កូរ៉េខាងត្បូងបញ្ចេញកម្លាំងយោធា និងប៉ូលីសជាង៨០០នាក់នៅសេអ៊ូល ជួយតាមដានប្រភពឆ្លងនៃជំងឺកូវីដដែលកើនរៀងរាល់ថ្ងៃ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងនឹងដាក់ពង្រាយកងកម្លាំងយោធា និងប៉ូលីសជាង៨០០នាក់ នៅក្នុងទីក្រុងសេអ៊ូល ដើម្បីជួយជាកម្លាំងបន្ថែមដល់បុគ្គលិកសុខាភិបាលជួរមុខ ក្នុងការតាមស្វែងរកប្រភពពាក់ព័ន្ធនឹងអ្នកកើតកូវីដ ដោយសារការកើនឡើងករណីឆ្លងកូវីដ-១៩ ខណៈដែលករណីឆ្លងថ្មីប្រចាំថ្ងៃនៅតែបន្តកើនឡើងគួរឱ្យព្រួយបារម្ភបំផុតនោះ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលត្រូវបានរាយការណ៍ក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃសុក្រ ទី១១ ធ្នូ ឆ្នាំ២០២០នេះ។

បើតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ករណីឆ្លងកូវីដ-១៩ថ្មីនៅថ្ងៃនេះមានចំនួន ៦៨៩ករណី ដែលក្នុងនោះ ៦៧៣ករណី គឺជាករណីឆ្លងក្នុងស្រុក ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៤០,៧៨៦ករណី។ ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់សរុបនៅប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងដល់ ៥៧២នាក់ផងដែរ ខណៈអ្នកជំងឺសរុបចំនួន ៣១,១៥៧នាក់បានជាសះស្បើយ។

កាលពីថ្ងៃពុធកន្លងមក អាជ្ញាធរកូរ៉េខាងត្បូងបានដាក់ចេញបទបញ្ជាឱ្យសាងសង់មន្ទីរពេទ្យកុងតឺន័រឱ្យរួចរាល់នៅក្នុងសប្តាហ៍នេះផងដែរ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមមន្ទីរពេទ្យតូច-ធំនានា ដែលកំពុងជួបបញ្ហាខ្វះខាតទីតាំងសម្រាប់ទទួលអ្នកជំងឺថ្មីយ៉ាងច្រើនជារៀងរាល់ថ្ងៃនេះ។ អ្នកជំនាញបន្តព្រមានថារលកទី ៣ នៃការឆ្លងរាត្បាតកូវីដ-១៩នេះ ហាក់បីដូចជាមានសន្ទុះរឹតតែខ្លាំងឡើងៗ។

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលកូរ៉េកំពុងព្យាយាមកាន់តែខ្លាំងក្នុងការតាមដានរកប្រភពអ្នកពាក់ព័ន្ធនឹងអ្នកដែលវិជ្ជមានកូវីដ និងព្យាយាមផ្តល់នូវវិធីកាន់តែច្រើនបន្ថែមទៀតសម្រាប់ការធ្វើតេស្តដើម្បីអាចគ្រប់គ្រងហានិភ័យនៃការឆ្លងសហគមន៍នាពេលនេះបាន ដែលក្នុងទីក្រុងសេអ៊ូលមានទីតាំងពិនិត្យកូវីដ-១៩ដល់ទៅ១៥០កន្លែងឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *