លោកស្រីភរិយាទូតខ្មែរយើងរៀបចំអាហារថ្ងៃត្រង់ជាមួយម្ហូបពិសេសនំបញ្ចុកខ្មែរ ទទួលភរិយានៃអង្គទូតបរទេសជាមិត្តនៅក្នុងប្រទេសកូរ៉េ

សេអ៊ូល៖ នានិវេសនដ្ឋានរបស់ឯកអគ្គរាជទូតកម្ពុជានៅទីក្រុងសេអ៊ូល លោកស្រី ញឹម ដាវី ភរិយារបស់ឯកអគ្គរាជទូតបានរៀបចំទទួលជំនួបអាហារថ្ងៃត្រង់ជាមួយបណ្តាភរិយានៃអង្គទូតប្រទេសដទៃទៀតដែលបំពេញបេសកកម្មការទូតនៅកូរ៉េខាងត្បូង នេះបើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូត នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ។

ក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល លោកស្រីភរិយារបស់ឯកអគ្គរាជទូតកម្ពុជាបានរៀបចំនូវមុខម្ហូបយ៉ាងពិសេស ដែលក្នុងនោះរឹតតែពិសេសទៀតនោះគឺការរៀបចំម្ហូបនំបញ្ចុកខ្មែរយើងដើម្បីទទួលបណ្តាភរិយាអង្គទូតបរទេសដទៃទៀត ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងការទូត ក៏ដូចជាផ្សព្វផ្សាយអំពីម្ហូបដ៏ឆ្ងាញ់ពិសាររបស់ខ្មែរយើងដល់អង្គទូតដទៃទៀតផងដែរ។ ក្រៅពីនំបញ្ចុក ក៏មាននូវវត្តមានម្ហូប និងគ្រឿងផ្សដទៃទៀតដែលពេញនិយម និងងាយស្រួលរកចំណាំបានថាជារបស់ខ្មែរយើងដូចជាសាច់គោអាំង បាយដំណើប និងស្ករត្នោតជាដើម។

ក្រោយពីរៀបចំទទួលទានអាហារថ្ងៃត្រង់ហើយ បណ្តាភរិយាអង្គទូតក៏បានច្រៀងកំសាន្តដើម្បីបង្កើនភាពស្និទ្ធស្នាល និងមិត្តភាពរវាងគ្នាទៅវិញទៅមកផងដែរ។ បណ្តាភរិយាអង្គទូតបរទេសដែលចូលរួមមានដូចជាប្រទេសមីយ៉ាន់ម៉ា សឹង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង អាហ្សង់ទីន និងអាហ្សេបៃហ្សង់។








Leave a Reply

Your email address will not be published. Required fields are marked *