សេអ៊ូល៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរកឃើញករណីឆ្លងមេរោគកូរ៉ូណា ចំនួន ១៥ ករណីថ្មី ដែលជាករណីឆ្លងបន្តពីអ្នកជម្ងឺកូវីដ-១៩ ម្នាក់ ដែលបានអះអាងថាខ្លួនបានទៅតំបន់ក្លឹបកម្សាន្តអ៊ីតេវុន Itaewon នៅក្នុងទីក្រុងសេអ៊ូល មុនពេលពិនិត្យរកឃើញថាវិជ្ជមានកូវីដ-១៩។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺកូរ៉េ (KCDC) បានបញ្ជាក់ថា ក្នុងចំណោម១៥ករណីដែលគេរកឃើញថាឆ្លងបន្តនោះ មានម្នាក់ជាមិត្តរួមការងាររបស់អ្នកជម្ងឺដំបូងគេនោះ ៣ នាក់ជាជនបរទេស និងម្នាក់ជាកងទ័ពផងដែរ។
អ្នកជម្ងឺដែលរកឃើញវិជ្ជមានកូវីដ-១៩ នេះ មានអាយុ ២៩ ឆ្នាំ ធ្វើការក្នុងក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ មកពីខេត្ត Gyeonggi បានធ្វើដំណើរទៅខេត្តមួយចំនួន ហើយនិងបានទៅក្លឹបកម្សាន្តចំនួន ៥ នៅតំបន់ Itaewon ក្នុងអំឡុងពេលនៃថ្ងៃឈប់សំរាកចុងសប្តាហ៍កន្លងមក។ អជ្ញាធរបានកំណត់មុខសញ្ញាអ្នកដែលបានពាក់ព័ន្ធស្និទ្ធស្នាលជាមួយអ្នកជម្ងឺខាងលើចំនួន ៥៨ នាក់ ដែលក្នុងនោះ ៤៤ នាក់ជាមិត្តរួមការងារ។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកជម្ងឺខាងលើ ត្រូវបានបិទទ្វារជាបណ្តោះអាសន្នសិន។
អជ្ញាធរបញ្ជាក់ថានេះជាករណីឆ្លងបែបសហគមន៍ថ្មី បន្ទាប់ពីកូរ៉េខាងត្បូងមានករណីចំនួនឆ្លងថ្មីក្នុងស្រុកតិចតួចបំផុត ឬសឹងតែគ្មានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
យ៉ាងណាមិញ ក៏មានការព្រួយបារម្ភចំពោះករណីដែលភ្ញៀវ ឬអ្នកដែលបានទៅកម្សាន្តនៅតំបន់ Itaewon ក្នុងអំឡុងពេលចុងសប្តាហ៍ ស្ទាក់ស្ទើរក្នុងការមកពិនិត្យរកកូវីដ-១៩ ដែលនាំឱ្យមានការបន្តឆ្លងរាលដាលទៅក្នុងសហគមន៍បន្តថែមទៀត។