របាយការណ៍ស្រាវជ្រាវ៖ ទាល់តែពាក់កណ្តាលឆ្នាំ២០២១ឯណោះ ទើបសេដ្ឋកិច្ចកូរ៉េខាងត្បូងរំពឹងថានឹងអាចងើបឡើងវិញបានបន្តិចបន្តួច

សេអ៊ូល៖ សេដ្ឋកិច្ចកូរ៉េខាងត្បូងត្រូវបានព្យាករណ៍ថានឹងកើនឡើងល្អឡើងវិញទាល់តែពាក់កណ្តាលឆ្នាំ២០២១ខាងមុខឯណោះ ខណៈដែលដើមឆ្នាំ២០២១កូរ៉េខាងត្បូងនៅតែរងឥទ្ធិពលពីបញ្ហានៃជំងឺកូវីដ-១៩ដដែល នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវមួយរបស់កូរ៉េខាងត្បូង។

ការព្យាករណ៍នេះត្រូវបានរកចុះផ្សាយក្នុងរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Hyundai Research Institute ដែលបានលើកឡើងនូវចំណុចសំខាន់ថាប្រសិនបើជំងឺកូវីដ-១៩នៅតែបន្តកើតមានឡើង នោះសេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងបន្តរងការប៉ះពាល់រ៉ាំរ៉ៃក្នុងឆមាសដំបូងនៃឆ្នាំ២០២១ខាងមុខ រហូតទាល់ដើមឆមាសទី២នៃឆ្នាំ២០២១ខាងមុខ ទើបសេដ្ឋកិច្ចកូរ៉េខាងត្បូងអាចមានសញ្ញាវិជ្ជមានងើបឡើងវិញកម្រិតមធ្យម។ ការងើបឡើងវិញនៃសេដ្ឋកិច្ចគឺពឹងផ្អែកខ្លាំងទៅលើវិស័យនៃការនាំចេញ ដែលតាមការព្យាករណ៍អាចនឹងកើនឡើងក្នុងរង្វង់៤%ក្នុងខែវិច្ឆិកាឆ្នាំក្រោយនេះ ប៉ុន្តែវិស័យនៃការនាំចេញនឹងនៅតែមិនទាន់មានស្ថេរភាពល្អនោះទេ។

ក្នុងនោះដែរ ការចំណាយរបស់ប្រជាពលរដ្ឋអាចនឹងបន្តមានការធ្លាក់ចុះនៅក្នុងឆមាសទី២នៃឆ្នាំ២០២១ ដោយសារទើបតែនឹងផុតពីជំងឺកូវីដ-១៩ ដែលអាចបន្តប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ។ ចំណែកឯវិស័យការងារក៏អាចនឹងបន្តប៉ះពាល់ផងដែរនៅក្នុងឆ្នាំ២០២១ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩ដែលប៉ះពាល់ទៅដល់ទីផ្សារការងារកូរ៉េខាងត្បូង។

បើតាមការសន្និដ្ឋានរបស់របាយការណ៍ខាងលើ សេ្ថរភាពសេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងពឹងផ្អែកខ្លាំងទៅលើការចំណាយក្នុងស្រុក និងទំនោរនិន្នាការងើបឡើងវិញនៃសេដ្ឋកិច្ចសាកលលោក ជាមួយនឹងវិស័យនាំចេញរបស់កូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *