សេអ៊ូល៖ ចំពោះវិធានការថ្មីរបស់រដ្ឋាភិបាលកូរ៉េ លើការគ្រប់គ្រងការវិលត្រឡប់របស់ពលករបរទេសកាន់វីសា E-9 Visa នោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចេញនូវសេចក្តីជូនដំណឹងដល់ពលករ-ពលការិនីកម្ពុជាទាំងឡាយ ដែលគ្រោងនឹងចូលក្នុងប្រទេសកូរ៉េវិញ នូវខ្លឹមសារ និងចំណុចសំខាន់ដូចៗខាងក្រោម៖
ចាប់ពីថ្ងែទី០៦ ខែឧសភា ឆ្នាំ២០២០ តទៅ រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវយន្តការរឹតបន្តឹងចំពោះពលករ-ពលការិនីកាន់ទិដ្ឋាការ E-9 ដែលបានធ្វើដំណើរទៅលេងស្រុកកំណើត ដោយមុននឹងធ្វើដំណើរចូលប្រទេសកូរ៉េវិញ តម្រូវឱ្យមាន “លិខិតយល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក” (Consent to Quarantine) ដែលបញ្ជាក់ដោយការិយាល័យតំណាងអង្គភាពអភិវឌ្ឈន៍ធនធានមនុស្សកូរ៉េ (HRD-Korea) ប្រចាំនៅកម្ពុជា។
ដើម្បីទទួលបានលិខិតបញ្ជាក់ខាងលើ ពលករ-ពលការិនីត្រូវ :
- ទំនាក់ទំនងថៅកែ មិត្តភ័ភ្រ្ភ ឬស្ថានទូតកម្ពុជាជាមុន ដើម្បីស្នើសុំជួយស្វែងរក ឬរៀបចំកន្លែង ស្នាក់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ។
- បន្ទាប់ពីទទួលបានអាស័យដ្ឋានកន្លែងស្នាក់នៅដោយឡែក (self-quarantine) សូមទំនាក់ទំនង តំណាងHRD-Korea ប្រចាំនៅកម្ពុជាដើម្បីស្នើសុំលិខិតបញ្ជាក់យល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក ចំនួន០២សន្លឹក ដោយ០១សន្លឹកសម្រាប់ប្រគល់ជូនបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នៅព្រលានយន្តហោះ នៅប្រទេសកម្ពុជា និង ០១ សន្លឹកទៀតប្រគល់ជូនអជ្ញាធរសុខាភិបាលកូរ៉េពេលមកដល់ព្រលានយន្តហោះប្រទេសកូរ៉េ។
- ប្រសិនបើពុំមាន “លិខិតយល់ព្រមក្នុងការស្នាក់នៅដាច់ដោយឡែក” ដែលចេញដោយតំណាង HRD-Korea ប្រចាំនៅកម្ពុជាទេនោះ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នឹងមិនចេញប័ណ្ណឡើងយន្តហោះ (Boarding Pass) ដល់ពលករ-ពលការិនី ឬមិនអនុញ្ញាតឱ្យធ្វើដំណើរចូលក្នុងប្រទេសកូរ៉េវិញតែម្តង។
សូមទំនាក់ទំនងការិយាល័យតំណាង HRD-korea ប្រចាំនៅកម្ពុជារៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌កូរ៉េ “អាគារ A ជាន់ទី ២” ផ្លូវលេខ ២៧៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
– លេខទូរស័ព្ទ : 023-997-844 / 023-997-845 / 023-997-822
– លេខទូរសារ : 023-997-833
– អ៊ីម៉ែល : korcans@hrdkorea.or.kr / cobae@hrdkorea.or.kr
អាស្រ័យហេតុនេះ សូមពលករ-ពលការិនីចូលរួមអនុវត្តន៍វិធានកាណ៍នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕