ស្រ្តីបរទេសម្នាក់ត្រូវបញ្ជូនឡើងតុលាការ ព្រោះល្មើសនឹងការធ្វើចត្តាឡីស័កនៅកូរ៉េខាងត្បូង ដោយលួចរត់ទៅសេអ៊ូលរកការងារធ្វើ

កូរ៉េខាងត្បូង៖ ស្រ្តីជនបរទេសម្នាក់ត្រូវប៉ូលីសកូរ៉េខាងត្បូងចាប់បាន និងកំពុងត្រូវបានបន្តទៅកាន់នីតិវិធីតុលាការ ដោយសារតែល្មើសនឹងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នេះបើតាមការរាយការណ៍នៅក្នុងសារព័ត៌មាន Yonhap News នៅរសៀលថ្ងៃពុធនេះ។

ស្រ្តីដែលគេរកឃើញថាល្មើសនឹងការធ្វើចត្តាឡីស័កនេះ​ ត្រូវប៉ូលីសផ្តល់ព័ត៌មានថាជនបរទេសដែលមានអាយុ៣១ឆ្នាំ ដោយបានល្មើសនឹងច្បាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េតាមរយៈការលួចមិនអនុវត្តទៅតាមការធ្វើចត្តាឡីស័ក។ ប៉ូលីសនៃក្រុងស៊ុនឆុន ក្នុងខេត្តចូឡាខាងត្បូងបាននិយាយថានារីខាងលើនេះបានចូលមកប្រទេសកូរ៉េកាលពីថ្ងៃទី២០ ខែវិច្ឆិកា ដែលត្រូវធ្វើចត្តាឡីស័កនៅនឹងផ្ទះខ្លួននៅក្នុងទីក្រុងស៊ុនឆុន រយៈ ពេល១៤ថ្ងៃ ឬពីរសប្តាហ៍ ប៉ុន្តែនារីនេះបានលួចចាកចេញពីផ្ទះកន្លែងធ្វើចត្តាឡីស័ក ហើយធ្វើដំណើរមកកាន់ទីក្រុងសេអ៊ូលដើម្បីស្វែងរកការងារធ្វើ។

បើតាមការបញ្ជាក់របស់ប៉ូលីស នាងត្រូវបានអជ្ញាធរសុខាភិបាលកូរ៉េប្រទះឃើញនៅទីក្រុងសេអ៊ូល និងរាយការណ៍ដល់ប៉ូលីសដើម្បីចាត់វិធានការបន្ត។ មន្ត្រីប៉ូលីសបានបញ្ជាក់ថា ករណីល្មើសចត្តាឡីស័ករបស់ស្រ្តីរូបនេះត្រូវបានបញ្ជូនទៅកាន់ព្រះរាជអជ្ញាដើម្បីចោទប្រកាន់បន្តហើយ។ ការលួចចាកចេញល្មើសនឹងការធ្វើចត្តាឡីស័កក្នុងស្ថានការណ៍នៃជំងឺឆ្លង គឺមានទម្ងន់ធ្ងន់ធ្ងរ ដែលនឹងត្រូវប្រឈមនឹងការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរផងដែរ។

បើតាមច្បាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េ ដែលត្រូវបានអនុម័តកាលពីខែមេសាកន្លងទៅ អ្នកដែលល្មើសនឹងវិធា​នការចត្តាឡីស័កនឹងត្រូវប្រឈមមុខនឹងការជាប់ឃុំឃាំងរហូតដល់មួយឆ្នាំ ឬត្រូវផាកពិន័យដល់ទៅ១០លានវ៉ុន (ប្រមាណ ៩,១៦០ដុល្លារ)។

Leave a Reply

Your email address will not be published. Required fields are marked *