នាយករដ្ឋមន្ត្រីកូរ៉េ៖ ចំនួនអ្នកជាប់ចត្តាឡីស័កនៅកូរ៉េកើនដល់ជាង៧ម៉ឺននាក់ហើយ ខណៈដែលករណីកូវីដ-១៩ថ្មីនៅតែបន្តកើនឡើង

សេអ៊ូល៖ ចំនួនអ្នកកំពុងជាប់ខ្លួនធ្វើចត្តាឡីស័កនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងថ្ងៃពុធទី២ ខែធ្នូនេះកើនដល់ចំនួន៧ម៉ឺននាក់ ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមការងារឆ្លើយតបទៅនឹងស្ថានភាពជំងឺឆ្លងថា ខណៈការឆ្លងនៅបន្តកើតមានសឹងតែគ្រប់ទីកន្លែងក្នុងប្រទេសកូរ៉េខាងត្បូងនោះ ចំនួនអ្នកដែលជាប់ខ្លួនធ្វើចត្តាឡីស័កក៏បានកើនឡើងខ្លាំងរហូតដល់ចំនួនជាង៧ម៉ឺននាក់ហើយ។ ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ នឹងជាពេលវេលាដ៏សំខាន់ និងគួរ​ឱ្យព្រួយបារម្ភក្នុងការកំណត់ថាតើវិធានការគ្រប់គ្រងមេរោគកូវីដ-១៩ដែលបានដាក់ឱ្យអនុវត្តកន្លងមកមានប្រសិទ្ធភាពឬអត់។

លោកនាយករដ្ឋមន្ត្រីបានបន្តអំពាវនាវសាធារណជនឱ្យប្រកាន់ខ្ជាប់ឱ្យបានតឹងរ៉ឹងបំផុតលើវិធានការគម្លាតសង្គម ដោយបញ្ជាក់ថាវិធានការដែលអនុវត្តពីសំណាក់រដ្ឋាភិបាលតែម្ខាងមិនមានប្រសិទ្ធភាពនោះទេ គឹអ្នកទាំងអស់គ្នាត្រូវតែចូលរួមឱ្យបានម៉ត់ចត់ទាំងអស់គ្នា។

ក្នុងនោះដែរ លោកក៏បានស្នើសុំឱ្យអជ្ញាធរ និងរាល់ភាគីពាក់ព័ន្ធលើការត្រៀមប្រឡងអាហារូបករណ៍ចូលសាកលវិទ្យាល័យនាថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ដែលមានសិស្សចូលរួមប្រឡងប្រមាណជាង៤៩ម៉ឺននាក់ទូទាំងប្រទេស រួមមានទាំងសិស្សដែលជាអ្នកជំងឺកូវីដ-១៩ចំនួន២១នាក់ និងអ្នកដែលត្រូវធ្ចើចត្តាឡីស័កដល់១៤៤នាក់ផងដែរ ត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការចាំបាច់នានាឱ្យបានម៉ត់ចត់ផងដែរ។

សូមបញ្ជាក់ថានៅថ្ងៃពុធនេះ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩មានដល់៥១១នាក់ ដែលចំនួនអ្នកកើតកូវីដ-១៩សរុបកើនដល់៣៥១៦៣នាក់ហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈអ្នកដែលបានជាសះស្បើយមានដល់២៨០៦៥ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *