ប្រយ័ត្នមែនទែន! ករណីឆ្លងថ្មីនៅកូរ៉េកើនដល់ជិត៧០០ករណីក្នុងមួយថ្ងៃ ខណៈអ្នកជំនាញព្រមានថាសប្តាហ៍ក្រោយអាចនឹងកើនដល់១០០០ករណីប្រចាំថ្ងៃ

សេអ៊ូល៖ នៅថ្ងៃពុធរនេះករណីឆ្លងថ្មីជំងឺកូវីដ-១៩នៅប្រទេសកូរ៉េខាងត្បូងកើនឡើងកៀកដល់៧០០នាក់ ដោយសារការបន្តកើនឡើងនៃការឆ្លងជាសហគមន៍គួរឱ្យព្រួយបារម្ភ បើទោះបីជាវិធានការគម្លាតសង្គមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ក៏ដោយ បើតាមការរាយការណ៍របស់អជ្ញាធរសុខាភិបាលកូរ៉េ។

ចំនួនករណីឆ្លងថ្មីនៅថ្ងៃពុធនេះមានដល់៦៨៦ករណី ដែលក្នុងនោះដល់ទៅ៦៦២ករណីជាករណីឆ្លងក្នុងស្រុក។ តួលេខនេះជាករណីឆ្លងច្រើនជាងគេទីពីរចាប់តាំងពីខែមករាកន្លងមក។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ KCDA ករណីឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់៣៩៤៣២ករណី។ ករណីឆ្លងថ្មីនេះបន្តកើនឡើង ដោយម្សិលមិញករណីថ្មីមាន៥៩៤ករណី និងកាលពីថ្ងៃចន្ទមានដល់៥៨០ករណី។

ក្នុងចំណោមករណីឆ្លងថ្មីនេះ ២៦៤ករណីត្រូវបានរកឃើញក្នុងទីក្រុងសេអ៊ូល និង២១៤ករណីទៀតនៅខេត្តក្យ៉ុងគីដូ និង៤៦ករណីពីទីក្រុងអ៊ីនឆន់។ ចាប់ផ្តើមពីថ្ងៃអង្គារម្សិលមិញ ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញបានតម្លើងវិធានការគម្លាតសង្គមដល់កម្រិត២.៥ ខណៈតំបន់ដទៃទៀតវិធានការគម្លាតសង្គមត្រូវបង្កើនដល់កម្រិត២ផងដែរ ដែលនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

វិធានការគម្លាតសង្គមកម្រិត២.៥នេះ ការជួបជុំគ្នាដែលមានមនុស្សលើសពី៥០នាក់ត្រូវហាមឃាត់ ខណៈដែលប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗនៅខាងក្នុងអាគាររួមមាន បន្ទប់ខារ៉ាអូខេ និងទីតាំងប្រគុំតន្ត្រី ដែលអាចទស្សនិកជនឈរមើល និងគាំទ្របាន រួមនឹងក្លឹបកម្សាន្តរាត្រី និងបារដែលអាចឱ្យភ្ញៀវរាំលេងកំសាន្តបាននឹងត្រូវផ្អាកដំណើរការ។ ភោជនីយដ្ឋានទូទៅមិនអាចទទួលភ្ញៀវនៅក្នុងហាងលើសពីម៉ោង៩យប់នោះទេ លើកលែងតែការកុម្មង់តាមការដឹកជញ្ជូនចេញក្រៅ ចំណែកឯហាងកាហ្វេតម្រូវឱ្យធ្វើការខ្ចប់ចេញប៉ុណ្ណោះ។ ហាងអ៊ីនធើណែតកាហ្វេ រោងភាពយន្ត សាលាបង្រៀនគួរ អាចដំណើរការបានត្រឹមម៉ោង៩យប់ ខណៈទីតាំងហាត់ប្រាណទាំងអស់ត្រូវផ្អាកដំណើរការផងដែរ។ ក្រៅពីនោះចំនួនសិស្សក្នុងថ្នាក់រៀនត្រូវកម្រិតត្រឹមចំនួន១/៣នៃចំនួនសិស្សសរុបប៉ុណ្ណោះ។

ការប្រកួតកីឡាអាចបន្តធ្វើបានដោយមិនមានទស្សនិកជនចូលមើល ខណៈដែលកម្មវិធីសាសនាត្រូវធ្វើតាមប្រព័ន្ធអនឡាញ ហើយប្រសិនបើមានកម្មវិធីសាសនាណាដែលតម្រូវឱ្យមានការជួបជុំខានមិនបាន នោះអ្នកចូលរួមត្រូវកម្រិតត្រឹមចំនួន២០នាក់ចុះក្រោមប៉ុណ្ណោះ។

បើតាមការព្យាករណ៍ និងព្រមានរបស់អជ្ញាធរសុខាភិបាលកូរ៉េ ក្នុងសប្តាហ៍ក្រោយទៅការឆ្លងថ្មីប្រចាំថ្ងៃអាចនឹងកើនឡើងដល់លើសពី១០០០នាក់ ប្រសិនបើទំនោរនៃការឆ្លងថ្មីបច្ចុប្បន្ននេះនៅតែមិនថមថយនោះ ហើយក្នុងនោះដែរអជ្ញាធរក៏បានកំពុងបង្ហាញក្តីបារម្ភចំពោះកង្វះខាតគ្រែពេទ្យសម្រាប់ទទួលអ្នកជំងឺឆ្លងថ្មីដ៏ច្រើនប្រចាំថ្ងៃនេះផងដែរ។

ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News

Leave a Reply

Your email address will not be published. Required fields are marked *