ថ្ងៃនេះកូរ៉េខាងត្បូងរកឃើញ៩៥០ករណីកូវីដ ចំនួនច្រើនជាងគេបង្អស់មិនធ្លាប់មាន និងព្រមានកាន់តែខ្លាំងអំពីរលកទីបីនៃកូវីដក្នុងរដូវរងានេះ

កូរ៉េខាងត្បូង៖ ថ្ងៃសៅរ៍ព្រឹកនេះ ករណីកូវីដ-១៩ថ្មីដែលរកឃើញនៅកូរ៉េខាងត្បូងកើនដល់ទៅ ៩៥០ ករណី ដែលជាចំនួនច្រើនជាងគេបង្អស់គិតក្នុងរយៈពេល១១ខែចុងក្រោយនេះចាប់តាំងពីមេរោគកូរ៉ូណាចាប់ផ្តើមវាយលុកមកលើប្រទេសកូរ៉េមក បើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ក្នុងចំណោម៩៥០ករណីថ្មីដែលរកឃើញនេះ ៩២៨ករណីជាករណីឆ្លងក្នុងស្រុក ហើយចំនួនករណីកូវីដ-១៩ក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់៤១៧៣៦ករណី ហើយបើតាមទិន្នន័យផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងត្បូង KCDA។ ចំនួននេះបានក្លាយជាចំនួនករណីឆ្លងច្រើនបំផុតហើយក្នុងប្រវត្តិសាស្រ្តកូរ៉េជាមួយជំងឺកូវីដជាង១១ខែមកនេះ ដោយចំនួនដែលឆ្លងច្រើនជាងគេមុននោះ កាលពីថ្ងៃទី២៩ កុម្ភៈកន្លងទៅមានត្រឹមតែ៩០៩ករណីប៉ុណ្ណោះ។ ក្នុងនោះដែរកាលពីថ្ងៃសុក្រម្សិលមិញ ករណីឆ្លងថ្មីមានដល់៦៨៩ករណីដែរ។

អជ្ញាធរបញ្ជាក់ថាការឆ្លងច្រើនបែបនេះគឺកើតចេញពីការឆ្លងជាចង្កោមសហគម​ន៍ពីការជួបជុំគ្នា​ឯកជនតូចៗ និងការជួបជុំនៅតាមវិហារ និងមន្ទីរពេទ្យមួយកន្លែងដែលមានការឆ្លងបន្តគ្នាយ៉ាងច្រើន។ ក្នុងចំនួនករណីឆ្លងទាំងអស់ ៧០%គឺកើតចេញពីតំបន់សេអ៊ូល៣៥៩ករណី និងតំបន់ក្រុងធំៗជុំវិញសេអ៊ូលមានខេត្តឃ្យ៉ុងគីដូដែលមាន២៦៨ករណី និងក្រុងអ៊ីនឆន់៤២ករណីទៀត។

ចំពោះទីក្រុងសេអ៊ូល គេរកឃើញថាមានដល់ទៅ៥៩នាក់ឆ្លងតគ្នាជាចង្កោមចេញពីព្រះវិហារសាសនាមួយកន្លែងនៅក្នុងសង្កាត់ Gangseo និង៦៧ករណីទៀតកើតចេញពីប្រភពមន្ទីរពេទ្យមួយកន្លែងនៅក្នុងសេអ៊ូលដូចគ្នា។

ជាមួយនឹងការឆ្លងថ្មីដ៏គួរឱ្យបារម្ភ និងការព្យាករណ៍ពីការកើតឡើងនៃរលកទីបីនៃជំងឺកូវីដក្នុងរដូវរងារនេះ រដ្ឋាភិបាលបន្តអំពាវនាវឱ្យប្រជាជនរួមគ្នាអនុវត្តវិធានការគម្លាតសង្គមកម្រិត២.៥ ឱ្យបានមានប្រសិទ្ធភាព ក្រោយពីវិធានការនេះត្រូវបានដាក់ចេញប៉ុន្មានថ្ងៃមកហើយដែរ ប៉ុន្តែហាក់មិនមានប្រសិទ្ធភាពនោះឡើយ។ អជ្ញាធរសុខាភិបាលកូរ៉េបានលើកឡើងថារលកទីបីដែលអាចនឹងផ្ទុះឡើងក្នុងរដូវរងារនេះ អាចនឹងមានទំហំធំជាងរលកកូវីដមុនៗដោយសារតែអាកាសធាតុចុះត្រជាក់ និងស្ងួតខ្លាំង ស្របពេលដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សនឹងចុះខ្សោយក្នុងរដូវនេះ។

បើតាមការអង្កេតរបស់អ្នកជំនាញ ជំងឺកូវីដនេះត្រូវការពេលដល់៨០ថ្ងៃក្នុងការបង្កើនចំនួនឆ្លងពី២០០០០ករណី មកដល់៣០០០០ករណី នាពេលកន្លងមក ប៉ុន្តែសម្រាប់ពី៣០០០០ករណីឡើងមកដល់៤០០០០ករណី ត្រូវការរយៈពេលត្រឹមតែ២០ថ្ងៃជាងប៉ុណ្ណោះ ជាពិសេសគឺនៅក្នុងរដូវចុះត្រជាក់នេះ។

សូមបញ្ជាក់ថា ក្នុងចំណោមករណីជំងឺកូវីដដែលកំពុងព្យាបាលទាំងអស់មានដល់១៧៩ករណីដែលជាករណីឈឺធ្ងន់ធ្ងរ ខណៈដែលអ្នកបាត់បង់ជីវិតដោយសារជំងឺនេះកើនដល់៥៧៨ករណីហើយ។ ក្នុងនោះករណីដែលបានជាសះស្បើយកើនដល់ ៣១៤៩៣ករណីផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *