តោះមកដឹងពីប្រវត្តិ Wing វេរលុយ! តាំងពីបទពិសោធន៍បរាជ័យ រហូតដល់ត្រូវលក់ក្រុមហ៊ុនចោល ឈានមកដល់ថ្ងៃនេះជោគជ័យដល់កំពូល

LuyBook៖ ថ្ងៃនេះ LuyBook នឹងចែករំលែកពីប្រវត្តិរបស់ក្រុមហ៊ុន Wing (វីង) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្ទេរប្រាក់តាមឌីជីថល ដែលពួកយើងទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់គ្រប់គ្នាហើយ។

Wing Cambodia Limited Specialised Bank ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៩ ដោយធនាគារ ANZ នៅកម្ពុជា។ បេសកកម្មរបស់ Wing គឺការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដោយងាយស្រួលតាមទូរស័ព្ទចល័តដល់ប្រជាជនកម្ពុជា ដើម្បីកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

យ៉ាងណាមិញ ក្នុងរយៈពេល ៣ ឆ្នាំដំបូងនៃការបើកដំណើរការ បេសកកម្មនោះមិនត្រូវបានសម្រេច ដោយសារកង្វះចំណេះដឹង និងចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ដែលនាំឱ្យស្ថាបនិកដំបូងរបស់ Wing សម្រេចចិត្តក្នុងការលក់នៅអាជីវកម្មនេះចេញ។ ប៉ុន្តែនៅពេលនោះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានយល់ឃើញថាចក្ខុវិស័យរបស់ Wing មានសក្តានុពលខ្លាំងសម្រាប់បរិការណ៍សេដ្ឋកិច្ចនៅកម្ពុជា ដែលអត្រាជ្រៀតចូលនៃវិស័យធនាគារមានកម្រិតទាបខ្លាំង ហើយប្រជាជនមិនដល់ ១០% ផងដែលប្រើប្រាស់កុងធនាគារ។ រ៉ូយ៉ាល់គ្រុបបានយល់ឃើញថាអាជីវកម្មរបស់ Wing ជាឱកាស និងគំរូធនាគារថ្មីមួយ ដែលអាចផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងមិនត្រូវបានរាប់បញ្ចូលក្នុងវិស័យធនាគារ ។ កត្តានេះ បានជម្រុញឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទិញសិទ្ធិកាន់កាប់ Wing ពីធនាគារ ANZ ។

ជាមួយនឹងការគ្រប់គ្រងថ្មី ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្វែរទិសដៅប្រតិបត្តិការរបស់ Wing ដោយបន្ថែមនៅបញ្ជរភ្នាក់ងារ Wing ដើម្បីជួយបង្កើនទំនុកចិត្ត ក៏ដូចជា ជួយអ្នកប្រើប្រាស់ជាមួយ “ ប្រតិបត្តិការឌីជីថល” ខណៈអត្រាអក្ខរៈកម្មផ្នែកឌីជីថលរបស់ប្រជាជនខ្មែរនៅមានកម្រិត។ ចាប់តាំងពីពេលនោះមក Wing បានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកទៅលើបរិយាបន្នហិរញ្ញវត្ថុ (financial inclusion) ដោយបានភ្ជាប់គម្លាតរវាង អ្នកដែលមិនមានកុងធនាគារ ឬមិនស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគាររាប់លាននាក់ ឱ្យមានលទ្ធភាពចូលរួមក្នុងវិស័យហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច។

Wing បានពង្រីកផលិតផល និងសេវាកម្មរបស់ខ្លួនយ៉ាងទូលំទូលាយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមាន៖ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិទៅកាន់ ១៩៥ ប្រទេស, ការទូទាត់វិក្កយបត្រប្រាក់ និងសេវាទឹកភ្លើង, ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ, សេវាបើកប្រាក់ខែ និងដំណោះស្រាយខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងៗ ដែលប្រជាជនកម្ពុជាអាចប្រើប្រាស់បានពីលើទូរស័ព្ទដៃរបស់ខ្លួនផ្ទាល់តែម្តង។ បន្ថែមពីនេះ Wing Pay ក៏មានសេវាកម្ម សន្សំខ្នាតតូច, ការទូទាត់សងឥណទាន និងប្រាក់កម្ចី, និងការទូទាត់បង់ធានារ៉ាប់រង, ការធ្វើពាណិជ្ជកម្មតាមអនឡាញជាដើម។

ស្ទើរតែ ៩០% នៃប្រជាជនពេញវ័យប្រើប្រាស់សេវាកម្ម Wing យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ក្នុងមួយនាទីមានប្រតិបត្តិការ Wingប្រមាណ ៥០០ កំពុងកើតឡើង ។ នៅឆ្នាំ ២០១៩ បរិមាណប្រតិបត្តិការនៅក្នុងបណ្តាញ Wing គឺប្រហែលនឹង ៩០% នៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា។

នេះគឺជារឿងជោគជ័យមួយ ដែលបង្ហាញពីឥទ្ធិពលរបស់ fintech ក្នុងការផ្លាស់ប្តូរការរស់នៅរបស់មនុស្សរាប់លាននាក់នៅកម្ពុជា។ ដំណោះស្រាយ fintech ថ្មីៗជាច្រើនកំពុងតែលេខមុខមាត់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ LuyBook មានការរំភើប និងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះសក្តានុពល ដែលវិស័យ fintechនឹងនាំមកឱ្យដល់សេដ្ឋកិច្ចកម្ពុជា។

ខ្លឹមសារទាំងស្រុងពី៖ LuyBook

 

Leave a Reply

Your email address will not be published. Required fields are marked *