បញ្ហាកូវីដផង និងបញ្ហាប្រវតិ្តសាស្រ្តរ៉ាំរ៉ៃផង ក្រុមហ៊ុន UNIQLO ជប៉ុនបង្ខំចិត្តបិទសាខាដ៏ធំរបស់ខ្លួននៅម្យ៉ុងដុងនាដើមឆ្នាំ២០២១នេះហើយ

សេអ៊ូល៖ ហាងលក់សម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន Uniqlo នឹងបិទហាងសាខាដ៏ធំរបស់ខ្លួននៅក្នុងទីក្រុងសេអ៊ូលនាដើមឆ្នាំ២០២១ខាងមុខ ដោយសារតែការធ្លាក់ចុះនៃប្រតិបត្តិការនៅក្នុងទីផ្សារកូរ៉េខាងត្បូងដោយសារបញ្ហាកូវីដ-១៩ និងបញ្ហាប្រវត្តិសាស្រ្តរវាងកូរ៉េ និងជប៉ុនផង។

បើតាមការបញ្ជាក់ក្នុងគេហទំព័ររបស់ Uniqlo ផ្ទាល់ ហាងសាខារបស់ខ្លួនដ៏ធំក្នុងទីក្រុងសេអ៊ូលនៅតំបន់ម្យ៉ុងដុង Myeongdeong នឹងបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ខាងមុខ។ ហាង Uniqlo នៅតំបន់ម្យ៉ុងដុង Myeongdeong ជាហាងសាខារបស់ Uniqlo ធំជាងគេទីពីរនៅលើពិភពលោកតូចជាងតែហាង Uniqlo សាខានៅទីក្រុង New York សហរដ្ឋអាម៉េរិកប៉ុណ្ណោះ។

ការបិទទ្វារនេះបណ្តាលមកពីបរិបទនៃបញ្ហាកូវីដ-១៩ ដែលនាំឱ្យប្រជាជនកូរ៉េមានទំនោរងាកមករកការបញ្ជាទិញតាមប្រព័ន្ធអនឡាញវិញ ខណៈដែលប្រតិបត្តិការក៏ត្រូវប៉ះពាល់ដោយសារតែបញ្ហាប្រវត្តិសាស្រ្តរវាងកូរ៉េខាងត្បូង និងជប៉ុន ដោយសារប្រជាជនកូរ៉េខាងត្បូងនាំគ្នាធ្វើពហិការមិនទិញទំនិញនៅក្នុងហាងជប៉ុន ដែលរួមទាំងហាង Uniqlo នេះពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្មរវាងជប៉ុនដែលហាមឃាត់កូរ៉េខាងត្បូងមិនឱ្យនាំចូលមុខទំនិញឧស្សាហកម្មសំខាន់ៗទៅជប៉ុន និងបញ្ហានៃសំណងដល់ជនរងគ្រោះកូរ៉េកាលពីសម័យសង្គ្រាមលោកផងដែរ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ២០២០នេះ ក្រុមហ៊ុនចែកចាយរបស់ហាងសម្លៀកបំពាក់ Uniqlo បានខាតក្នុងប្រតិបត្តិការរបស់ខ្លួនដល់ទៅជាង ៨១.៣លានដុល្លារឯណោះ។

សូមបញ្ជាក់ថា កន្លងមកហាង Uniqlo ប្រតិបត្តិការនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបិទទ្វារមួយចំនួនជាបន្តបន្ទាប់ផងដែរ នៅតាមតំបន់ផ្សេៗទូទាំងប្រទេសកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *