រដ្ឋាភិបាលកូរ៉េខាងត្បូងកំណត់យកថ្ងៃទី១០ មិថុនា ជាថ្ងៃបុណ្យជាតិកូរ៉េចាប់ពីឆ្នាំ២០២១ទៅ ដើម្បីរំលឹកចលនាទាមទារឯករាជ្យពីអាណានិគមជប៉ុន

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចកំណត់យកថ្ងៃទី១០ មិថុនា ជាថ្ងៃបុណ្យជាតិដើម្បីរំលឹកខួបអនុស្សាវរីយ៍នៃចលនាទាមទារឯករាជ្យប្រឆាំងរបបអាណានិគមជប៉ុន នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េកាលពីថ្ងៃទី៨ ធ្នូ ម្សិលមិញ។

ក្រសួងមហាផ្ទៃកូរ៉េបានលើកឡើងថាថ្ងៃដែលបានកំណត់នេះ ត្រូវបានទទួលការអនុញ្ញាតក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលកូរ៉េនាព្រឹកថ្ងៃអង្គារនេះ។ ក្រសួងបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យើងសង្ឃឹមថាការកំណត់យកថ្ងៃនេះជាថ្ងៃបុណ្យជាតិ នឹងរំលឹកមកវិញនូវសារៈសំខាន់ជាប្រវត្តិសាស្រ្តនៃចលនាទាមទារឯករាជ្យថ្ងៃទី១០ មិថុនានេះ​ និងការវិវត្តដទៃទៀតនៃវីរភាពដ៏ក្លាហានរបស់ប្រជាជនកូរ៉េសម្រាប់អនាគតរបស់យើងទាំងអស់គ្នាបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា ថ្ងៃទី១០ មិថុនា ជាថ្ងៃប្រវត្តិសាស្ត្រដែលកាលពីឆ្នាំ១៩២៦ នៅថ្ងៃនេះ ក្រុមសិស្ស និស្សិតនៅក្នុងទីក្រុងសេអ៊ូលបានចេញធ្វើបាតុកម្មមួយប្រឆាំងនឹងរបបអាណានិគមនជប៉ុនដែលបានត្រួតត្រាលើកកូរ៉េតាំងពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ដែលជួនគ្នាទៅនឹងថ្ងៃរំលឹកខួបពិធីបុណ្យសពរបស់ស្តេចចុងក្រោយកូរ៉េនារាជវង្សចូនស៊ុន (១៣៩២-១៩១០)។ បាតុកម្មនេះបានបន្តរីករាលដាលទៅទូទាំងប្រទេសកូរ៉េ ដែលនាំឱ្យមានការបង្ក្រាប និងចាប់ខ្លួនអ្នកតវ៉ាជាង១០០០នាក់ដោយពួកអាណានិគមជប៉ុន។

ដើម្បីអបអរសាទរដល់ថ្ងៃបុណ្យជាតិដ៏សំខាន់ដែលទើបនឹងកំណត់យកនេះ នៅថ្ងៃទី១០ ខែមិថុនាឆ្នាំក្រោយ ក្រសួងកិច្ចការយុទ្ធជនកូរ៉េនឹងរៀបចំពិធីអបអរសាទរសម្រាប់ឱកាសបុណ្យជាតិនេះចាប់ពីឆ្នាំក្រោយៗតទៅ។

Leave a Reply

Your email address will not be published. Required fields are marked *