ច្បាស់ការហើយ! កូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមទិញវ៉ាក់សាំងកូវីដ-១៩ ក្នុងត្រីមាសទី១នៃឆ្នាំ២០២១ខាងមុខនេះហើយ

សេអ៊ូល៖ កូរ៉េខាងត្បូងនឹងចាប់ផ្តើមទិញយកវ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនបានកក់ទុកមុនពីក្រុមហ៊ុនផលិតវ៉ាក់សាំងចាប់ពីត្រីមាសទីមួយនៃឆ្នាំ២០២១ខាងមុខនេះហើយ នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូងនាថ្ងៃអង្គារម្សិលមិញនេះ។

ការបញ្ជាក់បែបនេះត្រូវបានធ្វើឡើងក្នុងការប្រជុំគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ឈុង​ ស៊ីឃ្យ៉ុន (Chung Sye-kyun)។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អជ្ញាធរកំពុងរៀបចំផែនការសកម្មភាពលម្អិតក្នុងការបញ្ជាទិញយកនូវវ៉ាក់សាំងដែលខ្លួនបានកក់ទុកពីក្រុមហ៊ុនផលិតវ៉ាក់សាំងនានា ចាប់ផ្តើមពីត្រីមាសទី១នាឆ្នាំ២០២១ខាងមុខ ដើម្បីអាចយកមកចែកចាយចាក់ជូនប្រជាជនទៅតាមការកំណត់។

លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់ពីតម្រូវការកាន់តែខ្លាំងចំពោះវ៉ាក់សាំង ខណៈដែលកូរ៉េខាងត្បូងបច្ចុប្បន្នកំពុងតែបារម្ភកាន់តែខ្លាំងឡើងពីស្ថានការណ៍នៃជំងឹកូវីដ-១៩ដែលកំពុងបន្តកើនឡើងឥតឈប់ឈរ ហើយមើលទៅវិធានការគម្លាតសង្គមនានាដែលបានដាក់ចេញហាក់មានប្រសិទ្ធភាពមិនដូចទៅនឹងអ្វីដែលអ្នកជំនាញបានគ្រោងទុកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នោះទេ។ លោកនាយករដ្ឋមន្ត្រីបានសន្យាផ្ទាល់មាត់ លោកនឹងធ្វើការពិនិត្យផ្ទាល់លើការទិញវ៉ាក់សាំងនេះ តាំងពីដំណាក់កាលដេញថ្លៃលទ្ធកម្មលើតម្លៃ រហូតដល់ការព្រមព្រៀងទិញ និងការចែកចាយចាក់ជូនប្រជាជនតែម្តងទៅតាមកាលបរិច្ឆេទដែលបានកំណត់។ ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាលោកគ្រោងនឹងដឹកនាំការប្រជុំផ្ទាល់ជាមួយមន្ត្រីជំនាញដែលកំពុងចរចាលើផ្នែកលទ្ធកម្មតម្លៃនៃវ៉ាក់សាំង រៀងរាល់សប្តាហ៍តែម្តងដើម្បីធ្វើការត្រួតពិនិត្យឱ្យបានជាប់។

កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលកូរ៉េបានបញ្ជាក់ថាប្រទេសកូរ៉េខាងត្បូងបានធ្វើការកុម្មង់ទុកមនុននូវវ៉ាក់សាំងកូវីដ-១៩​ ផលិតដោយក្រុមហ៊ុនចំនួន៤ និងពីគម្រោងចែកចាយវ៉ាក់សាំងអន្តរជាតិ សម្រាប់មនុស្ស ៤៤លាននាក់នៅក្នុងប្រទេសកូរ៉េ។ បើតាមការបញ្ជាក់របស់រដ្ឋាភិបាល កូរ៉េខាងត្បូងបានបញ្ចប់រួចរាល់កិច្ចព្រមព្រៀងទិញជាមួយក្រុមហ៊ុនអង់គ្លេស AstraZeneca Inc. ហើយ និងកំពុងធ្វើការចរចាបញ្ចាប់ចុងក្រោយជាមួយក្រុមហ៊ុនដទៃទៀតមាន ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Johnson & Johnson’s Janssen និងក្រុមហ៊ុន Moderna។

ជាចុងបញ្ចប់ លោកនាយករដ្ឋមន្ត្រីក៏បានបន្តអំពាវនាវឱ្យប្រជាជនទូទាំងប្រទេស ចូលរួមជាមួយយន្តការរបស់អជ្ញាធរក្នុងការព្យាយាមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *