កូរ៉េខាងត្បូង៖ រដ្ឋបាលខេត្ត និងក្រុងទូទាំងប្រទេសកូរ៉េខាងត្បូងឥឡូវនេះកំពុងត្រៀមខ្លួនក្នុងភាពអាសន្នហាក់ដូចជាស្រុកកំពុងមានសង្គ្រាមរៀងៗខ្លួនហើយ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងនៃជំងឺកូវីដ-១៩ នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។
នៅថ្ងៃចន្ទនេះ រដ្ឋបាលខេត្ត និងក្រុងស្ទើរទូទាំងប្រទេសបានប្រមែប្រមូលកម្លាំងគ្រប់មធ្យោបាយដើម្បីរៀបចំត្រៀមគ្រែមន្ទីរពេទ្យដើម្បីទទួលអ្នកជំងឺកូវីដ-១៩ ខណៈដែលការធ្វើតេស្តបន្តកើនឡើង និងវិធានការគម្លាតសង្គមក៏កំពុងត្រូវបានពិចារណាតម្លើងជាបន្តបន្ទាប់ផងដែរ ក្រោយពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បន្តឡើងជាបន្តបន្ទាប់យ៉ាងគំហុកនោះ។
នៅក្នុងខេត្តឃ្យ៉ុងគីដូ ដែលមានករណីកើនឡើងប្រចាំថ្ងៃច្រើនដល់ជាង២០០នាក់ដែរនោះថ្មីៗនេះ អជ្ញាធរបានផ្តោតលើការបង្កើនចំនួនគ្រែពេទ្យ និងទីតាំងសម្រាប់ព្យាបាលដើម្បីទទួលយកនូវចំនួនអ្នកជំងឺដែលកើនឡើងច្រើន។ បើតាមទិន្នន័យពីមន្ត្រី តាមបណ្តាខេត្តដែលនៅជុំវិញទីក្រុងសេអ៊ូល មន្ទីរពេទ្យផ្តល់គ្រែពេទ្យសឹងតែ ៩១.៤% ត្រូវបានចាត់ចែងឱ្យទៅអ្នកជំងឺកូវីដ-១៩ ខណៈចំនួនគ្រែពេទ្យដែលត្រូវរៀបត្រៀមសម្រាប់អ្នកឈឺកូវីដដែលមានអាការៈធ្ងន់ធ្ងរមានត្រឹមតែ១%ប៉ុណ្ណោះ ក្នុងចំណោមគ្រែដែលមានសរុបទាំងអស់។

សម្រាប់ខេត្តឃ្យ៉ុងគីនេះ អ្នកជំងឺកូវីដដែលតេស្តវិជ្ជមានហើយ មិនទាន់មានគ្រែពេទ្យដើម្បីអាចទៅព្យាបាលបាននោះបានកើនពី២៣នាក់ ឡើងដល់៣០៨នាក់ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញផងដែរ។ ដោយហេតុនេះហើយ រដ្ឋបាលខេត្តនេះកំពុងព្យាយាមស្វែងរកទីតាំងឯកជននានាដើម្បទទួលដាក់ព្យាបាលអ្នកជំងឺកូវីដដែលបន្តកើនឡើង ក្នុងនោះរួមមានទាំងទីតាំងថ្នាក់រៀនក្នុងសាកលវិទ្យាល័យផងដែរ។ បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តនេះ បន្ទប់អន្តេរវាសិកដ្ឋានរបស់សាកលវិទ្យាល័យឃ្យ៉ុងគី (Kyonggi University) ដល់ទៅ១០០០បន្ទប់នៅតំបន់ស៊ូវ៉ុន នឹងត្រូវរៀបចំទៅជាទីតាំងសម្រាកព្យាបាលជំងឺបណ្តោះអាសន្ន ខណៈដែលទីតាំងសាកលវិទ្យាល័យមួយទៀត រួមនឹងសាលហាត់កីឡារបស់ខេត្តក៏នឹងត្រូវរៀបចំបម្លែងទៅជាកន្លែងទទួលអ្នកជំងឺដូចគ្នាដែរ។
ខេត្តហ្គាងវ៉ុន (Gangwon) ឯណោះវិញ ក៏កំពុងជួបបញ្ហារឿងកង្វះខាតគ្រែ និងទីតាំងសម្រាប់ទទួលអ្នកជំងឺនេះដែរ ក្រោយពីមានករណីឆ្លងថ្មីជាង៦០ករណីរៀងរាល់ថ្ងៃរយៈពេលដល់ទៅ៣ថ្ងៃជាប់គ្នាកន្លងមក។ រដ្ឋបាលខេត្តនេះកំពុងព្យាយាមសស្រាក់សស្រាំផងដែរ ដើម្បីត្រៀមក្នុងករណីដែលអ្នកជំងឺបន្តកើនឡើងតទៀត ដោយរៀបចំដាក់មន្ទីរពេទ្យរដ្ឋទាំងអស់នៅក្នុងខេត្តសម្រាប់ទទួលអ្នកជំងឺកូវីដ ខណៈអ្នកដែលឈឺទូទៅ នឹងត្រូវបញ្ជូនចេញទៅតាមមន្ទីរពេទ្យឯកជនវិញ។
រដ្ឋបាលក្រុង Gangneung វិញបានប្រកាសគ្រោងនឹងផ្តល់ការធ្វើតេស្តដល់ប្រជាជនទាំងអស់តែម្តងក្នុងក្រុងរបស់ខ្លួន ក្រោយពីមានករណីឆ្លងជាចង្កោមចេញពីក្នុងក្រុងនោះ។ ក្រុងនេះក៏បានតម្លើងវិធានការគម្លាតសង្គមដល់កម្រិត២.៥ផងដែរ ដែលជាកម្រិតខ្ពស់ជាងគេទីពីរនៅក្នុងកម្រិតវិធានការគម្លាតសង្គមទាំងអស់។
នៅឯក្រុង Dangjin រដ្ឋបាលក្រុងនេះក៏គ្រោងនឹងតម្លើងវិធានការគម្លាតសង្គមដល់កម្រិត២.៥ ចាប់ពីថ្ងៃអង្គារស្អែកទៅ ក្រោយពីរកឃើញករណីឆ្លងសហគមន៍ផ្ទុះចេញពីក្នុងក្រុងរបស់ខ្លួន។ ចំណែកឯក្រុងខ្វាងជូ ប្រមាណ៣៣០គីឡូម៉ែត្រពីសេអ៊ូល ក៏បានដាក់ចេញវិធានការបិទរាល់ក្លឹបកម្សាន្ត បារ ខារ៉ាអូខេ និងឆាកប្រគុំតន្ត្រី និងសម្តែងទាំងអស់ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៥ព្រឹកផងដេរ រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃអង្គារស្អែកដូចគ្នា។
សូមបញ្ជក់ថា នៅថ្ងៃចន្ទនេះករណីឆ្លងថ្មីនៃជំងឺកូវីដបានចុះមកត្រឹម៧១៨ករណី ខណៈដែល៦៨២ករណីជាករណីឆ្លងក្នុងស្រុក។ ចំនួនករណីឆ្លងសរុបកើនដល់ ៤៣៤៨៤ករណីហើយ គិតត្រឹមថ្ងៃចន្ទនេះ។