សេអ៊ូល៖ នៅថ្ងៃពុធនេះ រដ្ឋសភាជាតិកូរ៉េខាងត្បូងអនុម័តថវិកាជាតិប្រចាំឆ្នាំ២០២១ក្នុងកញ្ចប់ទឹកប្រាក់៥៥៨ទ្រីលានវ៉ុន (ប្រមាណ៥០៦ប៊ីលានដុល្លារ) ដែលក្នុងនោះប្រមាណជាង៤ទ្រីលានវ៉ុនត្រូវបានប្រើសម្រាប់ចំណាយលើការទិញវ៉ាក់សាំងកូវីដ-១៩។
ក្នុងសម័យប្រជុំពេញអង្គសភាកូរ៉េខាងត្បូងនៅថ្ងៃនេះ ទឹកប្រាក់សម្រាប់ចាយក្នុងឆ្នាំ២០២១ត្រូវបានដាក់ឱ្យបោះឆ្នោតដោយទទួលបានសម្លេងគាំទ្រលើសលប់ដល់២៤៩ ទល់នឹងសម្លេងប្រឆាំងត្រឹមតែ២៦សម្លេងប៉ុណ្ណោះ ជាលើកដំបូងដែលកញ្ចប់ថវិកាជាតិត្រូវបានបោះឆ្នោតយល់ព្រមក្នុងសភាមុនថ្ងៃកំណត់ (ថ្ងៃទី២ ខែធ្នូ) តាំងពីឆ្នាំ២០១៤មក ដោយសារតែការជំទាស់ពីសម្លេងប្រឆាំងក្នុងរដ្ឋសភា។
កញ្ចប់ថវិកាឆ្នាំនេះដល់ជាង៥៥៨ទ្រីលានវ៉ុននឹងត្រូវប្រើប្រាស់ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិកូរ៉េខាងត្បូងឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩បានវាយលុកអស់ពេញមួយឆ្នាំ២០២០មកនេះ។ កញ្ចប់ទឹកប្រាក់នេះគឺច្រើនជាងថវិកាជាតិកាលពីឆ្នាំកន្លងទៅដែលសភាជាតិបានអនុម័ត ដែលកើនឡើងប្រមាណ៨.៩%ពីកញ្ចប់ថវិកាជាតិឆ្នាំ២០២០ដែលមានត្រឹមតែ៥១២.៣ទ្រីលានវ៉ុនប៉ុណ្ណោះ។
ក្នុងនោះរដ្ឋាភិបាលក៏នឹងត្រៀមទឹកប្រាក់ដល់៧០ទ្រីលានវ៉ុនក្នុងឆ្នាំ២០២១នេះសម្រាប់ការផ្តល់ជូននូវថវិកាបន្ថែមចំនួន៤ជុំជួយដល់ប្រជាជនកូរ៉េក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ផងដែរ។