អបអរសាទរ! និស្សិតយោធាកម្ពុជាយើងនៅសាលាយោធាកូរ៉េជាប់លេខ១ ជានិស្សិតឆ្នើមប្រចាំឆ្នាំ២០២០ក្នុងចំណោមសិស្សយោធា២៦ប្រទេស

សេអ៊ូល៖ និស្សិតទាហានកម្ពុជាយើងទទួលចំណាត់ថ្នាក់លេខ១ជាសិស្សយោធាឆ្នើមជាងគេប្រចាំឆ្នាំ២០២០ ក្នុងចំណោមសិស្សយោធាមកពី២៦ប្រទេសដែសសិក្សានៅសាលាយោធារបស់កូរ៉េខាងត្បូង នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុករបស់លោក ថន ដារ៉ា ទីបឹ្រក្សាយោធានៃស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូងនាថ្ងៃអាទិត្យនេះ។

ក្នុងនោះដែរ លោកទីបឹ្រក្សាយោធានៃការិយាល័យអនុព័ន្ធយោធាអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានលើកសរសើរជាពិសេសចំពោះ ប្អូនប្រុស យ៉េន រ៉ូយ៉ាល់ និស្សិតយោធាកម្ពុជាយើងដែលទទួលបានចំណាត់ថ្នាក់លេខ១ និងជាប់ឈ្មោះជាសិស្សឆ្នើមបំផុតប្រឆាំ២០២០នេះ ក្នុងចំណោមនិសិ្សតចំនួន៧៧រូបមកពី២៦ប្រទេសនៅវិទ្យាស្ថានបណ្តុះបណ្តាលភាសានៃក្រសួងការពារជាតិកូរ៉េនេះ។ ក្រៅពីនោះផងដែរ និស្សិតយោធាកម្ពុជាយើង ០៧រូបផ្សេងទៀតដែលសិក្សានៅវិទ្យាស្ថានបណ្តុះបណ្តាលភាសា ក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ ក៏បានបិទបញ្ចប់វគ្គសិក្សាដោយជោគជ័យគួរជាទីមោទនភាពជាតិផងដែរ។

លោកទីប្រឹក្សាបានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ប្រកបដោយមោទកភាពចំពោះបងប្អូននិស្សិតយោធាខ្មែរយើង ដែលកន្លងមកតែងតែបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ការគោរពវិន័យ សីលធម៌ និងរក្សាបានយ៉ាងល្អនូវសាមគ្គីភាព មិត្តភាព និងកិច្ចសហការណ៍យ៉ាងល្អរវាងបងប្អូនយើងទាំងអស់គ្នា ក៏ដូចជាជាមួយមិត្តបរទេសរួមវគ្គ ក៏ដូចជាថ្នាក់ដឹកនាំវិទ្យាស្ថានគ្រប់ជាន់ថ្នាក់ និងលោកគ្រូ អ្នកគ្រូផងដែរ។ លោកទីប្រឹក្សាបានជូនពរដល់បងប្អូនទាំងអស់បន្តពង្រឹងនូវភាពខ្លាំងរបស់ខ្លួន និងកែសម្រួលចំនុចខ្វះខាត ទាំងអស់គ្នា ដើម្បីបន្តដណ្តើមយកនូវជ័យលាភីនៅឆ្នាំក្រោយៗទៀត។

Leave a Reply

Your email address will not be published. Required fields are marked *