ករណីវិជ្ជមានកូវីដពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាកើនដល់៣៨នាក់ហើយ ខណៈវត្ថុសំណាកជាង៥ពាន់ទៀតកំពុងត្រូវបន្តវិភាគ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតមកវេលាព្រឹកថ្ងៃពុធនេះ ករណីឆ្លងជាសហគមន៍នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាបានកើនដល់៣៨នាក់ហើយ ដែលការបន្តតាមដាន និងធ្វើតេស្តទៅលើអ្នកដែលជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នេះនៅតែបន្ត។

តាមសេចក្តីប្រកាសថ្មីនៅព្រឹកនេះ គេបានរកឃើញករណីវិជ្ជមានថ្មីដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះចំនួន៤នាក់បន្ថែម ដែលសុទ្ធសឹងមានប្រវត្តិជាប់ពាក់ព័ន្ធនឹងទីតាំងហាង Pedro ផ្លូវសីហនុ និងហាង Zando បឹងកេងកង ផ្លូវត្រសក់ផ្អែម។ អ្នកទាំង៤នាក់ដែលរកឃើញករណីឆ្លងក្នុងសហគមន៍នេះមានឈ្មោះ (១) អិត កុម៉ាល នៅបឹងកេងកង បានទៅហាង Zando នៅថ្ងៃទី២៧ វិច្ឆិកា (២)  សន សាន់បញ្ញារិទ្ធ បុគ្គលិកហាង Pedro (៣) ឡុង សុខនី បុគ្គលិកហាង Pedro និង (៤) ទៅ គឹមហុក នៅបឹងទំពុន បានទៅហាង Pedro នឹងប៉ះពាល់ជាមួយអ្នកជំងឺវិជ្ជមានដែលបានរកឃើញកន្លងមក។

ក្នុងនោះដែរ អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍នេះ បានទៅធ្វើតេស្តជាបន្តបន្ទាប់ដែលគិតត្រឹមថ្ងៃទី៩ ធ្នូនេះ នៅមានវត្ថុសំណាកជាង៥ពាន់ទៀតដែលកំពុងបន្តវិភាគដោយក្រុមអ្នកជំនាញ។

សូមបញ្ជាក់ថាចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជាគិតត្រឹមព្រឹកនេះមានដល់៣៥៤ករណី ដែលក្នុងនោះ៣០៧ករណីបានជាសះស្បើយទាំងស្រុងហើយ ខណៈដែលអ្នកកំពុងសំរាកព្យាបាលបន្តមាន ៣៤នាក់នៅមន្ទីរពេទ្យខ្មែរសូវៀត និង១៣នាក់នៅមណ្ឌលសុខភាពចាក់អង្រែ។

 

Leave a Reply

Your email address will not be published. Required fields are marked *