សេអ៊ូល៖ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសថានឹងព្យាយាមរកទីតាំងគ្រែពេទ្យបម្រុងឱ្យបានយ៉ាងហោចណាស់១ម៉ឺនគ្រែ នៅក្នុងទីក្រុងសេអ៊ូលដើម្បីត្រៀមចាំទទួលអ្នកជំងឺកូវីដ-១៩ ខណៈដែលករណីអ្នកជំងឺកូវីដ-១៩ថ្មីបន្តកើនឡើងជាបន្តបន្ទាប់នោះ។
បើតាមផែនការរបស់ក្រសួងសុខាភិបាលកូរ៉េ ការត្រៀមបម្រុងគ្រែពេទ្យដល់ទៅ១ម៉ឺនគ្រែនេះគឺអាចត្រៀមសម្រាប់ការកើនឡើងនៃអ្នកជំងឺកូវីដប្រហែលជា១០០០ករណីប្រចាំថ្ងៃសម្រាប់រយៈពេល២០ថ្ងៃបន្ទាប់ ក្នុងករណីដែលមនុស្ស៥០០នាក់យ៉ាងតិចត្រូវបានព្យាបាលជា ឬចប់ចត្តាឡីស័កប្រចាំថ្ងៃក្នុងអំឡុងពេលនោះដែរ។ ក្នុងចំណោមគ្រែដល់១ម៉ឺនគ្រែនោះដែរ គ្រែ៣០០នឹងត្រូវត្រៀមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ គ្រែ២៧០០នឹងត្រូវត្រៀមសម្រាប់អ្នកជំងឺដែលឈឺកម្រិតមធ្យម ឬអ្នកមានហានិភ័យខ្ពស់ និង៧០០០គ្រែទៀតសម្រាប់អ្នកជំងឺដែលឈឺស្រាល ឬុមិនមានអាការៈអ្វីធ្ងន់ធ្ងរនោះ។
ក្រសួងបានបញ្ជាក់ថា តាមតួលេខនៃចំនួនគ្រែដែលមានបច្ចុប្បន្ន គេនឹងត្រូវការស្វែងរកប្រភពគ្រែពេទ្យបន្ថែមដែលអាចស្នើសុំការជួយសហការពីសំណាក់មន្ទីរពេទ្យឯកជនទាំងឡាយផងដែរ។ គ្រែដែលនៅខ្វះ ហើយត្រូវការរកបន្ថែមមានដូចជាគ្រែ២៨៧ សម្រាប់អ្នកជំងឺឈឺធ្ងន់ គ្រែ២២៦០ សម្រាប់អ្នកជំងឺមធ្យម និងគ្រែ៤៩០៥ទៀតសម្រាប់អ្នកដែលឈឺស្រាល។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញកូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីលើសពី១០០០ករណី ដែលក្នុងនោះ៣៩៩ករណីនៅក្នុងទីក្រុងសេអ៊ូល ៣៣១ករណីនៅក្នុងខេត្តឃ្យ៉ុងគីដូ និងទីក្រុងអ៊ីនឆន់ចំនួន៦២ករណី។