កូវីដឆ្លងកាន់តែខ្លាំង! ក្រុងសេអ៊ូលដាក់វិធានការផ្អាកដំណើរការហាងទំនិញ និងអាជីវកម្មគ្រប់ប្រភេទត្រឹមម៉ោង៩យប់ សម្រាប់រយៈពេលពីរសប្តាហ៍

សេអ៊ូល៖ សាលាក្រុងសេអ៊ូលចេញសេចក្តីប្រកាសថ្ងៃនេះថារាល់ហាងទំនិញ រោងភាពយន្ត និងទីតាំងអាជីវកម្មផ្សេងៗទៀតនៅក្នុងក្រុងសេអ៊ូលនឹងត្រូវបិទទ្វារឈប់ដំណើរការចាប់ពិម៉ោង៩យប់តទៅ ដោយនឹងអនុវត្តរយៈពេលពីរសប្តាហ៍ជាផ្នែកនៃវិធានការថ្មីដើម្បីព្យាយាមកាត់បន្ថយការឆ្លងនៃជំងឺកូវីដ-១៩។

តាមរយៈសេចក្តីប្រកាសនេះ ហាងអាជីវកម្មដូចជាហាងទំនិញ រោងភាពយន្ត ហាងអ៊ីនធើណែតកាហ្វេ កន្លែងលេងហ្គេមកំសាន្ត សាលាបង្រៀនគួរឯកជន សួនកំសាន្តសាធារណៈ ហាងកែសម្ផស្ស ហាងកាត់សក់ ហាងទំនិញធំៗ និងផ្សារទំនើបនឹងត្រូវបិទដំណើរការអាជីវកម្មរបស់ខ្លួនត្រឹមម៉ោង៩យប់ ដោយអាចបើកដំណើរការវិញនាម៉ោង៥ព្រឹកថ្ងៃបន្ទាប់បាន ហើយវិធានការនេះនឹងមានប្រសិទ្ធភាពអនុវត្តរយៈពេល២សប្តាហ៍ចាប់ពីថ្ងៃសៅរ៍ស្អែកនេះទៅ។ ក្នុងនោះដែរបម្រាមនេះ ត្រូវបានលើកលែងសម្រាប់ហាងលក់ចាប់ហួយតូចៗដែលមានទំហំតូចជាង៣០០ម៉ែត្រការ៉េ និងភោជនីយដ្ឋានដែលមានសេវាកម្មដឹកជញ្ជូនខ្ចប់ចេញប៉ុណ្ណោះ។

ក្រៅពីការផ្អាកដំណើរការអាជីវកម្ម មធ្យោបាយធ្វើដំណើរសាធារណៈនឹងកាត់បន្ថយដំណើរការរត់ចំនួន៣០% ក្រោយពីម៉ោង៩យប់ ដែលរថយន្តក្រុងនឹងចាប់ផ្តើមអនុវត្តពីថ្ងៃសៅរ៍ស្អែកនេះទៅ ខណៈរថភ្លើងក្រោមដីនឹងអនុវត្តពីថ្ងៃអង្គារសប្តាហ៍ក្រោយទៅ។ ចំណែកឯទីតាំងសាធារណៈដូចជាសារៈមន្ទីរ បណ្ណាល័យ សាលរូបភាព ទីតាំងកីឡាដ្ឋាននឹងត្រូវបិទទ្វារទាំងស្រុងរយៈពេលពីរសប្តាហ៍ផងដែរ។

សេចក្តីជូនដំណឹងអំពីការកាត់បន្ថយម៉ោងរត់នៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី

សូមបញ្ជាក់ថាទីក្រុងសេអ៊ូលត្រូវបានដាក់នៅក្រោមវិធានការគម្លាតសង្គមកម្រិត២តាំងពីថ្ងៃទី២៤ វិច្ឆិកាកន្លងមក ហើយកាលពីថ្ងៃអង្គារនេះសាលាក្រុងសេអ៊ូលបានដាក់វិធានការបន្ថែមទៀតដោយបិទកន្លែងហាត់ប្រាណ និងសួនទឹកកម្សាន្ត រួមនឹងសូណា ហាងកាហ្វេនានាទាំងនៅក្នុងអាគារអាផាតមិនជាដើមផងដែរ។

ចំពោះការបិទនេះ លោកអភិបាលក្រុងសេអ៊ូលស្តីទីបានលើកឡើងថាជាវិធានការម៉ឺងម៉ាត់បំផុត និងបញ្ជាក់ពីភាពគ្រោះថ្នាក់នៃហានិភ័យនៃជំងឺកូវីដ-១៩នៅក្នុងខណៈពេលនេះសម្រាប់ទីក្រុងសេអ៊ូលទាំងមូល។

សូមបញ្ជាក់ថានៅថ្ងៃសុក្រនេះ ទីក្រុងសេអ៊ូលមានករណីឆ្លងកូវីដ-១៩ដល់ទៅ២៩៥ករណី ក្នុងចំណោមករណីឆ្លងទូទាំងប្រទេស៦២៩ករណី។

Leave a Reply

Your email address will not be published. Required fields are marked *