កូវីដបំបែកកំណត់ត្រាទៀតហើយ! ថ្ងៃនេះកូរ៉េខាងត្បូងរកឃើញករណីកូវីដឆ្លងថ្មីដល់រាប់ពាន់ករណី ជាករណីច្រើនជាងគេបង្អស់ថ្មីទៀតហើយ

សេអ៊ូល៖ នៅព្រឹកថ្ងៃពុធនេះ ករណីកូវីដ-១៩ឆ្លងថ្មីនៅកូរ៉េខាងត្បូងបានកើនដល់១ពាន់ករណីជាងជាថ្មីទៀតហើយ ដែលនាំឱ្យការបារម្ភពីកូវីដកាន់តែកើនឡើងខ្លាំងក្នុងប្រទេសកូរ៉េ នេះបើតាមការរាយការណ៍នៅក្នុងសារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូងនាព្រឹកថ្ងៃពុធនេះ។

ករណីឆ្លងថ្មីនៅថ្ងៃពុធនេះកើនដល់១០៧៨ករណី ដែលក្នុងនោះ១០៥៤ករណីជាករណីឆ្លងក្នុងស្រុក ហើយចំនួនករណីឆ្លងសរុបកើនដល់៤៥៤៤២ករណី នេះបើតាមទិន្នន័យផ្តល់ឱ្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉េ (KCDA)។ ទីក្រុងសេអ៊ូលមានករណីឆ្លងថ្មី៣៧៣ករណី ខេត្តឃ្យ៉ុងគីដូមានករណីឆ្លង៣២០ករណី ហើយក្រុងអ៊ីនឆន់មានចំនួនឆ្លងដល់៦៤ករណី ខណៈទីតាំងដទៃទៀតដូចជា ក្រុងប៊ូសានមានចំនួនឆ្លងដល់៤១ករណី ហើយខេត្តចូឡាខាងជើងមានចំនួនឆ្លងថ្មី៧៥ករណី។ ករណីឆ្លងថ្មីដល់ទៅ១០៧៨ករណីនេះបានក្លាយជាចំនួនករណីឆ្លងថ្មីច្រើនជាងគេ ដែលលើសពីថ្ងៃអាទិត្យកន្លងទៅដែលមានត្រឹម១០៣០ករណីប៉ុណ្ណោះ។

អជ្ញាធរសុខាភិបាលកូរ៉េបានបង្ហាញក្តីបារម្ភលើករណីដែលឆ្លងដោយមិនអ្នកជំងឺដែលមិនមានបង្ហាញរោគសញ្ញា ដែលនាំឱ្យគេពិបាកតាមដានរកប្រភពនៃការចម្លងនោះ។ ក្នុងនោះដែរ ជាមួយនឹងចំនួនកើនឡើងយ៉ាងគំហុកនេះ រដ្ឋាភិបាលកូរ៉េបានកំពុងបន្តព្យាយាមស្វែងរកគ្រែពេទ្យ និងទីតាំងដើម្បីអាចទទួលអ្នកជំងឺដែលបន្តកើនប្រចាំថ្ងៃផងដែរ ដោយសារទីតាំង និងចំនួនគ្រែពេទ្យតាមមន្ទីរពេទ្យរដ្ឋនានាជាពិសេសនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញកំពុងមានការខ្វះខាតខ្លាំងមែនទែន។

យ៉ាងណាមិញ មកដល់ថ្ងៃពុធនេះ រដ្ឋាភិបាលកូរ៉េកំពុងបន្តពិចារណាលើការតម្លើងកម្រិតវិធានការគម្លាតសង្គមដល់កម្រិត៣ ដែលជាកម្រិតខ្ពស់ជាងគេ​បង្អស់ ក្រោយពីកម្រិតវិធានការគម្លាតសង្គមដែលតម្លើងដល់២.៥កាលពីប៉ុន្មានថ្ងៃកន្លងមកហាក់មិនមានប្រសិទ្ធភាពទាល់តែសោះក្នុងការទប់ស្កាត់ករណីឆ្លងថ្មីនេះ។ ជាក់ស្តែង ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងថ្មីជាមធ្យមប្រចាំថ្ងៃកើនដល់៨២៣.៦នាក់ ហើយសេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានអ្នកឆ្លងកូវីដដល់ទៅ៧៣.‌១% នៃករណីទូទាំងប្រទេសទាំងមូល។

អជ្ញាធរសុខាភិបាលបន្តអំពាវនាវឱ្យប្រជាជនចូលរួមឱ្យបានសកម្ម និងមានប្រសិទ្ធភាពជាមួយរដ្ឋាភិបាលក្នុងការអនុវត្តទៅតាមវិធានការគម្លាតសង្គម២.៥នាពេលបច្ចុប្បន្ននេះ ដើម្បីកាត់បន្ថយហានិភ័យនៃការជំងឺកូវីដ និងដើម្បីចៀសវាងការតម្លើងកម្រិតវិធានការគម្លាតសង្គមដល់កម្រិត៣ផងដែរ ដែលនឹងនាំឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច ជាពិសេសអ្នកដែលមិនសូវធូរធារ និងប្រកបរបរអាជីវកម្មតូចតាចនោះ។

បើតាមព្យាករណ៍របស់អជ្ញាធរសុខាភិបាលកូរ៉េ នាពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ ករណីឆ្លងប្រចាំថ្ងៃអាចនឹងកើនដល់ជាង១២០០ករណីឯណោះ។ មកដល់បច្ចុប្បន្ននេះ កូរ៉េខាងត្បូងបានធ្វើតេស្តកូវីដឱ្យប្រជាជនខ្លួនដល់ជាង៣.៥លានដង ហើយក្នុងថ្ងៃអង្គារម្សិលមិញចំនួនដល់ទៅ៤៧៥៤៩ដងឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *