សេអ៊ូល៖ គ្រប់អាជីវកម្មក្លឹបកម្សាន្ត និងបារក្នុងទីក្រុងសេអ៊ូល នឹងត្រូវផ្អាកដំណើរការមួយរយៈសិន បន្ទាប់ពីមានការផ្ទុះករណីឆ្លងថ្មីពាក់ព័ន្ធនឹងតំបន់កម្សាន្តអ៊ីតេវុនក្នុងប៉ុន្មានថ្ងៃនេះ បើតាមការដាក់ចេញបទបញ្ជាពីសាលាក្រុងសេអ៊ូលនាព្រឹកថ្ងៃសៅរ៍នេះ។
បទបញ្ជារដ្ឋបាលរបស់សាលាក្រុងសេអ៊ូល ដែលត្រូវចូលជាធរមានភ្លាមៗ បានបញ្ជាក់ថា គ្រប់ក្លឹបកម្សាន្ត បារ សាឡន និងហាងកម្សាន្តពេលរាត្រីដទៃទៀតក្នុងទីក្រុងសេអ៊ូល នឹងត្រូវផ្អាកមួយរយៈពីការបើកទទួលភ្ញៀវច្រើនៗ ហើយប្រសិនបើមានការអនុវត្តផ្ទុយពីបទបញ្ជា ម្ចាស់ហាងទាំងនោះនឹងប្រឈមការពិន័យយ៉ាងតឹងរឹង ហើយលោកអភិបាលក្រុងសេអ៊ូល Park Won-soon បានបញ្ជាក់ថា បទបញ្ជានេះនឹងបន្តមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែមទៀត។
វិធានការរឹតបន្តឹងថ្មីនេះ បានដាក់ចេញក្រោយពីមានករណីផ្ទុះការឆ្លងកូវីដ-១៩ ថ្មីជាបន្តបន្ទាប់ពីបុរសអាយុ ២៩ ឆ្នាំ ដែលបានទៅក្លឹបកម្សាន្តនៅតំបន់អ៊ីតេវុន កាលពីចុងសប្តាហ៍មុន។
ក្នុងថ្ងៃសៅរ៍នេះ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៨ករណី ដែលក្នុងនោះមានពាក់ព័ន្ធនឹងក្លឹបកម្សាន្តនេះ រហូតដល់ ១៧ ករណីទៅហើយ។ អជ្ញាធរសុខាភិបាលកូរ៉េ ព្យាករណ៍ថាចំនួនករណីឆ្លងអាចនឹងកើនឡើងថែមទៀត ដោយសារចំនួនអ្នកដែលបានទៅក្លឹបកម្សាន្តនាចុងសប្តាហ៍មុននោះ មានដល់ជាង ១៥០០ នាក់ឯណោះ។
អជ្ញាធរបន្តជម្រុញឱ្យអ្នកដែលបានទៅកម្សាន្តនៅតំបន់អ៊ីតេវុន ក្នុងក្លឹប និងបារដូចជា King Club, Trunk Club and Club Queen ចន្លោះពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃពុធ ទី ០៦ ឧសភានេះ គួរទៅធ្វើតេស្តរកមើលមេរោគកូរ៉ូណា និងដាក់ខ្លួនឯងឱ្យសិ្ថតនៅដាច់ពីគេផងដែរ។
សូមបន្តរក្សាការអនុវត្តទៅតាមវិធានការការពាររបស់អជ្ញាធរ ហើយគួរចងចាំថាបើទោះបីជាមានការដកចេញនូវវិធានការរឹតបន្តឹងមួយចំនួន ក្រោយពីមានការធូរស្បើយនៃការឆ្លងក៏ដោយ ក៏ហានិភ័យនៃការឆ្លង និងចម្លងមេរោគនេះនៅតែមាននៅឡើយ។