បើមិនជឿកុំប្រមាថ! ១០ចំនុចសាមញ្ញៗទាំងនេះដែលយើងគួរពិចារណា ប្រសិនបើចង់ក្លាយខ្លួនជាអ្នកមានបាននឹងគេ

CamboFinance៖ ចង់ក្លាយជាអ្នកមានអត់? ទោះបីជាមានភាពខុសគ្នានៃអំនោយផលជីវភាព ឬវាសនាពីកំណើតក៏ពិតមែន តែការមានបាន នៅតែអាចសម្រេចបានអាស្រ័យលើភាពយូរនិងឆាប់ ក៏ដូចជាសមត្ថភាពនិងអំណត់ធន់ក្នុងការគ្រប់គ្រងវាសនានេះ។
មុននឹងឈានចូលដល់ចំនុចសំខាន់ សូមចាំថាពាក្យ«មាន»អាចផ្ដល់ទស្សនៈនិងនិយមន័យខុសៗគ្នាពីម្នាក់ទៅម្នាក់ ជាពិសេស គ្មានកម្រិតស្ដង់ដាឬតួរលេខណាមួយដែលអាចចាត់ទុកថាជា«អ្នកមាន»នោះទេ។ ក្រៅពីកត្តាចំណូលនិងទ្រព្យសម្បត្តិ ការមើលទៅអ្នកដទៃឬមើលមកខ្លួនឯងថា«មាន»អាចអាស្រ័យលើកត្តា៣យ៉ាងទៀតដូចជា សង្គមដែលយើងរស់នៅ វប្បធម៌ក្នុងកន្លែងដែលយើងរស់នៅ និងការប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃ។
ថ្ងៃនេះ CamboFinance លើកយក១០ចំនុចដែលអ្នកគួរធ្វើដើម្បីចេញដំណើរទៅកាន់ភាពមានបាន៖

១. រៀបចំគោលដៅ
គោលដៅគឺសំខាន់ណាស់សម្រាប់ជីវិត ដែលជាផ្លូវជាសញ្ញាណែនាំរេចង្កូតយើងឲ្យធ្វើអ្វីមួយ។ សម្រាប់បរិបទហិរញ្ញវត្ថុវិញ គោលដៅរយៈពេលខ្លីអាចជា ការដាក់ចិត្តធ្វើយ៉ាងម៉េចឲ្យសល់លុយចាយ៥ដុល្លារមកផ្ទះវិញ រីឯគោលដៅរយៈពេលវែងវិញអាចជា ការទិញផ្ទះ១ល្វែងសម្រាប់គ្រួសារតូចមួយ។ ការសម្រេចជោគជ័យគោលដៅតូចៗនេះនឹងជួយជម្រុញលើកទឹកចិត្តអ្នកឲ្យបន្តសម្រេចគោលដៅធំដែលឈរចាំអ្នកនៅខាងមុខ ដូចនេះ នៅពេលខ្សែរជីវិតយើងមានរៀបចំជាគោលដៅបែបនេះ យើងនឹងកាន់តែយល់ច្បាស់ពីសកម្មភាពខ្លួនឯងកំពុងធ្វើ ក៏ដូចជាការត្រៀមខ្លួនដូចម្ដេចខ្លះសម្រាប់សម្រេចគោលដៅទាំងនោះ។

២. បង្កើតប្រាក់ចំណូល
ចង់មានលុះត្រាតែមានចំណូល ហើយចំណូលមិនមែនធ្លាក់មកពីមេឃមកឲ្យយើងរើសនោះទេ យើងត្រូវចេះបង្កើតចំណូលដោយខ្លួនឯង។ ហើយចំណូលនេះទៀតសោតអាចរកបានតាមរយៈមធ្យោបាយជាច្រើន ដូចជាការធ្វើការ ការធ្វើអាជីវកម្ម អាជីវកម្មអនឡាញ ការងារក្រៅម៉ោង ល ឲ្យតែជាការងារសុច្ចរិតទៀងត្រង់។

៣. សន្សំ
មានចំណូលបើគ្មានគំនិតរៀបចំសន្សំទុកដាក់ក៏មិនអាចនាំអ្នកក្លាយជាអ្នកមានដែរ។ រៀនចាយតិចនិងសន្សំច្រើន
ហើយអ្នកអាចជ្រើសរើសវិធីសាស្រ្តសន្សំបែបណាដែលខ្លួនគិតថាមានប្រសិទ្ធភាពតាមលទ្ធភាពខ្លួន ឬអ្នកអាចឆែកមើលអត្ថបទមុនៗទាក់ទងនឹងវិធីសន្សំដែលCamboFinance បានលើកយកមកបង្ហាញជារឿយៗបាន។

៤. បង្កើនប្រភពចំណូល
ការមានប្រាក់ចំណូលតែមួយអាចឲ្យយើងស្ថិតក្នុងតំបន់ស្ថេរភាព ប៉ុន្តែបើយើងចង់ឈានជើងឡើងកម្រិតមួយទៀត អ្នកត្រូវចេះបង្កើនប្រភពចំណូល។ ប្រភពចំនូលអាចជា មានការងារពីរឬបីតាមអំនោយផលពេលវេលានិងសមត្ថភាព ឬអាចមានមុខរបរអាជីវកម្មក្រៅពីធ្វើការ ឬការងារដែលផ្ដល់ចំណូលអកម្ម ។ ក្នុងចំនុចនេះ យើងក៏គួរគិតគូរលើការវិនិយោគផងដែរ ដូចជាការធ្វើពិពិធកម្មលើការវិនិយោគ (Diversified Investment) ប្រកបដោយការត្រឹះរិះ ទើបទុនដែលយើងវិនិយោគអាចបណ្ដុះជាផ្លែជាផ្កា។ អិចឹង កុំនៅសំងំផ្អែកលើប្រភពចំណូលតែមួយ បើមានលទ្ធភាព ចូរស្វះស្វែងរកប្រភពប្រាក់បន្ថែម។

៥. ពង្រីកចំណេះដឹង
ចំណេះដឹងជាផ្លូវក្រាលឲ្យយើងឈានចាប់យកជំនាញ ឱកាស សម្រាប់ពង្រីកសក្ដានុពលរបស់ខ្លួន។ ចំណេះដឹងនៅមានជុំវិញយើង។ បន្តរៀន បន្តអានសៀវភៅឲ្យបានច្រើន រៀនស្វែងរកអត្ថបទចំនេះ មើលវីដេអូអប់រំ ដើម្បីក្រេបជញ្ជក់ចំណេះដឹងមកពង្រីកនូវអ្វីដែលខ្លួនមាន។

៦. ពង្រីកទំនាក់ទំនង
ក្នុងសម័យនេះ ទំនាក់ទំនងពិតជាសំខាន់ណាស់។ ទំនាក់ទំនងជាចំណងដែលតភា្ជប់យើងទៅរកបទពិសោធន៍ចំនេះដឹងថ្មីៗបន្ថែមទៀតដែលអ្នកអាចពិចារណាយកមករៀនបន្ដ។ ដូចនេះរៀនស្គាល់មនុស្សដែល អាចធ្វើជាគំរូដល់យើងនិងមិនកំណាញ់ក្នុងការចែករំលែកចំណេះ។ មួយវិញទៀត កុំភ្លេចប្រើប្រាស់ទំនាក់ទំនងនេះឲ្យមានប្រសិទ្ធភាពគឺថាបើឆ្ងល់ហ៊ានសួរអ្នកដទៃ។

៧. រក្សាសុខភាព
សុខភាពពិតជាចាំបាច់ណាស់ ទាំងសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយ។ គុណភាពជីវិតគ្មានសម្រាប់ដាក់លក់ទេ។ មានសុខភាពល្អទើបអាចឲ្យអ្នកអាចមានគំនិតមានកំលាំងក្នុងការស្វែងរកសន្សំទុកដាក់ទ្រព្យសម្បត្តិ។ សូមកុំលះបង់ពេលវេលានិងសុខភាពមកផ្ដោតតែលើការស្វះស្វែងរកទ្រព្យ ពីព្រោះនាពេលអនាគតអ្នកអាចយកពេលដែលអ្នកសល់មកមើលជំងឺជាជាងរីករាយជាមួយនឹងទ្រព្យដែលអ្នកមាន។ ចូររក្សាសុខភាពឲ្យបានល្អ ទាំងសុខភាពផ្លូវចិត្ត បន្ធូរអារម្មណ៍ គិតតែពីរឿងវិជ្ជមាន នោះអ្នកនឹងអាចពង្រឹងស្មារតីប្រាជ្ញាដើម្បីធ្វើដំណើរក្នុងការស្វះស្វែងសន្សំទ្រព្យតទៅទៀត។

៨. គ្រប់គ្រងពេលវេលា
ពេលវេលាជាមាសប្រាក់។ ពេលវេលាដែលយើងទាំងអស់គ្នាមានសុទ្ធតែ២៤ម៉ោងក្នុងមួយថ្ងៃដូចៗគ្នា ចុះហេតុអីយើងមិនយកពេលវេលាទាំងនេះមកប្រើប្រាស់ឲ្យមានប្រយោជន៍។ ដូចនេះហើយបានការគ្រប់គ្រងពេលវេលាសំខាន់ណាស់ក្នុងការពិនិត្យវាយតម្លៃលើកិច្ចការដែលយើងត្រូវធ្វើ ហើយរៀបចំថាតើកិច្ចការណាសំខាន់ដែលត្រូវតែបញ្ចប់សម្រាប់បំពេញគោលដៅ រីឯកិច្ចការណាមិនសូវសំខាន់អាចលើកទៅពេលក្រោយ។ ការចេះគ្រប់គ្រងពេលវេលាអាចឲ្យយើងចេះលៃលកថ្លឹងថ្លែងសារសំខាន់នៃកិច្ចការនីមួយៗដើម្បីអាចបង្កើនផលិតភាពនិងឲ្យយើងប្រើប្រាស់ពេលវេលាដែលយើងមានដោយប្រសិទ្ធភាពនិងស័ក្តសិទ្ធភាព។

៩. ស្វែងរកឬសគល់ហេតុអ្វីបានយើងមិនមាន
ចាយច្រើនពេក? មិនចេះរៀបចំលុយបាត់រហូត? មិនដឹងថាគួរធ្វើការរកស៊ីអ្វី? ខ្វះចំណេះ? តើអ្វីទៅជាដើមចមដែលអ្នកមិនមានដូចគេ? បើចំនុចអវិជ្ជមានទាំងនេះនៅតែបន្ដចាក់ឬសជ្រួតជ្រាប អ្នកប្រាកដជាមិនអាចបំពេញគោលដៅថវិការរបស់ខ្លួនបានឡើយ ដូចនេះត្រូវជីកកកាយស្វែងរកមូលហេតុដែលបង្អាក់ដល់ការរីកចម្រើនរបស់អ្នក ដោយរៀនយល់វិភាគលើខ្លួនឯង ឬតាមវិធីSWOT ហើយរៀនស្វែងរកមធ្យោបាយមកអភិវឌ្ឍចំនុចខ្សោយនោះ។

១០.ផ្លាស់ប្ដូរទស្សនៈនិងផ្នត់គំនិត
បញ្ឈប់ផ្នត់គំនិតមិនហ៊ានឈានចេញពីComfort zone ដើម្បីស្វែងរកជីវិតប្រសើរជាងមុន ដោយសារមិនហ៊ានប្រឈមនឹងបញ្ហានានា ខ្លាចភាពបរាជ័យ អង្គុយអន់ចិត្តនឹងវាសនា ដែលទាំងអស់នេះនឹងធ្វើឱ្យអ្នកប្រកាន់ខ្ជាប់នូវផ្នត់គំនិតនិងរបៀបរស់នៅបែបនេះតទៅទៀតដោយបាំងបិតឱកាសរីកចម្រើន។ ផ្ទុយទៅវិញ កែប្រែទស្សនៈអ្នកមកផ្ដោតលើអ្វីដែលខ្លួនមាន រៀនទទួលយកការពិត រៀនទទួលស្គាល់ការបរាជ័យ និងផ្តោតតែលើគោលដៅនៅចំពោះមុខ អ្នកអាចឈានចាប់យកឱកាសល្អជាច្រើនសម្រាប់គោលដៅរបស់អ្នក។

ជារួម ការមានបានអាចកើតឡើងតាមរយៈការដាក់គោលដៅជាក់លាក់ ព្រមទាំងការគ្រប់គ្រងពេលវេលានិងហិរញ្ញវត្ថុខ្លួនឲ្យបានល្អ ក៏ភ្ជាប់មកជាមួយនឹងការពង្រីកចំណេះដឹងនិងទំនាក់ទំនងសង្គម។ សុខភាពពេលវេលានិងផ្នត់គំនិតក៏ជាកំលាំងចលករដ៏សំខាន់ដែរ។ និយាយអាចស្រួលជាងការធ្វើសកម្មភាព ពីព្រោះជាក់ស្ដែងស្របពេលដែលកំពុងវាយអត្ថបទនេះ ខ្ញុំនៅមិនទាន់ក្លាយជាអ្នកមាននៅឡើយទេ។ ប៉ុន្តែជាមួយនឹងបរិបទខុសៗគ្នា ចំនុចទាំងនេះអាចឲ្យគោលដៅអ្នកក្លាយជារូបរាងអាស្រ័យលើ«ការអត់ធ្មត់»ដូចនេះប្រឹងប្រែងរៀនបង្កើតទម្លាប់ល្អបន្តិចម្ដងៗ នោះអ្នកនឹងអាចសម្រេចបានជាក់ជាមិនខាន។ បើមិនជឿសូមកុំប្រមាថ!

ខ្លឹមសារទាំងស្រុងពី៖ CamboFinance

Leave a Reply

Your email address will not be published. Required fields are marked *