គួរឱ្យសង្វេគ! ក្មេងស្រីកូរ៉េម្នាក់មកខ្មែរជាង៦ឆ្នាំមិនឃើញចេញទៅវិញ នាំឱ្យក្រសួងអប់រំប្រកាសរកគ្រប់ខេត្តក្រុង ទើបដឹងពីជីវិតកម្សត់របស់នាង

កម្ពុជា៖ នៅថ្ងៃអង្គារម្សិលមិញ ក្មេងស្រីជនជាតិខ្មែរកាត់កូរ៉េម្នាក់ដែលទំនងជាបានបាត់ខ្លួននៅកម្ពុជា ត្រូវបានគេស្វែងរកឃើញវិញ ក្រោយពីមានការប្រកូកប្រកាសស្វែងរកជាផ្លូវការពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាកាលពីថ្ងៃសុក្រទី១១ ធ្នូកន្លងទៅនេះ។

បើតាមការរៀបរាប់នៅក្នុងលិខិតរបស់ក្រសួងអប់រំ ក្មេងស្រីដែលបានបាត់ខ្លួនហើយត្រូវបានរកឃើញវិញនោះមានឈ្មោះ K-J-E ដែលជាជនជាតិកូរ៉េ មានឪពុកជាជនជាតិកូរ៉េ ហើយម្តាយជាជនជាតិខ្មែរ ដែលកើតក្នុងឆ្នាំ២០០៩ និងកាន់លិខិតឆ្លងដែនលេខកូរ៉េ។ បើតាមកំណត់ត្រាទិន្នន័យចេញចូលរបស់ក្មេងស្រីនេះ គឺបានធ្វើដំណើរមកស្រុកខ្មែរ និងត្រឡប់ជាច្រើនដង រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ដែលក្មេងស្រីរូបនេះបានមកកម្ពុជា ហើយមិនបានចាកចេញទៅវិញ។ តាមការសន្និដ្ឋានបញ្ជាក់នៅក្នុងខ្លឹមសារលិខិត គឺកុមារីនេះត្រូវបានអាណាព្យាបាលជាជនជាតិខ្មែរ ជាអ្នកមើលថែ និងចុះឈ្មោះឱ្យចូលរៀននៅសាលាណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។

ដូចនេះហើយ ទើបបានជាអជ្ញាធរពាក់ព័ន្ធស្នើសុំឱ្យក្រសួងអប់រំសហការស្រាវជ្រាវរកក្មេងស្រីខាងលើនេះ តាមរយៈសាលានានាដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ។ យ៉ាងណាមិញ បើតាមការបញ្ជាក់របស់អ្នកដែលបានរកឃើញគឺគេបានរកឃើញកុមារីនេះនៅក្នុងខេត្តក្រចេះ ហើយបានរៀបរាប់ពីប្រវត្តិដ៏កំសត់របស់កុមាររូបនេះថា មានឪពុកជាជនជាតិកូរ៉េដែលបានបានបាត់ បង់ជីវិតនៅប្រទេសកូរ៉េ ខណៈដែលម្តាយពេលដែលវិលត្រឡប់មកស្រុកខ្មែរវិញ ក៏បានមានគ្រួសារថ្មីជាមួយនឹងប្តីម្នាក់ទៀត ហើយក្រោយមកក៏បានបាត់ បង់ជីវិតចោលកូនស្រីតូចនេះដូចគ្នា។

គេហទំព័ររបស់យើងសូមរក្សាសិទ្ធក្នុងការមិនបញ្ចេញឈ្មោះពិត និងព័ត៌មានផ្ទាល់ខ្លួនដទៃទៀតរបស់ប្អូនស្រី។

 

Leave a Reply

Your email address will not be published. Required fields are marked *