សេអ៊ូល៖ ការទិញទំនិញតាមអនឡាញហាក់ត្រូវប៉ាន់ខ្លាំងនៅកូរ៉េក្នុងឆ្នាំ២០២០នេះ បើតាមទិន្នន័យដែលបានបង្ហាញនៅថ្ងៃព្រហស្បត្តិ៍នេះ ស្របពេលដែលការឆ្លងនៃជំងឺកូវីដ-១៩បានវាយលុកយ៉ាងខ្លាំងក្នុងឆ្នាំ២០២០នេះ។
ទំហំនៃការទិញទំនិញតាមប្រព័ន្ធអនឡាញមានដល់១៤.២ទ្រីលានវ៉ុន (ប្រមាណ១២.៩ប៊ីលានដុល្លារ)គិតត្រឹមខែតុលាក្នុងឆ្នាំ២០២០នេះ ដែលកើនឡើងដល់ជាង២០%ពីទំហំត្រឹមតែជាង១១.៩ទ្រីលានវ៉ុនប៉ុណ្ណោះក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ នេះបើតាមទិន្នន័យដែលផ្តល់ដោយស្ថាប័នស្ថិតិកូរ៉េខាងត្បូង។ ក្នុងនោះ ការដឹកជញ្ជូនម្ហូបអាហារក៏ទទួលការពេញនិយមផងដែរ ដែលមានទំហំទឹកប្រាក់ដល់១.៥៦ទ្រីលានវ៉ុនក្នុងខែតុលាកន្លងទៅ ដែលកើនឡើងដល់៧១.៦%ធៀបនឹងឆ្នាំកន្លងទៅ។ រីឯការទិញទំនិញជាគ្រឿងអគ្គិសនីតាមអនឡាញកើនដល់៣៩.៦%ក្នុងខែតុលាដូចគ្នាប្រៀបទៅនឹងឆ្នា២០១៩។
ការប្រើប្រាស់មធ្យោបាយអនឡាញសម្រាប់ទិញទំនិញបានទទួលការពេញនិយមច្រើនជាងមុនដោយសារតែអ្នកទិញភាគច្រើនមានការបារម្ភចំពោះហានិភ័យនៃការចម្លងមេរោគពេលដែលធ្វើការទិញទំនិញនៅនឹងហាងផ្ទាល់ ព្រមទាំងរយៈពេលនៃការរឹតបន្តឹងនៃវិធានការគម្លាតសង្គមដែលតម្រូវឱ្យមនុស្សជាច្រើនត្រូវធ្វើការពីផ្ទះ និងធ្វើចត្តាឡីស័កជាដើមនោះ។
យ៉ាងណាមិញ ការបញ្ជាទិញតាមអនឡាញទៅលើសេវាកម្មពាក់ព័ន្ធនឹងការធ្វើដំណើរនានាបានធ្លាក់ចុះវិញរហូតដល់៥២.៦%បើប្រៀបនឹងឆ្នាំកន្លងទៅ ដោយសារតែបញ្ហាលំបាក និងបម្រាមក្នុងការធ្វើដំណើរដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ទូទាំងពិភពលោក។