កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រនេះករណីឆ្លងថ្មីជំងឺកូវីដ-១៩នៅប្រទេសកូរ៉េខាងត្បូងកើនលើសពី៦០០នាក់ ជាតួលេខខ្ពស់បំផុតក្នុងរយៈពេល៩ខែចុងក្រោយ បើតាមការរាយការណ៍របស់អជ្ញាធរសុខាភិបាលកូរ៉េ។
ចំនួនករណីឆ្លងថ្មីនៅថ្ងៃសុក្រនេះមានដល់៦២៩ករណី ដែលក្នុងនោះដល់ទៅ៦០០ករណីជាករណីឆ្លងក្នុងស្រុក ជាតួលេខខ្ពស់មិនធ្លាប់មានក្នុងប្រទេសកូរ៉េខាងត្បូង បើទោះបីជាវិធានការគម្លាតសង្គមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការឆ្លងថ្មីក៏ដោយ។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ KCDA ករណីឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់៣៦៣៣២ករណី។
នៅក្នុងចំនួនករណីឆ្លងដ៏ច្រើនលើសលប់គួរឱ្យព្រួយបារម្ភនេះ ទីក្រុងសេអ៊ូលបើទោះជាបានដាក់ចេញនូវវិធានការថ្មីបន្តបន្ទាប់ដើម្បីរឹតត្បិតការចម្លងមេរោគកូវីដ-១៩ ក៏បានកើនឡើងច្រើនដល់ទៅ២៩១ករណីនៃការឆ្លងគួរឱ្យកត់សម្គាល់ដែរ។ ក្នុងនោះខេត្តឃ្យ៉ុងគីដូមានករណីឆ្លងថ្មីដល់ទៅ១៥៥ករណី ខណៈទីក្រុងអ៊ីនឆន់មាន១៧ករណី។ តំបន់ទាំង៣នេះមានករណីឆ្លងសរុបដល់ទៅ៧៧%នៃចំនួនករណីឆ្លងសរុបនៅថ្ងៃសុក្រនេះ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថាទំនោរនៃការឆ្លងកូវីដ-១៩ចេញពីទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញសេអ៊ូលនៅតែបន្តកើនឡើង ហើយហាក់មិនមានសញ្ញានៃការថមថយនោះទេ បើទោះបីជាវិធានការគម្លាតសង្គមបានតម្លើងដល់កម្រិត២តាំងពីជាង១០ថ្ងៃមុនមកក៏ដោយ។ ចំណែកឯតំបន់ផ្សេងៗទៀតក្រៅពីទីក្រុងសេអ៊ូល និងខេត្តជុំវិញសេអ៊ូលមានករណីឆ្លងថ្មីចំនួន១៣៧ករណីផងដែរ
ករណីឆ្លងថ្មីដ៏គួរឱ្យបារម្ភនេះហាក់ចូលមកដល់ស្របគ្នាទៅនឹងការមកដល់នៃរដូវរងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលអជ្ញាធរកំពុងបង្ហាញពីក្តីបារម្ភចំពោះហានិភ័យនៃជំងឺកូវីដ-១៩ក្នុងរដូវរងារនេះ។ ក្នុងនោះដែរ ការប្រឡងថ្នាក់ជាតិសម្រាប់ចូលរៀនសាកលវិទ្យាល័យកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដែលមានបេក្ខជនសិស្សជាង៥០ម៉ឺននាក់ចូលរួមប្រលងទូទាំងប្រទេសនោះ ក៏អាចជាហានិភ័យនៃការឆ្លងបន្តគ្នាបន្ថែមទៀតផងដែរ។
អជ្ញាធរសុខាភិបាល និងអ្នកជំនាញព្រមានថាការឆ្លងថ្មីអាចនឹងបន្តកើនឡើងរហូតដល់ចន្លោះពី៧០០ ទៅ១០០០នាក់ក្នុងរយៈពេលមួយសប្តាហ៍ ឬពីរសប្តាហ៍ខាងមុខ បើមិនមានវិធានការណាមួយដែលមានប្រសិទ្ធភាពត្រូវបានអនុវត្តនោះទេ។ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានលើកឡើងថារដ្ឋាភិបាលកំពុងបន្តតាមដាននូវបច្ចុប្បន្នភាពនៃការឆ្លងថ្មី រហូតដល់ថ្ងៃអាទិត្យនេះទើបដាក់ចេញនូវវិធានការថ្មីបន្ទាន់ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ដែលកាន់តែចុះដុនដាបនេះ។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះអ្នកដែលបានជាសះស្បើយទាំងស្រុងពីកូវីដ-១៩មានចំនួន២៨៦៦១នាក់ ខណៈដែលអ្នកដែលបាត់បង់ជីវិតកើនដល់៥៣៦នាក់ផងដែរ។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News