ចែករំលែកផង! ពីថ្ងៃចន្ទទៅអជ្ញាធរកូរ៉េត្រៀមកន្លែងតេស្ត ១៥០ ទីតាំងនៅសេអ៊ូល និងតំបន់ជុំវិញ សម្រាប់អ្នកសង្ស័យកូវីដមកធ្វើតេស្តមិនគិតថ្លៃ

សេអ៊ូល៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមរៀបចំទីតាំងពិនិត្យសំណាកស្វែងរកកូវីដ-១៩ ដល់ទៅ១៥០ទីតាំងថ្មីនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនធំៗជុំវិញសេអ៊ូល សម្រាប់ធ្វើតេស្តអ្នកជាប់សង្ស័យពាក់ព័ន្ធនឹងកូវីដ-១៩ ដោយមិនគិតថ្លៃ នេះបើតាមសារព័ត៌មាន Yonhap News នៅថ្ងៃអាទិត្យនេះ។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KCDA) បានបញ្ជាក់ថាទីតាំងធ្វើតេស្តទាំង១៥០កន្លែងថ្មីនេះ នឹងចាប់ផ្តើមប្រតិបត្តិការពីថ្ងៃចន្ទទី១៤ ខែធ្នូស្អែកនេះ រហូតដល់ថ្ងៃទី៣ ខែមករា ក្នុងយុទ្ធនាការរយៈពេល៣សប្តាហ៍ដើម្បីគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ទីតាំងសំខាន់ៗដែលគេនឹងរៀបចំសម្រាប់ការធ្វើតេស្តមានដូចជាស្ថានីយ៍យ៉ុងសាន (Yongsan Stations) សាកលវិទ្យាល័យធំៗ និងតំបន់កន្លែងដទៃទៀតដែលមានហានិភ័យនៃការឆ្លងច្រើននាពេលកន្លងមក។ ទីតាំងធ្វើតេស្តទាំង១៥០កន្លែងនេះ នឹងចាប់ផ្តើមធ្វើតេស្តពីម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច។

អជ្ញាធរសុខាភិបាលគ្រោងនឹងប្រមូលកម្លាំងយ៉ាងតិច ៨១០ នាក់ ដែលក្នុងនោះរួមមានទាំងកម្លាំងយោធា និងប៉ូលីសផងដែរ ដើម្បីជួយជាកម្លាំងក្នុងយុទ្ធនាការដើម្បីទប់ស្កាត់កូវីដ-១៩នេះ។ ការដាក់ចេញនូវយុទ្ធនាការធ្វើតេស្តដ៏សស្រាក់សស្រាំនេះ គឺក្រោយពីប្រទេសកូរ៉េខាងត្បូង ជាពិសេសទីក្រុងសេអ៊ូលនេះតែម្តងដែលប៉ុន្មានសប្តាហ៍នេះរកឃើញករណីកូវីដ-១៩ថ្មិរាប់រយករណីប្រចាំ​ថ្ងៃ ហើយថ្ងៃអាទិត្យនេះគឺរកឃើញករណីកូវីដថ្មីទូទាំងប្រទេសដល់ទៅ១០៣០ករណី ជាករណីដែលច្រើនជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េ តាំងពីកូវីដចាប់ផ្តើមវាយប្រហារមក។

ឆ្លើយតបទៅនឹងការកើនយ៉ាងគំហុកនៃករណីកូវីដ-១៩នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងធ្វើការពិនិត្យលើការតម្លើងវិធានការគម្លាតសង្គមទៀតហើយ អាចនឹងតម្លើងដល់កម្រិតខ្ពស់ជាងគេបំផុតក្នុងពេលឆាប់ៗនេះ បើតាមការលើកឡើងរបស់លោកប្រធានាធិបតី មូន ជេអ៊ីន។

Leave a Reply

Your email address will not be published. Required fields are marked *