សេអ៊ូល៖ ភេសជ្ជៈតែទឹកដោះគោប្រើប្រាស់ស្ករត្នោត (Brown Sugar) និងប្រភេទស្ករដទៃទៀតប្រហាក់ប្រហែលត្រូវបានអ្នកជំនាញរកឃើញថាមានកម្រិតជាតិស្ករលើសកម្រិត នេះបើតាមការធ្វើសម្រង់មតិមួយដោយសាលាក្រុងសេអ៊ូលដែលបានបង្ហាញលទ្ធផលនៅថ្ងៃពុធនេះ។
ប្រភេទភេសជ្ជៈដែលប្រើប្រាស់ស្ករត្នោត (Brown Sugar) ក្នុងចំណុះ២៨២ក្រាម ត្រូវបានរកឃើញថាមានជាតិស្ករជាមធ្យមដល់ទៅ៣៤.៨ក្រាម ដែលមានចំណុះលើសពីកម្រិតជាតិស្ករដែលមនុស្សម្នាក់គួរតែទទួលទានក្នុងមួយថ្ងៃដល់ទៅ៣៣%ឯណោះ ចំណែកឯពពួកភេសជ្ជៈក្រែមម្សៅ (dalgona beverages) ជាមធ្យមមានជាតិស្ករដល់ទៅ៣២.៥ក្រាម នេះបើតាមការធ្វើសម្រង់មតិមួយទៅលើប្រភេទភេសជ្ជៈដែលប្រើប្រាស់ស្ករត្នោត (Brown Sugar) ៤០ មុខ និងប្រភេទភេសជ្ជៈក្រែមម្សៅ (dalgona beverages) ៣៥មុខ ដោយសាលាក្រុងសេអ៊ូល។
បើតាមលទ្ធផលនៃការសិក្សានេះបង្ហាញថា ភេសជ្ជៈប្រភេទប្រើស្ករត្នោត និងម្សៅក្រែមនេះមួយកែវមានចំណុះជាតិស្ករសឹងតែស្មើនឹងដុំស្ករ១១ ទៅ១២ដុំឯណោះ និងមានចំណុះជាតិស្ករច្រើនជាងប្រភេទភេសជ្ជៈដូចជាពពួក Vanilla Latte ផងដែរ។ តាមរយៈការសិក្សានេះ សាលាក្រុងសេអ៊ូលបានលើកឡើងថានឹងធ្វើការស្នើរសុំទៅកាន់ហាងលក់ភេសជ្ជៈប្រភេទទាំងនេះឱ្យជូនដំណឹងដល់អតិថិជនឱ្យបានច្បាស់លាស់អំពីចំណុះជាតិស្ករនេះ និងអាចផ្តល់នូវជម្រើសចំណុះភេសជ្ជៈដែលតិចជាងមុនសម្រាប់ដាក់លក់ ក្រៅពីចំណុះធម្មតាទូទៅនេះ។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News