សេអ៊ូល៖ រថយន្តក្រុងសាធារណៈដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបំពាក់ទាំងស្រុងដោយប្រព័ន្ធ Wi-Fi នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីបច្ចេកវិទ្យាកូរ៉េនៅថ្ងៃចន្ទម្សិលមិញនេះ។
រដ្ឋមន្ត្រីបច្ចេកវិទ្យាព័ត៌មានកូរ៉េបានលើកឡើងថា នេះជាលើកដំបូងគេបង្អស់ហើយនៅក្នុងពិភពលោកដែលរថយន្តក្រុងសាធារណៈទាំងអស់សុទ្ធតែត្រូវបានភ្ជាប់ដោយប្រព័ន្ធ Wi-Fi ឱ្យប្រើប្រាស់ដោយសេរីមិនគិតប្រាក់នោះ។ នៅកូរ៉េខាងត្បូង រថយន្តក្រុងសាធារណៈចំនួន ៣៥០០៦ គ្រឿងទូទាំងប្រទេសត្រូវបានភ្ជាប់ជាមួយប្រព័ន្ធ Wi-Fi អនុញ្ញាតឱ្យប្រជាជនដែលប្រើប្រាស់សេវាសាធារណៈនេះអាចប្រើប្រាស់អីនធើណែតដោយមិនចាំបាច់អស់ប្រាក់ និងជួយសន្សំសំចៃចំណាយលើគណនីស៊ីមទូរស័ព្ទផងដែរ។
បើតាមការរៀបរាប់ប្រវត្តិត្រួសៗនៃការរៀបចំប្រព័ន្ធ Wi-Fi ផ្តល់ជូនសាធារណជននេះគឺ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ ដែលកាលនោះមានរដ្ឋបាលខេត្តចំនួន១៦ សហការជាមួយក្រសួងបច្ចេកវិទ្យាដើម្បីតម្លើងប្រព័ន្ធ Wi-Fi នៅលើខ្សែរថយន្តក្រុងសាធារណៈ ហើយគម្រោងនេះត្រូវបានបញ្ចប់រួចរាល់ទាំងស្រុងក្នុងខែតុលា ឆ្នាំ២០២០នេះ ដែលមានន័យថាប្រជាជនទាំងអស់ដែលប្រើប្រាស់រថយន្តក្រុងទាំង៣ម៉ឺនគ្រឿងនៅកូរ៉េ អាចប្រើប្រាស់ Wi-Fi នេះដោយសេរី។
ទិន្នន័យដែលក្រសួងបានបង្ហាញ គឺនៅចន្លោះពីខែឧសភា២០១៩ ដល់ខែតុលា២០២០ ចំនួននៃការតភ្ជាប់ទៅនឹងប្រព័ន្ធ Wi-Fi នៅតាមរថយន្តក្រុងសាធារណៈមានដល់៤២០លានដង ដែលគិតជាមធ្យមគឺយ៉ាងហោចប្រជាជនកូរ៉េម្នាក់ៗក្នុងចំណោមប្រជាជនសរុប៥១.៦លាននាក់ ប្រើប្រាស់សេវាកម្មនេះ៨ដងឯណោះ។ ក្រសួងបានបញ្ជាក់ទៀតថា គម្រោងនេះក្នុងរយៈពេលបីឆ្នាំខាងមុខនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសន្សំសំចៃនានាសម្រាប់មនុស្សម្នាក់ បានដល់ជាង២២លានវ៉ុន (ប្រហែល២ម៉ឺនដុល្លារអាម៉េរិក) ឯណោះ។