អជ្ញាធរសុខាភិបាលកូរ៉េ រកឃើញថាករណីលាប់ជម្ងឺកូវីដ-១៩ ឡើងវិញ អាចជាកំហុសឆ្គងប៉ុណ្ណោះ

សេអ៊ូល៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបង្ហាញលទ្ធផលនៃការសិក្សាថ្មីមួយ ឆ្លើយតបទៅនឹងក្តីបារម្ភនៃការរកឃើញលទ្ធផលតេស្តវិជ្ជមាន ចំពោះអ្នកជម្ងឺកូវីដ-១៩ ដែលបានជាសះស្បើយទៅហើយនោះ ដែលអាចជាលទ្ធផលនៃការធ្វើតេស្ត ខុស ឬដោយសារតែវិធីសាស្រ្តនៃការធ្វើតេស្តខុសតែម្តង។

នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាការព្រួយបារម្ភចំពោះការឆ្លងម្តងទៀតចំពោះអ្នកជម្ងឺដែលបានជាសះស្បើយពីកូវីដ-១៩ រហូតដល់ជាង ៣៥០ ករណី គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ស្របពេលដែលប្រទេសកូរ៉េខាងត្បូងមានករណីព្យាបាលសះស្បើយដល់ជាង ៩ ពាន់ទៅហើយនោះ។

យ៉ាងណាមិញ ក្តីព្រួយបារម្ភនេះ ត្រូវបានបកស្រាយដោយការសិក្សាថ្មីមួយ ដែលលើកឡើងថា អាចដោយសារជាកំហុសឆ្គងនៃការធ្វើតេស្ត ឬវិធីសាស្រ្តនៃការធ្វើតេស្តប៉ុណ្ណោះ។ អ្នកជំនាញបកស្រាយថា ដោយសារមធ្យោបាយនៃការធ្វើតេស្តរបស់កូរ៉េ គឺប្រើវិធីសាស្រ្ត Reverse Transcription Polymerase Chain Reaction (RT-PCR) tests ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព តែក៏អាចនាំឱ្យគេនៅតែរកឃើញហ្សែនវីរុសចាស់ៗដែលបានព្យាបាលជាសះស្បើយ ហើយមិនប៉ះពាល់ ឬមិនឆ្លងដល់អ្នកដទៃទៀតនោះទេ។

ជាក់ស្តែង អ្នកជម្ងឺដែលបានជាសះស្បើយ ហើយដែលរកឃើញថាមានជម្ងឺវិញនោះ ត្រូវបានអជ្ញាធរសុខាភិបាលនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជម្ងឺរបស់កូរ៉េខាងត្បូង រកឃើញថាមិនមានករណីឆ្លងទៅអ្នកដទៃទៀតនោះទេ ហើយក្នុងនោះ ២៩ ករណីត្រូវបានរកឃើញថាអវិជ្ជមានវិញហើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញសុខាភិបាលនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីឆ្លងម្តងទៀតនេះ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *