សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េប្រកាសនឹងរៀបចំវិធានការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនប់ទឹក និងដងទន្លេនានាដើម្បីត្រៀមខ្លួនទប់ស្កាត់ផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងគ្រោះធម្មជាតិដទៃទៀតដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុនាពេលខាងមុខ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េនាព្រឹកថ្ងៃពុធម្សិលមិញនេះ។
នៅក្នុងគម្រោងការកែលម្អនេះ រដ្ឋាភិបាលនឹងធ្វើការកែលម្អរាល់ទំនប់ទឹកធំៗ និងដងទន្លេធ្វើយ៉ាងណាអាចឆ្លើយតបទៅនឹងការជន់លិចពីជំនន់ទឹកភ្លៀង និងគ្រោះធម្មជាតិដទៃទៀត។ គម្រោងនេះមានមហិច្ឆិតាត្រៀមទុកសម្រាប់កម្រិតភ្លៀងធ្លាក់ខ្លាំងបំផុតដែលអាចមានប្រសិទ្ធភាពទប់ស្កាត់បានក្នុងអំឡុងពេលដល់ជាង៥០០ឆ្នាំឯណោះ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ។
កាលពីពេលមុនៗ គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាមានប្រសិទ្ធភាពគ្រោងសម្រាប់ការពារទឹកជំនន់ត្រឹមតែរយៈពេលខ្លី អាចពីចន្លោះ១០០ ទៅ២០០ឆ្នាំប៉ុណ្ណោះ។ ក្រសួងបាននិយាយថាដោយសារតែការអង្កេតឃើញផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុដែលនាំឱ្យគ្រោះទឹកជំនន់ ភ្លៀងធ្លាក់ និងគ្រោះធម្មជាតិដទៃទៀតកើតឡើងកាន់តែញឹកញាប់ក្នុងពេបច្ចុប្បន្ន និងក្នុងពេលអនាគតទៅខាងមុខនោះ រដ្ឋាភិបាលនឹងធ្វើការកែលម្អថ្មីដើម្បីត្រៀមទៅនឹងតថភាពជាក់ស្តែងនៃស្ថានភាពធម្មជាតិជាក់ស្តែងនាពេលបច្ចុប្បន្ន និងពេលអនាគតទៅមុខ។
ក្នុងនោះ ការកែលម្អរាប់បញ្ចូលទាំងការបង្កើនចំណុចព្រមានសម្រាប់ទឹកជំនន់នៅទូទាំងប្រទេសរហូតដល់២១៨ទីតាំងត្រឹមឆ្នាំ២០២៥ខាងមុខ និងតម្លើងប្រព័ន្ធរ៉ាដាខ្នាតតូចសម្រាប់ព្យាករណ៍កម្រិតទឹកភ្លៀងចំនួន៧បន្ថែមទៀតជាពិសេសនៅតាមតំបន់តូចៗ។ លើសពីនោះទៀត អ្នកជំនាញគ្រោងនឹងបង្កើនសមត្ថភាពគ្រប់គ្រងទឹកជំនន់សម្រាប់ទំនប់ទឹកនានាឱ្យបានលើសមុនដល់៣ដងឯណោះ។ ក្រៅពីការបង្កើនសមត្ថភាព រដ្ឋាភិបាលក៏បានពង្រឹងទៅលើប្រព័ន្ធឧបត្ថម្ភសម្រាប់ជនរងគ្រោះក្នុងព្រឹត្តិការណ៍គ្រោះធម្មជាតិនានាផងដែរ ដោយតម្លើងទ្វេដងសម្រាប់អ្នកបាត់បង់ជីវិតដល់ទឹកប្រាក់ចំនួន ២០លានវ៉ុន (ប្រមាណ១៨២០០ដុល្លារ)។
សូមបញ្ជាក់ថាឥទ្ធិពលដ៏អាក្រក់នៃជំនន់ទឹកភ្លៀងដ៏ធំសម្បើម និងការវាយប្រហារផ្ទួនៗពីសំណាក់ព្យុះទីហ្វុងជាច្រើននៅក្នុងឆ្នាំ២០២០ បញ្ជាក់ថាដល់ពេលហើយដែលកូរ៉េខាងត្បូងត្រូវធ្វើកែលម្អ និងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីឥទ្ធិពលធម្មជាតិ។