អ្នកសេអ៊ូលប្រយ័ត្នផង! ថ្ងៃពុធម្សិលមិញ សេអ៊ូលមានកំណត់ត្រាថ្មីករណីកូវីដ-១៩ ច្រើនជាងគេបង្អស់ដល់៤០០នាក់ជាងឯណោះ

សេអ៊ូល៖ យោងតាមទិន្នន័យនៃអ្នកឆ្លងកូវីដ-១៩ ក្រុងសេអ៊ូលទទួលបានកំណត់ត្រាថ្មីនៃចំនួនករណីឆ្លងកូវីដ-១៩ច្រើនជាងគេកាលពីថ្ងៃពុធម្សិលមិញ នេះបើតាមការលើកឡើងរបស់អភិបាលរងក្រុងសេអ៊ូល ក្នុងសារព័ត៌មាន Yonhap News។

ចំនួនករណីឆ្លងថ្មីនៃជំងឺកូវីដកើនដល់៤២៣នាក់កាលពីម្សិលមិញក្នុងទីក្រុងសេអ៊ូល ដែលជាតួលេខថ្មីចុងក្រោយដែលខ្ពស់ជាងគេបង្អស់នៅក្នុងរដ្ឋធានីដ៏កកកុញរបស់កូរ៉េខាងត្បូងមួយនេះ។ បើតាមតួលេខ គេឃើញថាកំណត់ត្រាដែលក្រុងសេអ៊ូលមានអ្នកឆ្លងច្រើនជាងគេកន្លងទៅគឺកាលពីថ្ងៃទី១២ ធ្នូ ដែលមានអ្នកឆ្លង៣៩៩នាក់។

អ្វីដែលកាន់តែគួរឱ្យបារម្ភទៀតនោះគឺ ចំនួននៃករណីឆ្លងកូវីដថ្មីច្រើនបំផុតទាំង១៥ដងនៅក្នុងទីក្រុងសេអ៊ូល សុទ្ធតែនៅក្នុងចន្លោះពីថ្ងៃទី២ ខែធ្នូ មកដល់ថ្ងៃទី១៦ ខែធ្នូម្សិលមិញនេះ។ នៅមុននោះទៀត ចំនួនកំណត់ត្រាឆ្លងកូវីដច្រើនបំផុតគឺនៅក្នុងថ្ងៃទី២៥ វិច្ឆិកា ដែលមានត្រឹមតែ២១២ករណីប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បត្តិ៍នេះ តួលេខអ្នករកឃើញឆ្លងកូវីដថ្មីនៅកូរ៉េខាងត្បូងមានដល់១០១៤ករណី ដែលក្នុងនោះ៩៩៣ករណីជាករណីឆ្លងក្នុងស្រុក ដែលចំនួនករណីឆ្លងសរុបគិតមកដល់ពេលនេះកើនដល់៤៦៤៥៣ករណីហើយ។

Leave a Reply

Your email address will not be published. Required fields are marked *