សេអ៊ូល៖ នៅថ្ងៃអាទិត្យនេះ សាលាក្រុងសេអ៊ូលបានចេញសេចក្តីប្រកាសថ្មីដាក់ទីក្រុងសេអ៊ូលនៅក្នុងកម្រិតវិធានការគម្លាតសង្គមដល់កម្រិត២.៥ហើយ ជាការរឹតបន្តឹងវិធានការគម្លាតសង្គមក្រោយជំងឺកូវីដ-១៩នៅបន្តវាយលុកទីក្រុងសេអ៊ូលយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
បើតាមការរាយការណ៍នៅថ្ងៃអាទិត្យនេះ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩មានដល់៦៣១ករណីឯណោះ ខណៈកាលពិថ្ងៃសៅរ៍ម្សិលមិញមានករណីឆ្លងថ្មីដល់ទៅ៥៨៣ករណី។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងរបស់កូរ៉េខាងត្បូង ករណីឆ្លងសរុបនៅកូរ៉េខាងត្បូងកើនដល់៣៧៥៤៦ករណីហើយ។
ការកើនឡើងគំហុកនេះតម្រូវឱ្យអជ្ញាធរសុខាភិបាលកំពុងបន្តពិចារណាតម្លើងវិធានការគម្លាតសង្គមនៅក្នុងទីក្រុងសេអ៊ូល និងទីប្រជុំជនធំៗជុំវិញមួយកម្រិតបន្ថែមទៀតដល់កម្រិត២.៥ បើទោះបីជាទើបនឹងតម្លើងវិធានការគម្លាតសង្គមមកកម្រិត២ និងដាក់ចេញនូវវិធានការបន្ថែមមួយចំនួនទៀតជាបន្តបន្ទាប់ក៏ដោយ។ ការតម្លើងវិធានការគម្លាតសង្គមដល់កម្រិត២.៥នេះនឹងត្រូវចាប់អនុវត្តពីថ្ងៃអង្គារសប្តាហ៍ក្រោយទៅ ដោយមានសុពលភាពក្នុងរយៈពេល៣សប្តាហ៍ នេះបើតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូង។
នៅក្នុងកម្រិតគម្លាតសង្គម២.៥ ការជួបជុំគ្នាដែលមានមនុស្សលើសពី៥០នាក់ត្រូវហាមឃាត់ ខណៈដែលប្រតិបត្តិការពាណិជ្ជកម្មផ្សេងៗនៅខាងក្នុងអាគាររួមមាន បន្ទប់ខារ៉ាអូខេ និងទីតាំងប្រគុំតន្ត្រី ដែលអាចទស្សនិកជនឈរមើល និងគាំទ្របាន រួមនឹងក្លឹបកម្សាន្តរាត្រី និងបារដែលអាចឱ្យភ្ញៀវរាំលេងកំសាន្តបាននឹងត្រូវផ្អាកដំណើរការ។ ភោជនីយដ្ឋានទូទៅមិនអាចទទួលភ្ញៀវនៅក្នុងហាងលើសពីម៉ោង៩យប់នោះទេ លើកលែងតែការកុម្មង់តាមការដឹកជញ្ជូនចេញក្រៅ ចំណែកឯហាងកាហ្វេតម្រូវឱ្យធ្វើការខ្ចប់ចេញប៉ុណ្ណោះ។ ហាងអ៊ីនធើណែតកាហ្វេ រោងភាពយន្ត សាលាបង្រៀនគួរ អាចដំណើរការបានត្រឹមម៉ោង៩យប់ ខណៈទីតាំងហាត់ប្រាណទាំងអស់ត្រូវផ្អាកដំណើរការផងដែរ។ ក្រៅពីនោះចំនួនសិស្សក្នុងថ្នាក់រៀនត្រូវកម្រិតត្រឹមចំនួន១/៣នៃចំនួនសិស្សសរុបប៉ុណ្ណោះ។
ការប្រកួតកីឡាអាចបន្តធ្វើបានដោយមិនមានទស្សនិកជនចូលមើល ខណៈដែលកម្មវិធីសាសនាត្រូវធ្វើតាមប្រព័ន្ធអនឡាញ ហើយប្រសិនបើមានកម្មវិធីសាសនាណាដែលតម្រូវឱ្យមានការជួបជុំខានមិនបាន នោះអ្នកចូលរួមត្រូវកម្រិតត្រឹមចំនួន២០នាក់ចុះក្រោមប៉ុណ្ណោះ។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News