ក្នុងជំនួបជាមួយក្រុមហ៊ុន DGB ស្ថានទូតកម្ពុជាទទួលបានម៉ាស់តម្លៃ១ម៉ឺនដុល្លារ និងបញ្ចុះអត្រាការប្រាក់ជូនពលករខ្មែរនៅកូរ៉េទៀតផង

សេអ៊ូល៖ កិច្ចការសេដ្ឋកិច្ចការទូតកម្ពុជា-កូរ៉េបានដំណើរការវិវត្តន៍ជាបន្ដបន្ទាប់គួរជាទីមោទនៈ!

លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងក្រុមការងារស្ថានទូតបានទទួលជំនួបពិភាក្សាជាមួយប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ដែលជាប្រធានក្រុមប្រឹក្សាភិបាល ដែលជំនួបនេះផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ យោគយល់គ្នា និងការផ្ដល់ជំនួយសប្បុរសធម៌ដល់កម្ពុជា នេះបើតាមការបង្ហោះរបស់ឯកឧត្តមអគ្គរាជទូតផ្ទាល់នៅរសៀលថ្ងៃសុក្រនេះ។

បើតាមការបញ្ជាក់ផងដែរនោះ សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការវិនិយោគទុនរកស៊ីក្នុងវិស័យធនាគារនៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្នបានពង្រីកខ្លួនរហូត ៩សាខា ជាមួយបុគ្គលិកប្រមាណជាង ៦០០នាក់។

លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានថ្លែងអំណរគុណ ដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសន្យាជួយសហការបង្កលក្ខណៈ និងជម្រុញបន្ថែមអស់ពីលទ្ធភាពរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនាសម្រាប់ក្រុមហ៊ុនដែលមានបំណង និងបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ក្នុងនោះដែរ លោក KIM TAE OH ក៏សូមថ្លែងអំណរគុណដល់ ឯកអគ្គរាជទូត និងសហការី សម្រាប់ការស្វាគមន៍ និងបង្កលក្ខណៈដល់រូបលោក និងសហការី ហើយទន្ទឹមនឹងគ្នានេះ សម្ព័ន្ធ DGB Financial Group បានសម្រេចផ្ដល់អំណោយជាម៉ាស់ដល់កម្ពុជាដែលកំពុងមានតម្រូវការ តាមរយៈស្ថានទូត ដោយគិតជាទឹកប្រាក់ចំនួន ១០,០០០ដុល្លាអាមេរិក និងការបញ្ចុះអត្រាការប្រាក់ឥណទានសម្រាប់ពលករខ្មែរនៅប្រទេសកូរ៉េឱ្យកាន់តែប្រសើរ តបតាមការស្នើរបស់ស្ថានទូតកម្ពុជា។

បន្ថែមពីលើនេះលោកប្រធានក៏បានស្នើដល់ឯកអគ្គរាជទូតកម្ពុជាយើងដើម្បីជួយសិក្សាណែនាំអំពីទីតាំងដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាលរបស់ធនាគានៅកម្ពុជា ក៏ដូចជាជួយណែនាំធនធានមនុស្សដែលមានសមត្ថភាពក្នុងការទទួលកិច្ចការសំខាន់ៗរបស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *