កូរ៉េខាងត្បូងមានជំងឺផ្តាសាយបក្សី៣ករណីថ្មីទៀត សរុប១៦ករណីហើយតាំងពីខែតុលា ខណៈអជ្ញាធរបន្តប្រុងប្រយ័ត្នតាមកសិដ្ឋានចិញ្ចឹមបក្សី

កូរ៉េខាងត្បូង៖ នៅថ្ងៃអង្គារម្សិលមិញនេះ កូរ៉េខាងត្បូងរកឃើញករណីគ្រុនផ្តាសាយបក្សីបីករណីទៀតនៅក្នុងកសិដ្ឋានចិញ្ចឹមបក្សីទូទាំងប្រទេស ដែលគិតមកដល់ឥឡូវគេរកឃើញដល់ទៅ១៦ករណីហើយ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Yonhap News។

ករណីដែលរកឃើញវិជ្ជមានជំងឺគ្រុនផ្តាសាយបក្សីនេះ ១ករណីត្រូវបានរកឃើញក្នុងកសិដ្ឋានចិញ្ចឹមមាន់នៅគូមី និង១ករណីទៀតរកឃើញនៅកសិដ្ឋានមាន់ក្នុងខេត្តចូឡាភាគខាងជើង និងករណីទី៣រកឃើញនៅកសិដ្ឋានចិញ្ចឹមក្ងានមួយនៅក្នុងខេត្តឈុងឈុនខាងត្បូង បើតាមការបញ្ជាក់របស់ក្រសួងកសិកម្មកូរ៉េ។

ក្រសួងកសិកម្មកូរ៉េបានប្រាប់ថា អជ្ញាធរមូលដ្ឋានកំពុងធ្វើការក្រុង និងអត្តឃាតបក្សីដែលនៅក្នុងកសិដ្ឋានបក្សីនានាដែលនៅក្នុងរង្វង់ចន្លោះ៣គីឡូមែ៉ត្រ ពីទីតាំងរកឃើញជំងឺផ្តាសាយបក្សីនេះ និងធ្វើការការវិធានការសុវត្ថិភាពផ្សេងទៀតដល់កសិដ្ឋានដទៃដែលនៅក្បែរនោះផងដែរ។

ករណីគ្រុនផ្តាសាយបក្សីដែលរកឃើញទាំង៣ករណីនេះជាករណីជំងឺដែលងាយឆ្លងខ្លាំង និងអាចធ្វើឱ្យបក្សីដែលឆ្លងតៗគ្នាឈឺខ្លាំង រហូតដល់ងាប់រាប់ពាន់ក្បាលក៏មាន ដែលតម្រូវឱ្យអជ្ញាធរធ្វើសត្តឃាតសម្លាប់បក្សីដែលសង្ស័យថាអាចពាក់ព័ន្ធនឹងករណីនេះចោលតែម្តង។

សូមបញ្ជាក់ថា កូរ៉េខាងត្បូងរកឃើញករណីគ្រុនផ្តាសាយបក្សីនេះដំបូងតាំងពីខែតុលាកន្លងមក ក្រោយស្ងប់ស្ងាត់អស់ជាង៣២ខែជាងមកហើយ។

Leave a Reply

Your email address will not be published. Required fields are marked *