រយៈពេលនៃកាតព្វកិច្ចបម្រើយោធា កាត់បន្ថយពី២ឆ្នាំ មកនៅត្រឹម១៨ខែ ជាផ្នែកមួយនៃកំណែទម្រង់វិស័យយោធារបស់កូរ៉េខាងត្បូង

សេអ៊ូល៖ កាតព្វកិច្ចចូលបម្រើយោធានៅកូរ៉េខាងត្បូងនឹងត្រូវកាត់បន្ថយមកនៅត្រឹមរយៈពេល១៨ខែចាប់ពីឆ្នាំក្រោយទៅ ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់វិស័យយោធានៅក្នុងប្រទេសនេះ បើតាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅសារព័ត៌មាន Yonhap News។

តំណាងមន្ត្រីក្រសួងការពារជាតិលើកឡើងថា ជាផ្នែកនៃការធ្វើកំណែទម្រង់វិស័យយោធា ចំណុចជាច្រើនត្រូវបានគ្រោងនឹងកែប្រែ ដែលក្នុងនោះរួមមានការកាត់បន្ថយរយៈពេលនៃកាតព្វកិច្ចចូលបម្រើកងទ័ពរបស់ប្រជាជនកូរ៉េ ដែលត្រូវកាត់ពីរយៈពេល២ឆ្នាំ មកនៅត្រឹម១៨ខែវិញ ចាប់ពីខែធ្នូឆ្នាំ២០២១ខាងមុខទៅ។

ក្រៅពីនោះ ចំណុចដែលត្រូវកែទម្រង់ដទៃទៀតមានដូចជា ការតម្លើងចំនួនស្រ្តីនៅក្នុងមុខតំណែងផ្សេងៗនៃវិស័យយោធា។ បើតាមទិន្នន័យរបស់ក្រសួងការពារជាតិ បច្ចុប្បន្នក្នុងឆ្នាំ២០២០នេះ ចំនួនភាគរយស្រ្តីបម្រើការក្នុងមុខតំណែងផ្សេងៗក្នុងវិស័យយោធាមានត្រឹមតែ៧.៤% ប៉ុណ្ណោះ ដែលបានកើន០.៦%ពីឆ្នាំ២០១៩កន្លងមក។ ក្រសួងការពារជាតិគ្រោងនឹងជម្រុញឱ្យមានវត្តមានរបស់ស្រ្តីកាន់តែច្រើននៅក្នុងមុខតំណែងផ្សេងៗរបស់ក្នុងវិស័យការពារជាតិនេះ។

កំណែទម្រង់សំខាន់មួយផ្សេងទៀតគឺការកាត់បន្ថយចំនួនឧត្តមសេនីយ៍ដែលមានបំពាក់ផ្កាយ១ ដល់ទៅផ្កាយ៤។ គិតមកដល់បច្ចុប្បន្ន ក្រសួងបានលើកឡើងថាយ៉ាងហោចណាស់មានឧត្តមសេនីយ៍ដល់ទៅជាង ៧៦នាក់ ដែលគ្រោងនឹងត្រូវកាត់បន្ថយ ដែលក្នុងនោះមាន៤៦នាក់ហើយដែលបានកាត់បន្ថយរួចរាល់។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងដែលស្ថិតនៅជាប់ព្រំដែនជាមួយនឹងសត្រូវជាបងប្អូនកូរ៉េដូចគ្នានោះ តែងតែផ្តោតសំខាន់ទៅលើវិស័យយោធា ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពពីការគម្រាមកំហែងណាមួយដែលអាចកើតឡើងពីសំណាក់កូរ៉េខាងជើង។ គេមើលឃើញថាថ្មីៗនេះ យោធាកូរ៉េខាងត្បូងបានធ្វើទំនើបកម្មទៅលើសព្វាវុធរបស់ខ្លួនជាបន្តបន្ទាប់ ហើយក៏បានដាក់ចេញនូវកំណែទម្រង់ការគ្រប់គ្រងមួយចំនួនធំផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកាត់បន្ថយចំនួនកងទ័ពសកម្មវិញនោះ។

Leave a Reply

Your email address will not be published. Required fields are marked *