កូរ៉េខាងត្បូងប្រកាសបិទសាលារៀន និងសាលាមតេ្តយ្យទាំងអស់នៅសេអ៊ូល និងតំបន់ជុំវិញ ចាប់ពីថ្ងៃអង្គារនេះទៅ ដោយសារការផ្ទុះខ្លាំងនៃកូវីដ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានដាក់ចេញវិធានការចុងក្រោយគេបង្អស់ ដោយតម្រូវឱ្យសាលារៀន និងសាលាមតេ្តយ្យទាំងអស់នៅទូទាំងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះផ្អាកដំណើរជាបណ្តោះអាសន្ន ដោយផ្លាស់ប្តូរទៅជាការរៀនតាមប្រព័ន្ធអនឡាញវិញ ចាប់ពីថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះតទៅ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩ដែលរីករាលដាលកាន់តែខ្លាំងឡើង នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

វិធានការថ្មីនេះនឹងជាជំហានឆ្ពោះទៅរកការរឹតបន្តឹងបន្ថែមលើវិធានការគម្លាតសង្គម ដែលអាចនឹងត្រូវតម្លើងដល់កម្រិតខ្ពស់ជាងគេបង្អស់ កម្រិត៣នាពេលឆាប់ៗនេះ ដែលគេមើលឃើញថាវិធានការគម្លាតសង្គមកម្រិត៣នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសង្គម និងសេដ្ឋកិច្ចមិនខាននោះឡើយ។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Chung Sye-kyun បានគូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងថា ជំហាននេះគឺទាមទារឱ្យមានការពិនិត្យមើលឡើងវិញយ៉ាងម៉ត់ចត់ ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានពង្រីកការរឹតបន្ដឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 នេះ។

វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ដំណាក់កាលទី៣នេះ មានតែអ្នកធ្វើការដែលចាំបាច់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងការិយាល័យ ឬចូលទៅក្នុងការជួបជុំ ដែលត្រូវបានកំណត់ឲ្យមានមនុស្សតិចជាង ១០នាក់។ ក្នុងនោះដែរ ក៏នឹងមានការរឹតបន្តឹងប្រតិបត្តិការពាណិជ្ជកម្ម និងការជួបជុំរបស់មនុស្សកាន់តែច្រើនឡើងៗផងដែរ។

គួរបញ្ជាក់ថា បើតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងមានករណីកូវីដសរុបនៅទូទាំងប្រទេសកើនដល់ ៤៣៤៨៤ករណី ដែលក្នុងនោះមានអ្នកស្លាប់ ៥៨៧នាក់ និងជាសះស្បើយ ៣២,១០២នាក់៕

ខ្លឹមសារដកស្រង់ពី៖ សារព័ត៌មាន Fresh News

Leave a Reply

Your email address will not be published. Required fields are marked *