ទីក្រុងឆាងវ៉ុនកូរ៉េប្រគល់រថយន្តពន្លត់អគ្គីភ័យ ៣គ្រឿង ដល់ខេត្តព្រះសីហនុតាមរយៈស្ថានទូតកម្ពុជា សម្រាប់ការពារសុវត្ថិភាពប្រជាជនក្នុងខេត្តទាំងមូល

កូរ៉េខាងត្បូង៖ សាលាខេត្តព្រះសីហនុកម្ពុជាទទួលបានរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ពីទីក្រុងឆាងវ៉ុនរបស់កូរ៉េខាងត្បូង ដែលត្រូវបានប្រគល់តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ បើតាមការបញ្ជាក់របស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ នៅក្នុងហ្វេសប៊ុកនាព្រឹកនេះ។

ទីក្រុងឆាងវ៉ុនគឺជាក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ហើយការផ្ដល់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងជាការផ្តល់ជូនដំណាក់កាលដំបូងសម្រាប់សាលាខេត្ត ដើម្បីយកទៅប្រើប្រាស់ការពារសុវត្ថិភាពប្រជាជននៅខេត្តព្រះសីហនុ។

រថយន្តទាំង៣គ្រឿងនេះត្រូវបានប្រគល់ជូនតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ ពីសំណាក់លោកអភិបាលក្រុងឆាងវ៉ុន Heo Seong-moo ក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត។ ក្នុងឱកាសនោះដែរ ជំនួសមុខជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនខេត្តព្រះសីហនុ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ បានថ្លែងអំណរគុណជូនភាគីមិត្តដែលមានសណ្តានចិត្តជួយចែករំលែកនូវរថយន្ត និងសម្ភារៈបរិក្ខារក្នុងវិស័យសង្គ្រោះបន្ទាន់នេះ ដែលស្ថានភាពនៃការរីកចម្រើនអភិវឌ្ឍន៍យ៉ាងលឿនរហ័សរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី៣របស់កម្ពុជា។ កម្ពុជាពិតជាត្រូវការកិច្ចសហប្រតិបត្តិការ ទាំងផ្នែករឹង និងផ្នែកទន់ ក្នុងការបង្ការទប់ស្កាត់ ក៏ដូចជាសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះមហន្តរាយជាយថាហេតុ។

ក្នុងនោះដែរ លោកឯកអគ្គរាជទូតក៏បានស្នើសុំសាលាក្រុងឆាងវ៉ុនក្នុងការផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលពិសេសរយៈពេលមធ្យម ដល់មន្ត្រីនគរបាលពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់របស់ខេត្តព្រះសីហនុ ដើម្បីឱ្យពួកគាត់មានឱកាសរៀនសូត្រផង និងអនុវត្តជាក់ស្ដែងផងនៅកូរ៉េ ដែលសំណូមពរនេះត្រូវបានសាលាក្រុងឆាងវ៉ុនបានឯកភាពផងដែរ។

ស្ថានទូតកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់នូកិច្ចសហប្រតិបត្តិការក្នុងកម្រិតថ្នាក់មូលដ្ឋាននេះ ដែលសបញ្ជាក់បង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប្រទេសយើងទាំងពីរ ហើយស្ថានទូតនឹងបន្តជម្រុញលើកកំពស់កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានបែបនេះជាមួយខេត្តក្រុងកូរ៉េបន្តទៅមុខទៀត។

សូមបញ្ជាក់ជូនថា ក្នុងរយៈពេលប្រមាណ២ខែចុងក្រោយនេះ សាលាក្រុងសេចុងបានផ្ដល់ជូនរថយន្តសង្គ្រោះបន្ទាន់២គ្រឿងជូនសាលាខេត្តបាត់ដំបង, សាលាក្រុងស៊ូវ៉ុនបានផ្ដល់ជូនរថយន្តដឹកសំរាម១គ្រឿង និងម៉ាសចំនួន៣ម៉ឺន ជូនសាលាខេត្តសៀមរាប តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *