយបានដោយជោគជ័យ។ ក្នុងនោះដែរ Hacker អាចធ្វើការលួចយកទិន្នន័យនានាដូចជាលេខសម្ងាត់ ព្រមទាំងអាចបញ្ជាថតរូបក្នុងកាមេរ៉ានៃប្រព័ន្ធកុំព្យូទ័រ ឬទូរស័ព្ទជនរងគ្រោះទៀតផង ហើយព្រមទាំងអាចធ្វើការបន្តលួចព័ត៌មានរបស់ជនរងគ្រោះ ដើម្បីយកអត្តសញ្ញាណជនរងគ្រោះទៅបោកបញ្ឆោតអ្នកដទៃតទៀតផង។

ក្រសួងបានណែនាំវិធានការមួយចំនួនដើម្បីចៀសវាងការលួចវាយប្រហារនេះបានតាមរយៈ៖

– អ្នកប្រើប្រាស់ត្រូវផ្ទៀងផ្ទាត់ និងត្រួតពិនិត្យគណនីរបស់បុគ្គលដែលបានផ្ញើសារមកយើង ដូចជាលេខទូរស័ព្ទជាដើម ជាពិសេសបើនោះជាការផ្ញើសារមកជាលើកដំបូង បើទោះបីជាគណនីនោះមានដាក់ឈ្មោះ និងរូបភាពជាបុគ្គលថ្នាក់ដឹកនាំ ឬអ្នកណាម្នាក់ដែលអ្នកស្គាល់ក៏ដោយ។
– អ្នកប្រើប្រាស់ត្រូវពិនិត្យមើលខ្លឹមសារនៃសារដែលផ្ញើមក ជាពិសេសគឺឯកសារភ្ជាប់ដែលមានភាពសង្ស័យ។ ប្រសិនបើមានភាពសង្ស័យអាចទាក់ទងទៅអ្នកដែលស្គាល់គ្នានោះតាមរយៈមធ្យោយបាយផ្សេងៗ ដូចជាទូរស័ព្ទទៅសួរម្ចាស់សារនោះតែម្តង។
– ប្រសិនបើដឹងថាម្ចាស់សារនោះជាគណនីមិនពិត យើងអាចធ្វើការបិទ (Block) ការទទួលសារពីគណនីនោះ ដោយជ្រើសរើសពាក្យជាភាសាអង់គ្លេសថា Block User។

Leave a Reply

Your email address will not be published. Required fields are marked *