សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថាបានកក់ទុករួចរាល់វ៉ាក់សាំងកូវីដ-១៩សម្រាប់មនុស្សដល់៤៤លាននាក់ក្នុងប្រទេសកូរ៉េ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសថារដ្ឋាភិបាលខ្លួនបានត្រៀមកក់ទុកវ៉ាក់សាំងកូវីដដល់ទៅ៦៤លានដូស ពីសំណាក់ក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន៤មាន ក្រុមហ៊ុន AstraZeneca Inc., ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Johnson & Johnson’s Janssen និងក្រុមហ៊ុន Moderna ដែលវ៉ាក់សាំងទាំង៦៤លានដូសនេះសម្រាប់ផ្តល់ជូនប្រជាជនបានដល់៣៤លាននាក់។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលកូរ៉េ ក្នុងចំណោមវ៉ាក់សាំងទាំងអស់នេះ វ៉ាក់សាំងសម្រាប់មនុស្ស១០លាននាក់នឹងត្រូវរៀបចំផ្តល់ជូនតាមរយៈគម្រោងផ្តល់វ៉ាក់សាំងជាសាកលរបស់អង្គការ WHO ដែលគម្រោងនេះមានឈ្មោះថា COVAX ពីសំណាក់ក្រុមហ៊ុន AstraZeneca, ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Sanopi។ ចំណែកឯរដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើការបញ្ជាទិញចំនួន២០លានដូសពីក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ដែលវ៉ាក់សាំងរបស់ក្រុមហ៊ុននេះត្រូវការចាក់ពីរដងសម្រាប់មនុស្សម្នាក់ និងទិញវ៉ាក់សាំង ៤លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson’s Janssen ដែលត្រូវការចាក់តែមួយដូសប៉ុណ្ណោះសម្រាប់មនុស្សម្នាក់។
ក្រសួងបានផ្តល់ព័ត៌មានលម្អិតថា ខ្លួនបានចុះកុងត្រារួចរាល់ជាមួយក្រុមហ៊ុន AstraZeneca និងត្រៀមចុះកុងត្រាជាមួយក្រុមហ៊ុន៣ផ្សេងទៀតដែលនឹងបញ្ជាទិញនៅចុងខែនេះ។ យ៉ាងណាក៏ដោយ វ៉ាក់សាំងដែលបានបញ្ជាទិញនេះនឹងត្រូវដឹកជញ្ជូនមកដល់កូរ៉េខាងត្បូងជាបណ្តើរៗ រហូតមកដល់ទាំងស្រុងនៅក្នុងខែកុម្ភៈឆ្នាំ២០២១ខាងមុខឯណោះ រីឯពេលវេលាសម្រាប់ត្រៀមចាប់ផ្តើមកម្មវិធីផ្តល់វ៉ាក់សាំងក៏មិនទាន់បានកំណត់ច្បាស់លាស់ផងដែរ ដោយសារក្រុមអ្នកជំនាញនៅបន្តតាមដានទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងទាំងនេះផងដែរ។
យ៉ាងណាក៏ដោយ គេរំពឹងថាវ៉ាក់សាំងនេះនឹងត្រូវផ្តល់ជូនទៅដល់អ្នកដែលងាយរងគ្រោះជាងគេ ដូចជាមនុស្សចាស់ បុគ្គលិកវេជ្ជសាស្រ្ត និងបន្ទាប់មកទើបផ្តល់ជូនប្រជាជនទូទៅដទៃទៀត។ អជ្ញាធរសុខាភិបាលសង្ឃឹមថាជាមួយនឹងវត្តមានរបស់វ៉ាក់សាំងបង្ការ និងវិធីសាស្រ្តព្យាបាលដែលកាន់តែមានប្រសិទ្ធភាពនោះ គេនឹងអាចគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះក្នុងរយៈពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនវេជ្ជសាស្រ្តមួយចំនួនរួមនឹងក្រុមហ៊ុនរបស់កូរ៉េខាងត្បូង Celltrion ជាដើមនោះកំពុងបន្តធ្វើការសិក្សាលើវិធីសាស្រ្តសម្រាប់ព្យាបាលឱ្យមានប្រសិទ្ធភាពដោយប្រើប្រាស់ Antibody treatment ផងដែរ។
សូមបញ្ជាក់ថានៅថ្ងៃអង្គារនេះ ករណីឆ្លងថ្មីនៃជំងឺកូវីដមានចំនួន៥៩៤ករណី ដែលក្នុងនោះ៥៦៦ករណីជាករណីឆ្លងក្នុងស្រុក ខណៈចំនួនករណីឆ្លងសរុបកើនដល់៣៨៧៥៥ករណីហើយ បើតាមទិន្នន័យផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ។